ក្រុមប្រឹក្សានិពន្ធសារព័ត៌មាន « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូមប្រកាសបដិសេធមិនទទួលខុសត្រូវរាល់ការផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត ដែលត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយ យកឈ្មោះ « Mekong Post» ដែលស្របច្បាប់ ទៅប្រើប្រាស់លើបណ្តាញ facebook ដោយប្តូរនិមិត្តសញ្ញា( Logo ) ពីរូបប្រាសាទអង្គរ ទៅជារូបពស់ក្បាល៧ និងរូបទន្លេចតុម្មុខពេលបុណ្យបណ្តែតប្រទីប ដោយបានបង្ហោះនូវព័ត៌មានជាច្រើន ធ្វើឲ្យប្រិយមិត្តអ្នកអានដែលធ្លាប់គាំទ្រសារព័ត៌មាន «មេគង្គ ប៉ុស្តិ៍» មានការភាន់ច្រឡំ។
ក្រុមប្រឹក្សានិពន្ធសារព័ត៌មាន « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូមជម្រាបទូលថ្វាយ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោក លោកស្រី គ្រប់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដោយសង្កេតឃើញថា ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត មានជនមិនស្គាល់អត្តសញ្ញាណបានបង្ហោះផ្សាយនូវព័ត៌មានមួយចំនួន ដោយប្រើប្រាស់ឈ្មោះ « Mekong Post » ដែលជាឈ្មោះស្របច្បាប់ត្រូវបានចុះបញ្ជី និងប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងព័ត៌មាននៅក្នុងឆ្នាំ២០១៤។
ដើម្បីកុំឲ្យមានការភាន់ច្រឡំ ក្រុមប្រឹក្សានិពន្ធសារព័ត៌មាន « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូមប្រកាសជូនថា ការផ្សព្វផ្សាយព័ត៌មានរបស់ «Mekong Post» ដែលមាន Logo រូបពស់ក្បាល៧ និងរូបទន្លេចតុម្មុខពេលបុណ្យបណ្តែតប្រទីប នៅលើបណ្តាញហ្វេសប៊ុក គឺមិនមែនជាទស្សនៈ ឬជាការផ្សាយរបស់សារព័ត៌មាន« មេគង្គ ប៉ុស្តិ៍ – The Mekong Post News »ដែលមាននិមិត្តសញ្ញា ប្រាសាទអង្គរ នោះទេ។
ជាបឋមនេះ ក្រុមប្រឹក្សានិពន្ធសារព័ត៌មាន និងគេហទំព័រ « មេគង្គ ប៉ុស្តិ៍ – The Mekong post News » សូមអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុកដែលកំពុងយកឈ្មោះ « Mekong Post »ទៅប្រើប្រាស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ «មេគង្គ ប៉ុស្តិ៍ ឬ Mekong Post» ទៅប្រើប្រាស់ក្នុងវិស័យសារព័ត៌មានជាបន្តទៀត ព្រោះអាចចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់សារព័ត៌មាន « មេគង្គ ប៉ុស្តិ៍ – The Mekong post News » ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ជាផ្លូវការ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោក លោកស្រី ស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ និងក្រុមហ៊ុនឯកជន ព្រមទាំងសាធារណជនទាំងអស់ ជាពិសេស ក្រសួងព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕
ភ្នំពេញ,ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨
ហត្ថលេខា និងត្រា ចាងហ្វាងការផ្សាយ
( សូមជូនភ្ជាប់ជាមួយនូវរូបភាព Mekong Post ផ្លូវការ និងមិនផ្លូវការ ) ៖
រូបភាពផ្លូវការ ៖
ខាងក្រោមនេះ ជារូបភាពមិនផ្លូវការតាមហ្វេសប៊ុក ៖