ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនៅថ្ងៃទី១៧ឧសភានេះថា ខ្លួនបានស្នើទៅក្រសួងមហាផ្ទៃឲ្យចាត់វិធានការលើបុគ្គលណា ដែលប្រាប់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខស្របតាមមាត្រា៤១នៃរដ្ឋធម្មនុញ្ញ។ យ៉ាងណាក្តី អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានអះអាងថា គជបគ្មានច្បាប់ចំពោះការអ្នកដែលបានទម្លាក់សិទ្ធិមិនទៅបោះឆ្នោ តនោះទេ។
ការប្រកាសស្នើទៅក្រសួងមហាផ្ទៃឲ្យចាត់វិធានការនាពេលនេះ ដោយផ្អែកតាម មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ដែលខ្លឹមសារនៃមាត្រានេះបញ្ញត្តិថា ការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិកាក្នុងការបោះឆ្នោតតាមរយៈចេតនាជំរុញឲ្យមានការចែកខិតប័ណ្ណ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអតីតគណបក្សប្រឆាំងកំពុងបន្ត អំពាវនាវសកម្មជននៅក្នុងស្រុក និងប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតនាពេលខាង មុខ ដើម្បីឲ្យចំនួនអ្នកចូលរួមបោះឆ្នោតមានចំនួនតិចតួច។
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ១៧ ខែឧសភា នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា ការប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោតពីសំណាក់អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល (Comfrel) និងអង្គការនិចហ្វិច អង្គការទាំងពីរមិនអាចចេញសេចក្ដីថ្លែងការណ៍ពីដំណើរការបោះឆ្នោតនៅថ្ងៃខាងមុខបានឡើយ។ ទោះបីជាអង្គការទាំងពីរមិនបានចូលរួមសង្កេតការណ៍បោះឆ្នោតយ៉ាងណាក៏ដោយក៍មិនមានអ្វីប៉ះពាល់ដល់ដំណើរការរបស់គជបនោះដែរ ស្របពេលដែលអ្នកសង្កេតជាតិ មកពីគ្រឹះស្ថានឧត្តមសិក្សាប្រមានជាង២០០០ បានដាក់ពាក្យសង្កេតការណ៍។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថាដែរថា ការបោះឆ្នោតមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់បក្សណាមួយនោះទេ ហើយអត់មានគណបក្សនយោបាយមួយក៍មានគណបក្សនយោបាយចំនួន២០ទៀតដែលនឹងត្រូវចូលរួមការបោះឆ្នោត។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី១៧ ឧសភា នៅទីស្តីការគជប ឯ.ឧ ទេព នីថា អគ្គលេខាធិការ គជប បានឲ្យដឹងថា រហូតមកដល់ពេលនេះគជបបានសម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន៥រួចហើយ ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ លោក បន្តថា គ.ជ.បនឹងប្រកាសទទួលស្គាល់គណបក្សនយោបាយចំនួន៤ទៀតនៅថ្ងៃទី១៨ ខែឧសភាខាងមុខនេះ។
គណបក្សទាំង៤រួមមានទី១- គណបក្សខ្មែរតែមួយ ទី២- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៣-គណបក្សពន្លឺថ្មី និងទី៤- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ថ្ងៃទី១៩ ខែឧសភា គ.ជ.ប នឹងពិនិត្យសម្រេចគណបក្សនយោបាយ គឺគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ចំណែកគណបក្សចំនួន១០ទៀតដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចុងក្រោយនោះគ.ជ.បនឹងពិនិត្យសម្រេចនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានមណ្ឌលបោះឆ្នោតចំនួន២៥ មណ្ឌលរាជធានីខេត្ត និងការរិយាយល័យបោះឆ្នោតសរុបចំនួន ២២.៩៦៧ការិយាល័យ។បើយោងតាមលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨លាន ៣សែន៨ម៉ឺន២១៧នាក់ ៕