លោក កឹម សុខា ប្រកាស​ចូលទៅ​ឆ្លើយបំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2015 ក+ ក-

ភ្នំពេញ៖​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រកាសថា លោក​នឹង​ចូលទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច​ការគ្រោងទុក​។​

​នៅមុន​៣​ថ្ងៃ​នៃ​ការចូល​បំភ្លឺ​របស់​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នេះ មាន​ខ្សែអាត់​វីដេអូ​មួយ ដែល​ផលិត​ដោយ​រដ្ឋាភិបាល បាន​ចាក់ផ្សាយ​យ៉ាង​ខ្ទរខ្ទារ តាមរយៈ​ទូរទស្សន៍​ក្នុងស្រុក​។ មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្លែងថា គោលបំណង​នៃ​ការចាក់ផ្សាយ​នេះ គឺ​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ចំពោះ​បទ​ចោទ​ប្រឆាំង​មន្ត្រីជាន់ខ្ពស់​នៃ គណបក្ស​សង្គ្រោះ​ជាតិ​។​

ប្រហែលជា​លោក កឹម សុខា ខ្លួនឯង​យល់ថា មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់ របស់​តុលាការ​ហើយ​មើលទៅ បានជា​លោក​ចិត្តសឿង​ហ៊ាន​ប្រថុយ​ចូល​តុលាការ ដោយ​មិនចាំបាច់​គិតគូរ​ពី​ការចាប់ខ្លួន ថែមទាំង​ខ្លួន​លោក​ផ្ទាល់​កំពុងមាន​អភ័យឯកសិទ្ធិ​ដែលមាន​ធានា​ដោយ ច្បាប់​នៅឡើយ​ផង​។​

នៅក្នុង​គណនេយ្យ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) របស់លោក​ផ្ទាល់ ដែល​បាន​ចុះផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​៧ មីនា លោក កឹម សុខា បញ្ជាក់​ជំហរ​ថា លោក​នឹង​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​៨ មេសា​។​

ការចូល​បំភ្លឺ​ជាថ្មីទៀត​របស់លោក កឹម សុខា នៅពេលនេះ គឺជា​ការឆ្លើយតប​តាម​ដីកា​របស់​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី ភ្នំពេញ លោក លី សុ​ផា​ណា ដែល​បានចេញ​ដីកាកោះ កាលពី​ថ្ងៃទី​២៧ ខែមីនា កន្លងទៅនេះ​។​

​លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់លោក កឹម សុខា ថ្លែងថា ការចូល​បំភ្លឺ​របស់​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​នេះ មិនដឹង​ជា​ឋានៈ​ជា​អនុប្រធាន​បក្ស ឬ​ក្នុងនាម​ជា​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ទេ ព្រោះ​ដីកា​មិនបាន​បញ្ជាក់​ពី​តួនាទី​អ្វី​ឡើយ​។​

យ៉ាងណា​ក្រុមអ្នកច្បាប់​យល់ឃើញថា បើទោះជា​លោក កឹម សុខា ចូល​បំភ្លឺ​ក្ដី បើ​ផ្អែក​តាម​គោលការណ៍​ច្បាប់​អនុប្រធាន​គណបក្ស​នេះ នឹង​ពុំមាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ណាមួយ​ដែល​អាចឈាន​ទៅដល់​ការ​ចោទ ប្រកាន់ និង​ចាប់ឃុំខ្លួន​ទេ​។ បើទោះជា​បែបណា គេ​សង្កេតឃើញថា តុលាការ​តែង​ចាត់​វិធាន​ភ្លាមៗ ប្រសិនបើ​មានប្រតិកម្ម​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ មាន​សំណុំរឿង​មួយចំនួន​ត្រូវបាន​តុលាការ​រៀបចំ​បាន​យ៉ាង​ឆាប់រហ័ស ដូចជា​សំណុំរឿង​លោក ឧកញ៉ា ថោង សារ៉ាត់ ជាដើម រហូត​ធ្វើ​ឲ្យ​របូត​កៅអី​របស់លោក អាំង មាលតី ប្រធាន​តុលាការក្រុង​ថែម​ទៀតផង​។​

