​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងចំណោម​របៀបវារៈ​សំខាន់ៗ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋ មន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សេចក្តីព្រាងច្បាប់ «​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​» ត្រូវបាន អនុម័ត​ទាំងស្រុង ដោយ​មិនមាន​ការកែប្រែ​នោះឡើយ​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា រួម​និង មន្ត្រី ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា នេះ ដោយ​កំណត់​យក​របៀបវារៈ​សំខាន់​ចំនូ​ន​៤ រួម​និង​បញ្ហា​មួយចំនួនទៀត មក​ពិភាក្សា ដើម្បី​កែ សម្រួល និង អនុម័ត ក្នុងនោះ សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​។
​សូមបញ្ជាក់ថា ក្នុងចំណោម​របៀបវារៈ​ទាំងនេះ សេចក្តីព្រាងច្បាប់ «​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​» ត្រូវបាន កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង​ដោយ​មិនមាន​ការកែប្រែ​នោះឡើយ​។

បើតាម ឯកឧត្តម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា សេចក្តីព្រាង ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា មាន​គោលបំណង និង​គោលដៅ ដូចជា ៖

– ការលើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិតភាព​របស់ កម្មករនិយោជិត​។
– ជម្រុញអោយមាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ ប្រកបដោយ​ភាព ទាក់ទាញ​។

– ធានា​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅ ក្រោម បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។​
– បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​តាមបែប​វិទ្យាសាស្ត្រ ដោយ​ផ្អែកលើ លក្ខណៈវិនិច្ឆ័យ បែប​សង្គម និង​សេដ្ឋកិច្ច​។
– បង្កើត​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់ សិក្សា​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍ ផ្សេងៗ​របស់​ជន​ទាំងឡាយ ដែល ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវបាន​រៀបចំតាក់តែង​នៅ​ដើម ឆ្នាំ ២០១៦ ដោយ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់ជូន​កិច្ចប្រជុំ​ត្រីភាគី​ពិភាក្សា ដើម្បី​ធានា ដំណើរ ការ​យន្ត​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​។ ច្បាប់​នេះ គឺមាន​វិសាលភាព​គ្របដណ្ដប់​លើស សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​៕​