ការប្រឡង​ចូល​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​មិន​កំណត់​អាយុ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2018 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាសថា ការប្រឡង​ចូល​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​នឹងមិន​កំណត់​អាយុ​នោះទេ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​និស្សិត​ពេទ្យ​ទាំងអស់​អាច​ចូល​បំពេញការងារ​រដ្ឋ ព្រោះ​ការសិក្សា​ជំនាញ​ពេទ្យ​នេះ​ត្រូវការ​ពេលវេលា​យូរ​ទម្រាំ​រៀន​ចប់​។​ក្រៅពីនេះ សម្តេច​តេ​ជោ បានប្រកាស​ពិនិត្យឡើងវិញ​ក្នុង​ការដំឡើង​ឋានន្តរ​ស័​ក្កិ និង​ឋានៈ​នៅក្នុង​ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ​ទាំងអស់ ដើម្បី​ឲ្យ​ប្រាកដថា ការដំឡើង​នោះ ត្រឹមត្រូវ​ទៅតាម​ការកំណត់​ក្នុង​ច្បាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​រាជធានី​ភ្នំពេញ ជិត​៤​ពាន់​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨​។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​សាជាថ្មី​ថា ចំពោះ​ការប្រឡង​ចូល​ក្របខណ្ឌ​ជា​មន្ត្រីរាជការ​ផ្នែក​សុខាភិបាល គឺ​មិនត្រូវ​បានកំណត់​អាយុ​ទៀត​ទេ ពីព្រោះ​ដូចជា​អ្នករៀន​ពេទ្យ​ឯកទេស​ជាដើម គឺ​ត្រូវ​ប្រើ​រយៈពេល​យូរ​ឆ្នាំ​ទម្រាំ​រៀន​ចប់ ហើយ​ចង់​ធ្វើជា​មន្ត្រីរាជការ​សុខាភិបាល​ផ្នែក​ពេទ្យ តែ​បែរជា​ហួសពេល​ហួស​អាយុ​។

បើតាម​សម្តេច ទោះ​អាយុ​ប៉ុន្មាន​ក៏​អាច​ប្រឡង​ចូល​បានដែរ ចាប់ពីពេលនេះ​តទៅ​។ តែ​ទោះយ៉ាងណា​ក៍ដោយ សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់ៗ​ថា ចំពោះ​ការស្នើសុំ​សម្តេច​អោយ​ការលើកលែង ឬ​ប​ន្ឋូ​រ​បន្ថយ​លើ​វិញ្ញាសារ​ប្រឡង​ចូល​ពេទ្យ គឺ​មិន​អាចធ្វើ​បានឡើយ​។ មានន័យថា ទាល់តែ​ចេះ​ទើប​ជាប់ មិនអាច​យក​សមត្ថភាព​អ្នកដទៃ ឬ​មិន​រៀន​ផង បាន​ជាប់​នោះទេ​។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៅតែ​អះអាងថា វិស័យ​អប់រំ​គឺជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល ដែល​រាជរដ្ឋាភិបាល​មិន​ភ្លេច យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់ លោកគ្រូ អ្នកគ្រូ ព្រមទាំង​មន្ត្រី និង​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ក្នុង​ការជួយ​ជំរុញ​វិស័យ​អប់រំ​ជាតិ​អោយ​កាន់​តែមាន​គុណភាព រីកចម្រើន​ទៅមុខ និង​ទទួលបាន​ជោគជ័យ​។​

ក្រៅពី​ការងារ​អប់រំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៍​ប្រកាស​ពិនិត្យឡើងវិញ​នូវ​ការ​តម្លើង ឋានន្តរ​ស័​ក្កិ និង​ថ្នាក់ នៅក្នុង​ក្រសួង មន្ទីរ ស្ថាប័ន​ទាំងអស់ ដើម្បី​ឲ្យ​ប្រាកដថា ការ​តម្លើង​ថ្នាក់​អោយ​មន្ត្រី និង​តំឡើង​ស័​កិ្ក​ដល់​កងកម្លាំង​របស់ខ្លួន​បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​ក្នុង​ច្បាប់​។ សម្តេច​តេ​ជោ បាន​ក្រើនរំលឹក​ដល់​រដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​គ្រប់​ក្រសួង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​រឿងនេះ គឺ​ត្រូវ​តំឡើង​ឋានន្តរស័ក្តិ​អោយបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ កុំ​ធ្វើ​តាមតែ​បទបញ្ជា ហើយ​កុំ​គិតតែ​តំឡើង​ឋានន្តរ​ស័​ក្កិ និង​តួនាទី​របស់ខ្លួន​ឬ​បក្ស​ពួកខ្លួន​មិនបាន​គិតគូរ​ដល់​មន្ត្រី​នៅក្រោម​ឱវាទ​។ តាមច្បាប់​នៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​គឺ​ក្រោយ​រយៈពេល​០២​ឆ្នាំ​ត្រូវ​ស្នើសុំ​តំឡើង​ឋា​ន្ត​រ​ស័​ក្កិ​ចំនួន​០១​ដង​។ សម្តេច​បាន​លើក​ជា​សំណួរ​ថា តើ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​បានធ្វើ​ត្រឹមត្រូវ​តាម​ការកំណត់​ក្នុង​ច្បាប់​ហើយ​ឬ​នៅ​។​

គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ ដដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ជំនួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅក្នុង​រាជធានី​ភ្នំពេញ​៕