ប៉ោយប៉ែត ៖ សេចក្ដីរាយការពីបន្ទាត់ព្រំដែនថា ទីតាំងដី មួយកន្លែងនៅជាប់មាត់អូរព្រំដែនកម្ពុជា ថៃ ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក ពៅ រិទ្ធី ហៅ ធីខ្នា ជាមេបញ្ជាការ រងវរៈ ការពារព្រំដែន៨៩១ ស្ថិតក្នុងភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានបើកធ្វជាច្រករបៀងឲ្យពលរដ្ឋចេញចូល និងនាំទំនិញគ្រប់ប្រភេទ ឆ្លងចូលមកទឹកដីកម្ពុជា ដែលជាធម្មតា ក្នុងមួយសប្ដាហ៍បើកឲ្យឆ្លងចេញចូល១ថ្ងៃ ។
គួររំឭកថា សម្តេចក្រឡាហោម ស ខេង ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឹងមាត់ឲ្យអាជ្ញាធរ និងកម្លាំងតាមព្រំដែនទាំងអស់ ត្រូវត្រួតពិនិត្យ និងបិទឲ្យអស់ទាំងស្រុងរាល់ច្រករបៀងខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងគ្រប់ប្រភេទ ប៉ុន្តែរហូតមកដល់ពេលនេះ ច្រករបៀងមួយចំនូននៅតែបន្តបើកយ៉ាងងងើល ឧទាហរណ៍ដូចជាច្រករបៀងដែលស្ថិតក្នុងទីតាំងដីកម្មសិទ្ធិរបស់លោក ពៅ រិទ្ធី ហៅ ធី ខ្នា នេះជាដើម។
សកម្មភាព លួចបើកច្រករបៀងក្រោមអំណាច លោកពៅ រិទ្ធី ហៅ ធីខ្នាគឺប្រឆាំងទៅនឹងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ក្នុងរូបភាពនេះ ជាភស្ដុតាងនៃសកម្មភាពពលករឆ្លងដែន និងក្រុមឈ្មួញ នាំទំនិញ ចូលមក ស្រុកខ្មែរ តាមច្រករបៀងនៅចំណុចភូមិគីឡូម៉ែត្រលេខ៤ ដែលគេស្គាល់ថា ជាដីកម្មសិទ្ធរបស់លោកពៅ រិទ្ធី ។
មានអ្នកលួចខ្សឹបប្រាប់ថា ទំនិញនាំចូលមួយផ្នែកធំ ដែលលួចឆ្លងចូលពីទឹកដីថៃ មកកម្ពុជាតាមច្ររបៀងខាងលើ គឺលោក ពៅ រិទ្ធី ផ្ទាល់តែម្ដង ដែលជាអ្នករួមចំណែកយ៉ាងធំបង្កឲ្យរដ្ឋបាត់បង់ចំណូលពន្ធ ដូចទៅនឹង ប្រសាសន៍នែនាំរបស់សម្ដេចក្រឡាហោម ស ខេង ចេញបទបញ្ជា ឲ្យបិទច្រករបៀងទាំងអស់ ដើម្បីធានាដល់ការទប់ស្កាត់ការបាត់បង់ប្រាក់ពន្ធចូលរដ្ឋ។
ទាក់ទិននឹងព័ត៌មានខាងលើនេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំការពន្យល់ពីលោក ធីខ្នា ដែរ តែអ្នកទទួលទូរស័ព្ទចេះតែឆ្លើយបដិសេធថា ខុសឈ្មោះហើយ រួចក៏បិទទូរស័ព្ទ៕