ភ្នំពេញ ៖ ខណៈដែលវិស័យកសិកម្ម កំពុងចូលរូមចំណែកប្រមាណ២៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាកំពុងជំរុញការនាំចេញផលិតផលកែច្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុប នាឆ្នាំ២០២៥។
តាមការលើកឡើងរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ បង្ហាញថា វិស័យកសិកម្ម បានចូលរួមចំណែក ២៤,៩% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៧។ ជាក់ស្តែង ការនាំចេញផលិតផលកសិកម្មសរុបរបស់កម្ពុជា ក្នុងឆ្នាំ២០១៧ បានកើនឡើងដល់ជាង៥លាន១សែនតោន ខណៈដែលកាលពីឆ្នាំ២០១៦ មានចំនួន ៤លាន៧សែនតោន ។
ទោះជាយ៉ាងណា ក្រសួងកសិកម្ម បានបង្ហាញថា ការនាំចេញកសិផលរបស់កម្ពុជា ពុំទាន់ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្មនៅឡើយ ដែលកំណត់ការនាំចេញផលិតផលកែច្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។ ទន្ទឹមនេះ លោក វេង សាខុន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧-២០១៨ កំណើនវិស័យកសិកម្មរបស់កម្ពុជា បានកើនឡើងជិត ២% ។
ក្នុងកំណើននៃវិស័យកសិកម្មនេះ រួមមានផ្នែកដំណាំមានចំនួន៥៨,៥%! ផ្នែកផលិតកម្មសត្វ១១,២%! ផ្នែកជលផល ២៣,៥%! និងផ្នែកព្រៃឈើ៦,៨%។ ចំពោះផ្នែកដំណាំស្រូវ នៅឆ្នាំ២០១៧ បរិមាណផលស្រូវវស្សា ប្រមូលផលបាន ជាង៨លាន៥ម៉ឺនតោន និងបរិមាណផលស្រូវរដូវប្រាំង ប្រមូលផលបានជាង២លាន៤៧ម៉ឺន។
ទិន្នផលនេះ បានធ្វើអោយកម្ពុជា មានអតិរេក ឬនៅសល់ស្រូវ ជាង៥លាន៥សែនតោន គិតជាអង្ករស្មើនឹង ជាង៣លាន៥សែនតោន។ ក្នុងក្របខណ្ឌនៃច្រកចេញ-ចូលតែមួយ បង្ហាញថា បរិមាណអង្ករនាំចេញ ក្នុងឆ្នាំ២០១៧ មានចំនួនជាង៦៣ម៉ឺន៥ពាន់ ៦៩៧តោន គឺកើនឡើង១៧,៣% ធៀបនឹងឆ្នាំ២០១៦។ រីឯផលិតកម្មដំណាំកៅស៊ូធម្មជាតិ នៅក្នុងឆ្នាំ២០១៧ ការនាំចេញកៅស៊ូ មានចំនួនជាង ១៨ម៉ឺន៨ពាន់៨៣២តោន សើ្មនឹងទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៦ គឺកើនឡើង៣០,១៤%។ (ផ្ទៃដីដាំដុះដំណាំកៅស៊ូសរុបមានចំនួន ៤៣៦ ៣៤០ហ.ត ក្នុងនោះក្រុមហ៊ុនកៅស៊ូកសិឧស្សាហកម្មមានសមាមាត្រចំនួន៦៤,២២% និងកៅស៊ូគ្រួសារមានចំនួន៣៥,៧៨% បើធៀបទៅនឹងឆ្នាំ២០១៦ សន្ទុះនៃការដាំដុះកៅស៊ូមានការកើនឡើងប្រមាណ ០,៨៣%)។
ចំណែកផ្នែកផលិតកម្មសត្វ ក្នុងឆ្នាំ២០១៧ ចំនួនសត្វចិញ្ចឹមសរុប មានដូចជា គោ ក្របី ជ្រូក និងបក្សី បានកើនឡើង ដល់ ជាង៤២លាន៨សែនក្បាល គឺមានកំណើន១,៥៤% បើធៀបនឹងឆ្នាំ២០១៦។ រីឯផ្នែកជលផល ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ផលនេសាទទឹកសាប អនុវត្តបានចំនួន ៥២មឺន៧ពាន់៧៩៥តោន(កើន៣,៦២%) ផលនេសាទសមុទ្រ អនុវត្តបាន ១២ម៉ឺន ១០២៥ តោន(កើន០,៣៥%)។
ទន្ទឹមនោះ ការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ អនុវត្តបានប្រមាណ ២០ម៉ឺន៧ពាន់ ៤៤៣តោន(កើន២៥,២៥%)។ ក្នុងនោះ ការកែច្នៃផលនេសាទទឹកសាប និងសមុទ្រសម្រេចបានជាង ៨ម៉ឺន២៦០០តោន និង ការនាំចេញផលនេសាទស្រស់ និងកែច្នៃអនុវត្តបាន ១៣ ០០០តោន។
ដោយឡែក ផ្នែកព្រៃឈើ គិតត្រឹមឆ្នាំ២០១៧ ចំនួនសហគមន៍ព្រៃឈើបានកើនដល់៦១០សហគមន៍ ដែលបានបណ្តុះកូនឈើចំនួន៤០៨ពាន់ដើម និងបានដាំដើមឈើសរុបលើផ្ទៃដីចំនួន ២ពាន់២១៩ហ.ត។
ទន្ទឹមនេះ ក្នុងការងារកែទម្រង់ផ្នែកគ្រប់គ្រងដីសម្ប-ទានសេដ្ឋកិច្ច រាជរដ្ឋាភិបាល ក៏បានប្រកាសផងដែរថា នឹងមិនផ្តល់ដីសម្បទាន ទៅអោយក្រុមហ៊ុនវិនិយោគទៀតនោះទេ។ក្រុមហ៊ុនវិនិយោគដែលទទួលបានដីសម្បទានរួចហើយ ក៏ត្រូវបានឃ្លាំមើល និងពិនិត្យយ៉ាងតឹងរឹងលើគម្រោងអភិវឌ្ឍន៌របស់ខ្លួនដែរ៕