​លោក ហុង គឹម​សួន មេធាវី​ការពារ​ក្ដី​របស់​អង្គការ​ក្រុម​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា យល់ឃើញថា តុលាការ​នឹងមិន​អាច​ចោទប្រកាន់​ប្រឆាំង​លើ​លោក កឹម សុខា បានទេ ព្រោះ​ការកំណត់​ធាតុ​ផ្សំ​នៃ​បទល្មើស​ដែល​អាច​ឈានដល់​ការចោទប្រកាន់​ទៅ បាន លុះត្រាតែ​អ្នកប្រព្រឹត្ត​បទល្មើស​បានរៀបចំ​គ្រប់គ្រាន់ និង​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ជាពិសេស ថែមទាំង​រកឃើញ​នៃ​វត្ថុតាង​ទៀតផង ប៉ុន្តែ​គ្រាន់តែ​សម្ដី​វា​ពុំមាន​ទៅជា​បទល្មើស​បានទេ​។ លោក​បន្តថា «​ធាតុ ផ្សំ​នៃ​បទល្មើស​បើ​ពាក្យ​ថា​ផ្ដួលរំលំ​រដ្ឋាភិបាល​មួយ វា​ត្រូវ​មានការ​បង្កើតជា​ទ័ព ឬ​ជា​កម្លាំង ឬក៏​ជា​រចនាសម្ព័ន្ធ​គ្រោងទុក​។ គេ​ហៅថា​វិធានការ​ទាំងឡាយ​ទាំង​ប្រដាប់អាវុធ មិន​ប្រដាប់អាវុធ​។ គ្រប់​ស្ថាប័ន ហើយ​ដែល​ប៉ុនប៉ង​ថា​នឹង​ផ្ដួលរំលំ​រដ្ឋាភិបាល អាហ្នឹង​ទើប​ចោទប្រកាន់​អំពី​បទ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​»​។​

​បើទោះជា​បែបណា ការចូល​បំភ្លឺ​ជាថ្មី​ម្ដងទៀត​នៅពេលនេះ​របស់លោក កឹម សុខា ធ្វើឡើង​មុន ៣​ថ្ងៃ នៃ​ខ្សែអាត់​វីដេអូ រយៈពេល​ជិត ៣០​នាទី​មួយ ដែល​ត្រូវបាន​គេ​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន កាលពី​ថ្ងៃ​៥ មេសា​។ រូបភាព​ដែល​ស្រង់​សម្ដី​ឡើងវិញ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​នយោបាយ​នៅ​សហរដ្ឋអាមេរិក អំពី​រឿង​ផ្លាស់ប្ដូរ​មិនបាន​សម្រេច​នោះ ក៏មាន​ចាក់​រូបភាព​អមដោយ​យុទ្ធនាការ​ធ្វើបាតុកម្ម​ក្រោយពេល​បោះឆ្នោត ឆ្នាំ​២០១៣ ផងដែរ​។​

