អ្នកស្រាវជ្រាវ​អំពាវនាវ​ឲ្យ​ថតចម្លង​សាស្ត្រា​ស្លឹករឹត​បុរាណ​ពី​ក្រដាស​បញ្ចូល​ជា​ទិន្នន័យ​កុំព្យូទ័រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 May, 2018 ក+ ក-

​ភ្នំពេញ ៖ ឯកសារ​បុរាណ​ជាច្រើន ដែល​សរសេរ​លើ​ក្រដាស បាន​បន្សល់​នៅតាម​វត្ត​អារាម​យូរ​ឆ្នាំ​ហើយ និង​កំពុង​ពុកផុយ ប្រឈម​ការបាត់បង់​នូវ​ឯកសារ​កេរដំណែល​ប្រវត្តិសាស្ត្រ​នេះ​ទាំងស្រុង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រសិនបើ​គ្មាន​ការយកចិត្តទុកដាក់​អភិរក្ស​នោះទេ​។

​ជា​យូរ​មកហើយ​ដែល​ក្រុម​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​មក​រក្សាទុក​កេ​រ្តិ៍​ដំណែល​ដូនតា ប៉ុន្តែ​ក្រដាស​ទាំងនោះ​មិនអាច​រក្សាទុក​បានយូរ​តទៅទៀត​ទេ ទើប​មានការ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ថតចម្លង​បញ្ចូល​ទៅក្នុង​ទិន្នន័យ​កុំព្យូទ័រ ប្រយោជន៍​សម្រាប់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​។​

ប្រធាន​អភិរក្ស​សាស្ត្រា​ស្លឹករឹត នៅ​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ លោក ឡេង កុក​អាន អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ប្រញាប់​ថតចម្លង សាស្ត្រា​បុរាណ ពី​ក្រដាស​ទៅ​បញ្ចូល​ទៅក្នុង ទិន្នន័យ​កុំព្យូទ័រ ។​

​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង នៅ​គ្រា​ដែល​ក្រុម​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ កំពុង​ប្រមូល​ឯកសារ​ព័ត៌មាន​កម្ពុជា​ទាំងអស់​ដើម្បី​បញ្ជូនទៅ​រក្សាទុក នៅ​សារមន្ទីរ​ប៊ុ​យ​ឡាក់​ប្រទេស​បារាំង​។​

​លោក ឡេង កុក​អាន បន្តថា ឯកសារ​ក្បួន​ខ្មែរ​មាន កាប វាន ក្រាំង ជាដើម​ដែល​បារាំង​បាន​រក្សាទុក​តាំងពី​សម័យ ព្រះមហាក្សត្រ​ជំនាន់​មុន ដែលជា​ឯកសារ​ក្រដាស កំពុងតែ​ចាស់​ខ្លាំង​ចង់​ពុក​ទៅហើយ លោក​ស្នើសុំ​រាជរដ្ឋាភិបាល ជួយ​ថតចម្លង​ស្នាដៃ ព្រឹទ្ធាចារ្យ​បុរាណ​មក​រក្សាទុក នៅក្នុង​ទិន្នន័យ​កុំព្យូទ័រ កុំ​ឲ្យ​បាត់បង់​។ ទន្ទឹម​នោះ ឯកសារ​បុរាណ​ច្រើន​ទៀត ដែល​ដំកល់​នៅក្នុង​វត្ត​អារាម ក៏​ក្រដាស​កំពុង​ចាស់​ដែរ គួរ​ចម្លង​ឯកសារ​បុរាណ​នោះ​ទុក​ក្នុង​ឌីជីថល ឬ​កុំព្យូទ័រ ងាយស្រួល​ដល់​មនុស្ស​ជំនាន់​ក្រោយ ស្រាវជ្រាវ​រកមើល​ឯកសារ​ទាំងនោះ តាមចិត្ត​ចង់បាន​។​

​លោក ឡេង កុក​អាន បន្តថា ការស្នើសុំ​ឲ្យ​ចាប់ផ្តើម​ថតចម្លង ឯកសារ​បុរាណ​ពី​ក្រដាស​ទៅជា​ទិន្នន័យ​បញ្ចូល​ក្នុង​កុំព្យូទ័រ​នោះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទទួល​យកទៅ​ពិចារណា​។ ប៉ុន្តែ​បើ​ការពិចារណា​នោះ​បន្ត​យូរ​ទៀត ដោយសារ​ខ្វះ​ថវិកា គឺ​បញ្ហា​នោះ កើតមាន​ដដែល​ចំពោះ​សាស្ត្រា​ស្លឹករឹត វាន ក្រាំង​ជាដើម ដែល​ចងក្រង​ដោយ​អ្នកប្រាជ្ញ វិទ្យាសាស្ត្រ​បូរាណ​របស់​ខ្មែរ​នោះ​។​

​លោក ឡេង កុក​អាន ឲ្យ​ដឹងថា ឯកសារ​របស់​ខ្មែរ​បុរាណ​មានចែង​នៅក្នុង សា​ស្រា្ត​ស្លឹករឹត វាន និង ក្រាំង ដែល​ក្នុងនោះ​មាន ច្បាប់ទម្លាប់​បុរាណ ប្រវត្តិ​វប្បធម៌​ជាតិ របាំ​តាម​តំបន់​ឬ​ទំនៀមទម្លាប់​ពាក្យ​ប្រៀនប្រដៅ ជាដើម ដែល​ចែង​នៅក្នុង​នោះ​គួរតែ​រក្សាទុក​៕