ថៃឡង់ដ៍៖នៅក្នុងប្រទេសថៃ ប៉ូលីសបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍ ទី១១ មេសានេះថា មានការផ្ទុះរថយន្តចតចោលមួយនៅក្នុងទីចំណតរថយន្តនៃមជ្ឈមណ្ឌល ពាណិជ្ជកម្មនៅតំបន់ទេសចរណ៍កោះសាមុយ។ ឧប្បត្តិហេតុនៃការផ្ទុះរថយន្តកើតមាននៅយប់ថ្ងៃសុក្រ ទី១០ មេសា ចំពេលដែលមានមនុស្សម្នាជាច្រើនកំពុងនាំគ្នាទិញអ៊ីវ៉ាន់សម្រាប់ ពេលឈប់សម្រាកថ្ងៃបុណ្យចុងសប្តាហ៍។ ព្រឹត្តិការណ៍ផ្ទុះនោះបានបណ្តាលឲ្យមនុស្សរងរបួសស្រាលចំនួន ៧នាក់ មានជនជាតិថៃ ៦នាក់ និងក្មេងស្រីជនជាតិអ៊ីតាលីម្នាក់។
ព័ត៌មាន ដំបូងដែលប៉ូលីសថៃបានបញ្ជាក់ក្នុងថ្ងៃនេះឲ្យដឹងថា រថយន្តដែលផ្ទុះនៅទីចំណតនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ទេសចរណ៍ កោះសាមុយ ជារថយន្តដែលលួចពីខេត្តយ៉ាឡាមក។ យ៉ាឡាដែលគេស្គាល់ថា ជាខេត្តមួយក្នុងចំណោមខេត្តទាំង ៣ស្ថិតនៅប៉ែកខាងត្បូងប្រទេសថៃដែលសម្បូរដោយប្រជារាស្ត្រថៃ អ្នកកាន់សាសនាអ៊ីស្លាមរស់នៅ។ ខណៈនេះ ប៉ូលីសនៅមិនទាន់ដឹងពីប្រភេទជាតិផ្ទុះដែលបានបង្កប់ក្នុងរថយន្ត នោះនៅឡើយទេ។ តែក្រុមអ្នកដោះមីនបានប្រមូលយកបំណែកផ្ទុះនៅកន្លែងកើតហេតុទៅ សិក្សាស្រាវជ្រាវក្នុងបំណងស្វែងរកប្រភព និងក្រុមជនដៃដល់ដែលស្ថិតនៅពីក្រោយព្រឹត្តិការណ៍នោះ។ អ្វីជាការកត់សម្គាល់ ព្រឹត្តិការណ៍បំផ្ទុះរថយន្តនៅតំបន់ទេសចរណ៍កោះសាមុយពេលនេះបានកើត មានឡើង ចំពេលដែលស្ថានការណ៍នយោបាយក្រោមអំណាចរបបសឹកកំពុងបន្តតានតឹង ខ្លាំង។
តាំងពីក្រោយរដ្ឋប្រហារយោធាក្នុងខែឧសភា ឆ្នាំ ២០១៤ មក វិស័យទេសចរណ៍ដែលជាដង្ហើមសេដ្ឋកិច្ចរបស់រាជាណាចក្រកំពុងជួបការ លំបាកខ្លាំងដោយសារតែវិបត្តិនយោបាយ។ ក្នុងឆ្នាំ ២០១៤ កន្លងទៅ មានអ្នកទេសចរណ៍បរទេសមិនដល់ ២៥លាននាក់ផងបានទៅលេងស្រុកថៃ ទល់នឹងជាង ២៦លាននាក់ក្នុងឆ្នាំ ២០១៣។ នៅសប្តាហ៍កន្លងទៅ របបសឹកបានលើកចេញវិញនូវច្បាប់អាជ្ញាសឹកដែលបានដាក់តាំងពីក្រោយ ថ្ងៃរដ្ឋប្រហារ តែបែរជាបានដាក់ជំនួសវិញដោយក្រិត្យច្បាប់មួយដែលផ្តល់អំណាចច្រើន ឲ្យទាហានទៅវិញ។ មកដល់ពេលនេះ និងក្នុងស្ថានភាពនយោបាយតានតឹងប្រឈមមុខទល់នឹងក្រុមអាវក្រហម របបសឹកនៅមិនទាន់ហ៊ានចោទក្រុមណាមួយនៅឡើយទេ។
បន្ថែមលើវិបត្តិនយោបាយផ្ទៃក្នុង របបសឹកក៏កំពុងបន្តប្រឈមមុខនឹងក្រុមឧទ្ទាមបះបោរទាមទារផ្តាច់ទឹកដី នៅតំបន់ប៉ែកខាងត្បូងដែរ ពិសេសក្នុងខេត្តចំនួន ៣ ជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ីដែលសម្បូរដោយអ្នកកាន់សាសនា អ៊ីស្លាមរស់នៅ។ តាំងពីឆ្នាំ ២០០៤ មក ជម្លោះនៅតំបន់ប៉ែកខាងត្បូងបានបណ្តាលឲ្យស្លាប់មនុស្សជាង ៦ ៣០០នាក់៕RFI
ថៃ៖ផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តនៅតំបន់ទេសចរណ៍កោះសាមុយបណ្តាលឲ្យរបួស ៧នាក់Reuters