ភ្នំពេញ ៖ បើគិតក្នុងឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨នេះ ប្រទេសកម្ពុជា ប្រមូលទិន្នផលស្រូវទាំងរដូវវស្សា និងរដូវប្រាំងបានជាង១០លានតោន ដែលចំនួននេះ បានធ្វើអោយកម្ពុជាមានអតិរេកស្រូវប្រមាណ៥លាន៦សែនតោន ស្មើនឹងអង្ករ៣លាន៥សែន៦ម៉ឺនតោន។
នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ពិតមែនតែអាកាសធាតុ មានការប្រែប្រួលខ្លះក៏ដោយ ប៉ុន្តែជារួមស្ថានភាពអាកាសធាតុ បានអំណោយផលច្រើន ដល់ការរីកលូតលាស់ផលដំណាំ ផលត្រី និងធនធានជីវចម្រុះផ្សេងទៀត ។ ក្នុងនោះ កម្ពុជាសម្រេចបានផ្ទៃដីដាំដុះដំណាំស្រូវ ជាង៣លាន២សែនហិកតា ដែលកើនប្រមាណ ២.៨% ធៀបនឹងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលើកទិសដៅឆ្នាំ២០១៨-២០១៩។
លោក វេង សាខុន បានបង្ហាញថា លើផ្ទៃដីប្រមូលផលប្រមាណ៣លាន២សែនហិកតានេះ ក្នុងនោះស្រូវវស្សាមាន ២លាន៦៤ម៉ឺនហិកតា និងស្រូវរដូវប្រាំងមាន៥៥ម៉ឺនហិកតា។ ចំពោះទិន្នផលស្រូវ គិតជាមធ្យមទាំងប្រាំង និងវស្សា បានកើនដល់ ៣ពាន់២៩៥តោនក្នុងមួយហិកតា។
បើគិតលើតែទិន្នផលស្រូវវស្សាទទួលបានប្រមាណ ៣ពាន់៥២តោនក្នុងមួយហិកតា ចំណែកទិន្នផលស្រូវរដូវប្រាំងទទួលបាន ជាង៤តោនកន្លះក្នុងមួយហិកតា។ ដូចនេះ ក្នុងឆ្នាំ២០១៧ បរិមាណផលស្រូវវស្សា ទទួលបាន ចំនួនជាង៨លាន៦សែនតោន និងបរិមាណផលស្រូវរដូវប្រាំង ទទួលបាន២លាន៤៥ម៉ឺនតោន។ ដូចនេះ បរិមាណផលស្រូវសរុបទាំងប្រាំង និងវស្សា ដែលកម្ពុជាប្រមូលបាន ក្នុងឆ្នាំ២០១៧ កើនឡើង ដល់ជាង១០លាន៥សែនតោន ពោលគឺកើនប្រហែល៥.៦% ធៀបនឹងឆ្នាំ២០១៦។ ទិន្នផលនេះធ្វើឲ្យកម្ពជាមានអតិរេកស្រូវ រឺនៅសល់ស្រូវលើសតម្រូវការ ជាង ៥លាន៦សែន តោន គិតជាអង្ករស្មើនឹង៣លាន៥៦ម៉ឺនតោន គឺកើនប្រមាណ៨.៦%ធៀបនឹងឆ្នាំ២០១៦។
សូមបញ្ជាក់ថា បរិមាណអង្ករសរុបដែលកម្ពុជាបាននាំចេញក្នុងឆ្នាំ២០១៧ ក្នុងក្របខណ្ឌនៃច្រកចេញចូលតែមួយ មានចំនួន ៦៣ម៉ឺន៥ពាន់៦៩៧តោន កើនឡើង១៧.៣% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះ ប្រភេទអង្ករក្រអូបមានចំនួន៦១.៧%! អង្ករស គ្រប់ប្រភេទមានចំនួន ២៤.៦% និងអង្ករចំហុយ មានចំនួន ១៣.៤% ។ ក្រុមហ៊ុននាំអង្ករកម្ពុជាចេញ មានចំនួន៨៤ក្រុមហ៊ុន ដោយនាំចេញទៅកាន់ទិសដៅ៦៣ប្រទេស នៅលើសាកលលោក ៕