ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ និងកម្មករអូសរទេះមួយចំនួននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរិះគន់មន្ត្រីកាំកុងត្រូល ថា ជាក្រុម«ដៃម្ខាងចាប់ ដៃម្ខាងយកលុយ»ពីឈ្មួញ ក្នុងករណី បិតភ្នែកបើកដៃឲ្យឈ្មួញនាំចូលគ្រឿងឧបភោគ បរិភោគ និងចំណីអាហារមានផ្ទុកសារធាតុគីមី ឬខូចគុណភាព ចូលយ៉ាងរលូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ការដែលឈ្មួញខិលខូចទាំងនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហើយគេចផុតពីការបង្ក្រាប គឺមានការឃុបឃិតពីមន្ត្រីក្នុងស្ថាប័នជំនាញ បើកដៃឲ្យធ្វើ គិតតែរឿងប្រមូលលុយដាក់ហោប៉ៅ។
សូមជម្រាបថា ជាញឹកញាប់គែឃើញមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ តែងតែចុះត្រួតពិនិត្យ ទំនិញខូចគុណភាពនៅលើទីផ្សារ ហើយរឹបអូសទំនិញខូចគុណភាពឬគ្រឿងឧបភោគបរិភោគមានផ្ទុកសារធាតុគីមីយកទៅកម្ទេចចោលដើម្បីបង្ហាញស្នាដៃ។ ចំណែកមន្ត្រីបក្ខពួកមួយចំនួនដែលឃុបឃិតគ្នាបិទបាំងការនាំចូលទំនិញខូចគុណភាព ឬមានផ្ទុកសារធាតុគីមី នៅតែប្រព្រឹត្តិអំពើពុករលួយដដែល ។ ដោយសារតែ ម្តងចាប់ ម្តងបើកដៃឲ្យនាំចូល នេះហើយ ទើបត្រូវអ្នករស់នៅក្រុងប៉ោយប៉ែតដាក់រហស្សនាមឲ្យមន្ត្រីកាំកុងត្រូល ខ្លះថា «ដៃម្ខាងបង្ក្រាប ដៃម្ខាងយកលុយ»។
ក្រុមកម្មករអូសរទេះព្រំដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ការនាំទំនិញចូលនេះ គេឃើញមានក្រុមជើងសារបស់កាំកុងត្រូលនៅប្រចាំច្រកទ្វារ ជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលសាច់មាន់ ឆ្អឹងមាន់ និងប្រហិតខូចគុណភាពពីប្រទេសថៃចូលមកក្រុងប៉ោយប៉ែត យ៉ាងសន្ធឹកសន្ធាប់។ ប្រភពបន្តថា គ្រឿងឧបភោគបរិភោគដែលខូចគុណភាព និងមានផ្ទុកសារធាតុគីមី ត្រូវបានឈ្មួញយកទៅលក់ចែកចាយលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងបន្តទៅទីផ្សារនៅតាមបណ្ដាខេត្តនានា។ ហេតុនេះសួមឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល គួរពិនិត្យឡើងវិញចំពោះទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់មន្ត្រីកាំកុងត្រូលបន្ទាយមានជ័យ ដែលបណ្ដោយឧ្យក្រុមឈ្មួញនាំយកសាច់គ្រប់ប្រភេទឆ្លងដែនមកចែក។
ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញធំៗមួយចំនួនដែលនាំចូលប្រភេទទំនិញដូចខាងលើ គឺមានការឃុបឃិតគ្នាជាលក្ខណ:ប្រពន្ធ និងបក្ខពួកទើបអាចឆ្លងផុតពីច្រកទ្វារព្រំដែនចូលមកដល់ទីផ្សារ។ ចំណែកពលរដ្ឋ ឬកម្មករអូសរទេះដែលលួចបង្កប់សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិតតិចតួច បើគ្មានទំនាក់ទំនងទេនោះ នឹងត្រូវគេចាត់វិធានការបង្ក្រាបយកស្នាដៃ សម្រាប់អ្នកដែលបង់លុយតាមការកំណត់គឺតែងចៀសផុតពីការបង្ក្រាបរហូត។
បញ្ហានេះ អ្នកសារព័ត៏មានមិនទាន់ទទួលបានបកស្រាយពីលោក សាន វិជ្ជាសារាវុធ ប្រធានសាខាកំកុងត្រូលខេត្តបន្ទាយមានជ័យ នៅឡើយទេ ព្រោះទូរស័ព្ទរបស់លោកទាក់ទងបានហើយ តែគ្មានអ្នកទទួល៕