ភ្នំពេញ ៖: សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសារ អាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំទី5ហើយ ជាមួយប្រជាពលរដ្ឋ សាសនិកឥស្លាម។
: សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងឳកាសពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋ សាសនិកឥស្លាម នៅល្ងាចថ្ងៃអង្គារ៌នេះថា ការទទួលបានលេខរៀងទី២០ សម្រាប់ការឈរឆឈ្មោះបោះឆ្នោតថ្នាក់ជាតិ នាខែកក្តដា ឆ្នាំ២០១៨នេះ គឺស្របពេលនៃខួប២០ឆ្នាំដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ដែលនាំអោយមានការអភិវឌ្ឍ និងការជួបជុំរីករាយគ្រប់សាសនា ក្នុងប្រទេសកម្ពុជា ។
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ហើយ ដែលសម្តេចតេជោ ហ៊ុនសែន នាយលរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពិសារអាហារស្រាយបួស រ៉ាម៉ាឌន ជាមួយសាសនិកខ្មែរឥស្លាម ដែលបង្ហាញថា ក្រៅពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋរាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ផងដែរ ពីសុខទុក្ខ និងការអភិវឌ្ឍ របស់ប្រជាពលរដ្ឋខ្មែរ ឥស្លាម ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងឳកាសពិសារអាហារស្រាយបួស ជាមួយសាសនិកខ្មែរឥស្លាម ប្រមាណជាង៤ពាន់៧រយនាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាពេលនេះ សម្តេចតេជោ នាយលរដ្ឋមន្ត្រី បានថ្លែងថា ទោះបីជាកម្ពុជា កាន់សាសនាព្រះពុទ្ធ តែជាក់ស្តែងក្នុងរយៈពេល៤០ឆ្នាំមកហើយនេះ កម្ពុជាក៏ស្រឡាញ់រាប់អានសាសនាឥស្លាមដែរ ដែលនេះបង្ហាញថាកម្ពុជាមិនមានការរើសអើងផ្នែកសាសនានោះទេ។
សម្តេចតេជោ បានលើកឡើងថា សាសនាទាំងពីរ បានធ្វើដំណើររួមគ្នានៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍតាំងពីដើមរៀងមក ហើយ កម្ពុជានឹងបន្តគាំទ្រចំពោះទំនាក់ទំនងរវាងប្រជាជនដែលកាន់សាសនាព្រះពុទ្ធ និងប្រជាជនឥស្លាម ដូចដែលមានកិច្ចសហប្រតិបត្តិការស្រាប់ តាមរយៈ អង្គការសហប្រតិបត្តិការឥស្លាម ហៅថា អង្គការ OIC ។
សម្តេចតេជោ ក៏បានលើកឡើង ពីបញ្ហាទាំងឡាយដែលកើតមានដោយសារជម្លោះសាសនា នៅក្នុងបណ្តាប្រទេសមួយចំនួន ដែលជាមេរៀនមួយសម្រាប់កម្ពុជា ប៉ុន្តែសម្រាប់កម្ពុជាមិនដែលមានជម្លោះសាសនាកើតមាននោះឡើយ។ ដោយឡែក ចំពោះ ការបោះឆ្នោតថ្នាក់ជាតិ ដែលនៅសល់ប្រមាណតែ៦០ថ្ងៃទៀតនឹងចូលមកដល់នោះ សម្តេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី បានស្នើសុំដល់គណបក្សនយោបាយដែលឈរឈ្មោះទាំងអស់ថា ទោះជា ទទួលបានលទ្ធផលបោះឆ្នោតយ៉ាងណាក៏ដោយ គឺសូមគណបក្សទាំងអស់ មានការគោរពចំពោះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការប្រើសិទ្ធជ្រើសរើសអ្នកដឹកនាំ។ ទន្ទឹមនេះ សម្តេចតេជោ សង្ឃឹមថា ប្រជាជនខ្មែរឥស្លាម នឹងបន្តការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈដែល ទាំងការបោះឆ្នោតទាំងថ្នាក់ជាតិកាលពីឆ្នាំ២០១៣ និង ការបោះឆ្នោតកាលពីឆ្នាំ២០១៧កន្លងទៅនេះ អាត្រាភាគរយរបស់ប្រជាជនខ្មែរឥស្លាម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានច្រើនរួចមកណាស់។ ម្យ៉ាងវិញទៀត ចំពោះលេខរឿងទី២០ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានពីការចាប់ឆ្នោតលេខរៀងឈរឈ្មោះ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងអាណត្តិនេះ គឺ ស្របទៅនឹងខួបឆ្នាំទី២០ ដែលកម្ពុជាបានឆ្លងផុតពីសង្គ្រាម ហើយទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះៗតែម្តង។ ដូចនេះ សម្តេចតេជោបានចាត់ទុកថា នេះ មិនមែនជាការចៃដន្យនោះទេ គឺដោយសារព្រះប្រទានពរជ័យ ចំពោះលទ្ធផលនេះ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអោយដឹងថា ចាប់ពីថ្ងៃទី 17 ខែឧសភា ឆ្នាំ2018 ត្រូវនិងថ្ងៃទី1 ខែរ៉ាម៉ាឌន ឆ្នាំ1439 ម៉ូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជាក៏ដូចជាសាសនាឥស្លាមក្នុងពិភពលោក
បានបួសតមអាហារ តាំងពីព្រលឹមរហូតដល់ថ្ងៃលិច ដែលមានរយៈពេលប្រមាណជាង 14 ម៉ោង។
ក្នុងរយៈពេលមួយខែក្នុងមួយឆ្នាំនៃខែរ៉ាម៉ាឌននេះ គឺជាកាតព្វកិច្ចទី4 ក្នុងចំណោមកាតព្វកិច្ចទាំង 5 នៃអ្នកកាន់សាសនាអ៊ីស្លាមនៅលើសាកលលោក៕