​លោក ទិ​ត សុធា មន្ត្រី​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឲ្យ​ដឹងថា មូល​ហេតុដែល​រដ្ឋាភិបាល​ព្យាយាម​ដាក់បន្ទុក​ប្រឆាំង​លោក កឹម សុខា តែ​ម្នាក់​គត់​នៅពេលនេះ គឺ​ដោយ​ផ្អែកលើ​សកម្មភាព និង​សម្ដី​ចុងក្រោយ​របស់លោក កឹម សុខា ដែល​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​ចលនា នៃ​កម្លាំង​បាតុកម្ម​មហាជន​។ លើសពីនេះ លោក កឹម សុខា ពុំដែល​បាន​គោរព​កិច្ចព្រមព្រៀង ថ្ងៃ​២២ កក្កដា ឆ្នាំ​២០១៤ ម្ដងណា​ទេ ដែល​គណបក្សនយោបាយ​ទាំងពីរ​ទាមទារ​ចង់​ឲ្យ​មាន​វប្បធម៌​សន្ទនា​នោះ​។ លោក​បន្តថា «​ឯកឧត្ដម កឹម សុខា ខ្លួន​គាត់ គាត់​បាន​ដឹកនាំ​ហ្វូង​បាតុករ​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​។ គាត់​បាន​ស្រែក​ទៅទៀត​ថា ហ៊ុន សែន អើយ​ចុះ​ចេញទៅ ចេញពី​បបូរមាត់​របស់គាត់​ផ្ទាល់ ហើយ​គាត់​បាន​និយាយទៀតថា បានដាក់​ជណ្ដើរ​ឲ្យ​ចុះ បើ​មិន​ចុះ​ទេ​រុញ​សព្វគ្រប់​អី​បែបយ៉ាង​។ អ៊ីចឹង​នេះ​គឺជា​ចេតនា​ផ្ដួលរំលំ​ពិតប្រាកដ​ដែល​មិនអាច​ប្រកែក​បានទេ​»​។​

​យ៉ាងណា លោក នី ចរិយា មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) យល់ឃើញថា ការព្យាយាម​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​ទម្លាក់កំហុស​លើ​លោក កឹម សុខា នៅពេលនេះ ទំនងជា​ចង់​បំបែក​កម្លាំង​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាជាង​ហេតុផល​នៃ​បទល្មើស​។​លោក​បន្ថែមថា បើ​ពិនិត្យ​លើ​សំណុំ​រឿងនេះ គឺ​គេ​រក​មិនឃើញ​ធាតុ​ផ្សំ​ណាមួយ​នៃ​បទល្មើស​ដែល​អាចឈាន​ទៅដល់​ការ​ចោទ ប្រកាន់ ឬ​ចាប់ខ្លួន​ឡើយ​។ លោក​ថា លើកលែងតែ​តុលាការ​ធ្វើការ​ដោយមាន​ទំនោរ​នយោបាយ ឬ​សម្ពាធ​ពី​មេដឹកនាំ​ណាមួយ ទើប​អាច​ចោទប្រកាន់ ឬ​ឃុំខ្លួន​ទៅរួច​។ លោក​បន្តថា «​គ្រាន់តែ​និយាយ​ពី​រឿង​ការផ្លាស់ប្ដូរ​។ រឿង​ការផ្លាស់ប្ដូរ​រឿង​ធម្មតា​ទេ រឿង​ពាក្យ​ហ្នឹង​នោះ មិនមែនជា​ពាក្យ​ដែល​គេ​ហាម​នៅក្នុង​ក្រមព្រហ្មទណ្ឌ ឬក៏​ជា​ពាក្យ​ដែល​គេ​ចាត់ទុកថា​ជា​បទល្មើស ដែលមាន​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ទេ​។ អ៊ីចឹង​មិនអាច​យកមក​ធ្វើជា​ធាតុ​ផ្សំ​ក្នុងការ​ចោទប្រកាន់ លោក កឹម សុខា បានទេ​»​។​

​ចាប់ពី​ម៉ោង ៨​ព្រឹក​ថ្ងៃទី​៨ មេសា លោក កឹម សុខា នឹង​ចូល​ឆ្លើយបំភ្លឺ​ជាថ្មីទៀត តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា​។ ទាំង​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក រ៉ុង ឈុន សុទ្ធតែ​បាន​ចូល​ឆ្លើយបំភ្លឺ​ម្តង​រួចមកហើយ កាលពីដើមឆ្នាំ​២០១៤ នៅ​តុលាការ​ក្រុងភ្នំពេញ​។ សំណុំរឿង​កាលណោះ គឺពាក់ព័ន្ធ​នឹង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​បោះឆ្នោត​សកល​រួច​៕rfa/CNRP-Kem-Sokha22​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