ខេត្តក្រចេះ៖អ្នកតំណាងទាំងពីរគណ បក្សព្រមព្រៀងគ្នាស៊ើបអង្កេតតាមដានរឿង អ្នកស្រុកដុតផ្ទះអ្នកស្រុកដូចគ្នា ដើម្បីបណ្ដេញពលរដ្ឋចេញពីដីនៅ ក្រោយបុណ្យចូលឆ្នាំខ្មែរដោយចុះដល់ទីតាំងកើតហេតុ។ ក្រោយមានការដុតបំផ្លាញក្រុមពលរដ្ឋ ៣១គ្រួសារ អ្នកតំណាងរាស្ត្រទាំងពីរគណបក្សថ្កោលទោសសកម្មភាពនេះ និងសុំកុំឲ្យមានការផ្ដល់ដីធ្លីណាមួយមានរូបភាពបែបនេះ។
តំណាងរាស្ត្រខេត្តក្រចេះ មានគម្រោងចុះស្រាវជ្រាវប្រជាពលរដ្ឋដុតផ្ទះប្រជាពលរដ្ឋដូចគ្នានៅ ខេត្តក្រចេះ ដោយចុះអង្កេតដល់ទីកន្លែង ក៏នឹងមានការសួរដេញដោលរឿងផងដែរ។
ទោះការដុតផ្ទះ និងយកគ្រឿងចក្របំផ្លាញផ្ទះព្រមទាំងផលដំណាំក្រុមពលរដ្ឋ ៣១គ្រួសារក្រុមកងកម្លាំងចម្រុះខេត្តក្រចេះ មិនធ្វើសកម្មភាពដោយខ្លួនឯងក្តី ប៉ុន្តែតំណាងរាស្ត្រមណ្ឌលក្រចេះ មកពីគណបក្សសង្គ្រោះជាតិ លោក កែវ ភិរម្យ និយាយថា អាជ្ញាធរខេត្តនេះជាទទួលខុសត្រូវ ព្រោះបណ្ដែតបណ្ដោយឲ្យមានរឿងដូចនេះកើតឡើង គឺអ្នកស្រុកដុតផ្ទះអ្នកស្រុកដូចគ្នា។
លោក កែវ ភិរម្យ យល់ថា នេះអំពើឃោឃៅមិនគួរកើតមានឡើងក្នុងសម័យកាលនេះទេ៖ «និយាយតាមផ្លូវច្បាប់គឺខុសច្បាប់ទាំងស្រុងដែលអាជ្ញាធរគាំទ្រសកម្មភាពនេះ»។
សកម្មភាពឈូសឆាយផ្ទះផលដំណាំ និងដុតផ្ទះពលរដ្ឋចាប់ផ្ដើមពីថ្ងៃទី៦ ខែមេសា រហូតមកដល់ថ្ងៃទី១២ ផ្ទះចំនួន ៨ខ្នងត្រូវដុតបំផ្លាញ ៤ខ្នងទៀតត្រូវគ្រឿងកម្ទេចចោល និងផលដំណាំជាច្រើនហិកតារត្រូវឈូសឆាយ។ មន្ត្រីសង្គមស៊ីវិល សោកស្តាយចំពោះចំណាត់ការរបស់ខេត្តដែលបណ្តេញពលរដ្ឋមួយក្រុមចេញពី ដីពួកគេរស់នៅ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋមួយក្រុមទៀតមកឲ្យរស់នៅលើដីនោះ។
ចំណែកតំណាងរាស្ត្រនៃប្រជាជនកម្ពុជា មកពីមណ្ឌលក្រចេះ ដែរនោះ គឺអ្នកស្រី ស៊ុន សាភឿន យល់ថា ការដុតផ្ទះពលរដ្ឋឲ្យចេញពីដីមិនមែនជាដំណោះស្រាយល្អទេ។
អ្នកស្រីតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចរូបនេះ អះអាងថា នឹងតាមដានដំណើររឿងនេះតាមរយៈការងារអ្នកស្រីជាអ្នកតំណាងរបស់ រាស្ត្រ៖ «ខ្ញុំនឹងតាមដានឲ្យបានច្បាស់លាស់ ព្រោះខ្ញុំមិនទាន់ចុះដល់ទីកន្លែងខ្ញុំមិនទាន់និយាយទេ»។
ប្រតិបត្តិការក្តៅបណ្តេញក្រុមពលរដ្ឋ ៣១គ្រួសារចេញពីផ្ទះ និងដីភូមិ ដើម្បីផ្ដល់ឲ្យក្រុមពលរដ្ឋ ៧២គ្រួសារ ក្រុមអាជ្ញាធរមិនធ្វើសកម្មភាពដោយខ្លួនឯងទេ គេបានផ្ដល់លទ្ធភាពឲ្យក្រុមពលរដ្ឋ ៧២គ្រួសារធ្វើគ្រប់រូបភាព ប៉ុន្តែនៅពេលក្រុមពលរដ្ឋ ៣១ចេញមកប្រឆាំងតវ៉ា គឺត្រូវសមត្ថកិច្ចវាយបង្ក្រាប និងចាប់ខ្លួន។
អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយជំលោះដីធ្លីក្នុងស្រុកឆ្លូង លោក ខ័ណ្ឌ ចំណាន បដិសេធមិនទទួលស្គាល់ថា ការដុតផ្ទះរុញឈូសឆាយថា ជាគឺទង្វើរបស់សមត្ថកិច្ចឡើយដោយទម្លាក់ការទទួលខុសត្រូវឲ្យក្រុម ពលរដ្ឋ ៧២គ្រួសារ។ លោកអភិបាលរងខេត្តនៅតែអះអាងដដែលៗថា អ្វីដែលកងកម្លាំងធ្វើដើម្បីការពារមិនឲ្យពលរដ្ឋទាំងពីរក្រុម ប៉ះទង្គិចគ្នា៖ «យើងគ្រាន់តែធានាដើម្បីឲ្យក្រុម ៧២ ចូលរស់នៅលើដីរបស់គាត់ទេ អ្វីក្រៅពីនេះ ពលរដ្ឋ ៧២ គាត់ធ្វើខ្លួនឯងទេ»។
ទន្ទឹមនឹងអ្នកតំណាងរាស្ត្រទាំងពីរគណបក្សថា ក្រោយបុណ្យចូលឆ្នាំខ្មែរពួកគេនឹងចុះអង្កេតដល់ទីកន្លែងកើតហេតុ នោះ អាជ្ញាធរខេត្តក្រចេះ ថា នឹងផ្តល់ដីឲ្យក្រុមពលរដ្ឋ ៣១គ្រួសារ នៅក្បែរៗដីដែលក្រុមអាជ្ញាធរបណ្ដេញចេញនោះ ប៉ុន្តែទាមទារឲ្យពលរដ្ឋត្រូវដាក់ពាក្យស្នើសុំដីសង្គមកិច្ចពី រដ្ឋជាមុនសិន៕RFA
សមត្ថកិច្ចដុតផ្ទះប្រជាពលរដ្ឋនៅចំណុចអូរសំពុង ភូមិប្រឡាយទ្រៀល ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។
RFA