ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ មានចំនួនជាង៩០៩លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ១២ភាគរយ ធៀបនឹងឆ្នាំមុន ដែលការប្រមូលពន្ធនាពេលបច្ចុប្បន្ន គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ។
បើតាមការថ្លែងបញ្ជាក់របស់ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា ឆ្នាំ២០១៨ បង្ហាញថា ក្នុងខែមេសា ឆ្នាំ២០១៨កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ (Online) បានចំនួន ជាង៥៩២ពាន់៧រយ លានរៀល ស្មើនឹងជាង ១៤៨លាន១សែន៧ម៉ឺនដុល្លារអាមេរិក។ ចំនួននេះ ស្នើនឹង៧.៧% នៃផែនការច្បាប់។
បើប្រៀបធៀបទៅនឹងចំណូលខែមេសា កាលពីឆ្នាំ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែមេសា ឆ្នាំ២០១៨ កើនឡើងប្រមាណ ១៧លាន៦សែន៨ម៉ឺន ដុល្លារអាមេរិក ស្មើនឹង ១៣.៥៥%។
ដោយឡែក បើគិតសរុបក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ជាងប្រមាណ៩០៩លាន៥សែន៧ម៉ឺនដុល្លារអាមេរិក ស្មើប្រមាណជា ៤៧.២៩% នៃផែនការកំណត់ដោយច្បាប់។ ប្រសិនបើប្រៀបធៀបនឹង ៤ខែដើមកាលពីឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល៤ខែ ឆ្នាំ២០១៨ កើនឡើង ប្រមាណ១២.០១% រឺស្មើនឹង ៩៧លាន៤សែន៩ម៉ឺនដុល្លារអាមេរិក។
គួរបញ្ជាក់ថា ដើម្បីជម្រុញជាអតិបរមា ឱ្យអ្នកជាប់ពន្ធទាំងឡាយចូលរួមកិច្ចសហការល្អក្នុងការបង់ពន្ធអោយបានត្រឹមត្រូវ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការមួយចំនួន ដូចជា៖ ការបន្តអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨ ។ ការបន្តពង្រឹងការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ការប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធតាមដានឯកសារ ហៅថា Document Tracking System ទូទាំងគ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅពង្រឹងការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ដោយផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធអាចដឹងពីស្ថានភាព នៃឯកសារដែលពួកគាត់បានដាក់ចូលមកអគ្គនាយកដ្ឋានពន្ធដារ និងបន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយអភិវឌ្ឍគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន បន្ថែមទៀតជាដើម ៕