ភ្នំពេញ ៖ កម្ពុជាគ្រោងនាំចូលអំបិលពីប្រទេសជិតខាងប្រមាណ៣ម៉ឺនតោនក្នុងឆ្នាំ២០១៨ ខណៈដែលភ្លៀងធ្លាក់ច្រើនធ្វើអោយការផលិតបរិមាណអំបិលក្នុងស្រុកមិនគ្រប់គ្រាន់។
ដោយសារបរិមាណអំបិល នៅក្នុងស្តុករបស់សមាគមអំបិលកំពត-កែប អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានត្រឹមខែកញ្ញា ឆ្នាំនេះប៉ុណ្ណោះ សមាគមនេះគ្រោងនឹងនាំចូលអំបិលប្រមាណ៣ម៉ឺនតោន ពីប្រទេសជិតខាង សម្រាប់មកផ្គត់ផ្គង់បន្ថែម។
តាមការបញ្ជាក់របស់សមាគមអំបិលកំពត-កែប អោយដឹងថា នៅក្នុងឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើនដែលធ្វើឲ្យកសិករមិនអាចផលិតអំបិលបានច្រើន ហើយបរិមាណអំបិលមានក្នុងស្តុក គឺអាចផ្គត់ផ្គង់បានត្រឹមខែកញ្ញា ប៉ុណ្ណោះ។ ដូចនេះ សមាគមកំពុងតែពិភាក្សាជាមួយរដ្ឋបាលខេត្ត ក្នុងការស្នើសុំរាជរដ្ឋាភិបាល ដើម្បីនាំចូលអំបិលពីក្រៅប្រទេសប្រមាណ៣ទៅ៤ម៉ឺនតោន មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ ខណៈអំបិលក្នុងស្តុកមានជាង៤ម៉ឺនតោន គឺមិនគ្រប់គ្រាន់នោះទេ ។
បើតាមការបញ្ជាក់ពីការិយាល័យរដ្ឋបាលអំបិលកំពត-កែប ខាងសមាគមអំបិលកំពត-កែប ជាមួយរដ្ឋបាលខេត្ត បានពិភាក្សាគ្នាជាបណ្តោះអាសន្នថា នឹងដាក់សំណើទៅក្រសួងកសិកម្ម ក្នុងការនាំចូលអំបិលពីប្រទេសថៃ ប្រហែលជា៣ទៅ៤ម៉ឺនតោន ក្នុងរយៈពេល ប៉ុន្មានខែចុងឆ្នាំ២០១៨នេះ » ។
គួររំលឹកថា កាលពីឆ្នាំ២០០៩ កម្ពុជាក៏ធ្លាប់នាំចូលអំបិលពីប្រទេសចិន ចំនួន៣ម៉ឺនតោនដែរ ។ ប៉ុន្តែ មូលហេតុដែលខាងសមាគមដាក់ស្នើទៅប្រទេសថៃនេះ ដោយសារងាយស្រួលក្នុងការដឹកជញ្ជូន និងមិនសូវចំណាយថវិកាច្រើន ហើយផលិតផលអំបិលរបស់ប្រទេសចិន ធ្វើពីរ៉ែដូចគ្នានឹងប្រទេសថៃដែរ។ ទោះជាយ៉ាងណា ការនាំចូលអំបិលពីខាងក្រៅនេះ សមាគមអះអាងថា គឺមិនមានផលប៉ះពាល់ ដល់អ្នកផលិតអំបិលក្នុងស្រុកទេ ព្រោះការនាំចូលសម្រាប់តែផ្គត់ផ្គង់រយៈពេលខ្លីប៉ុណ្ណោះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការផលិត និងប្រមូលផលអំបិលនៅក្នុងខេត្តកំពត និងកែប ធ្វើឡើងចាប់ពីខែកញ្ញា រហូតដល់ខែមេសា។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ ២០១៨នេះ ការប្រមូលផលអំបិលបានប្រមាណ ២ទៅ៣ម៉ឺនប៉ុណ្ណោះ។
យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបង្ហាញថា ឧស្សាហកម្មនេះរកបានប្រាក់ចំណូលប្រហែល២២លានដុល្លារកាលពីឆ្នាំ២០១៧ ជាមួយនឹងបរិមាណផលអំបិលសរុបបូករួមទាំងបរិមាណអំបិលសល់ក្នុងស្តុក ប្រហែល១៤ម៉ឺន ៣ពាន់តោន។
ទិន្នផលអំបិលកំពត-កែប ក៏ធ្លាប់បាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដូចជា អង់គ្លេស និងស្វ៊ីសផងដែរ ហើយកាលពីឆ្នាំ២០១៧ ក៏មានក្រុមហ៊ុន នាំចេញទៅបារាំងបានចំនួន១៨តោនដែរ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនទាំងនោះមិនបានធ្វើការនាំចេញបន្តទៀតទេ៕