ឧត្តរមានជ័យ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅលើគោយន្តកន្ត្រៃ និងមនុស្ស២នាក់ទៀត បានរងរបួស ខណៈដែលកំពុងធ្វើដំណើរបើកគោយន្តកន្ត្រៃ ដឹកឈើអុសចេញពីព្រៃ ដើម្បីដុតធ្វើធ្យូងលក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង៣០នាទី ស្ថិតនៅចំណុចដីចំការប្រជាពលរដ្ឋឈ្មោះ យី ឈុន ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ឯក ធួក ហៅ ចាន់ ជាតិ ភេទប្រុសអាយុ៤៤ឆ្នាំ មានមុខរបរជាយោធាបម្រើការងារនៅអង្គភាពវរសេនាតូចលេខ៤២១ នៃកងពលតូចថ្មើរជើងលេខ៤២ មានទីលំនៅភូមិគីរីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមការរៀបរាប់ពីអ្នកបើកគោយន្ដកន្ត្រៃឈ្មោះ ជាតិ គា ភេទ ប្រុស អាយុ១៦ឆ្នាំ ដែលត្រូវជាកូនបង្កើតជនរងគ្រោះ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជុយ ជឿយ ភេទប្រុស អាយុ១៣ឆ្នាំ ដែលសន្លប់ដោយសាររន្ទះបាញ់ ហើយត្រូវជាក្មួយរបស់ជនរងគ្រោះ បានរៀបរាប់ថា ពេលជិះកំពុងជិះគោយន្តដឹកឈើត្រឡប់ពីព្រៃមកផ្ទះវិញ ដែលមេឃកំពុងតែភ្លៀងរលឹម ពួកគាត់ធ្វើដំណើរនៅតាមផ្លូវស្រាប់រន្ទះបាញ់មួយគ្រាប់ តែមិនត្រូវ ហើយធ្វើដំណើរបានប្រហែល ជាង១០០ ម៉ែត្រ រន្ទះក៏បានបាញ់មួយគ្រាប់ទៀតក៏ត្រូវជនរងគ្រោះជាឪពុកដែលកំពុងអង្គុយនៅលើរ៉ឺម៉ក់ គោយន្តខាងក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ ហើយក្មួយប្រុសឈ្មោះ ជុយ ជឿយ ក៏បានសន្លប់ផងដែរ។
គួរបញ្ជាក់ថា វិធីការពារសុវត្ថិភាពពេលមានភ្លៀង ផ្គររន្ទះ ទោះបីនៅក្នុងផ្ទះ ក៏គ្មានសុវត្ថិភាពដែរ ដើម្បីចៀសផុតពីគ្រោះថ្នាក់រន្ទះ យើងត្រូវយល់ដឹងនូវចំណុចខាងក្រោម៖ ទី១ បិទបង្អួចផ្ទះឱ្យជិត ជួយការពារ មិនឱ្យភ្លៀងសាចចូលប៉ុណ្ណោះទេ តែវាក៏ជារបាំងការពាររន្ទះបានមួយកម្រិតដែរ។ ទី២ ហាមជ្រកភ្លៀងនៅក្រោមដើមឈើ៖ នៅពេលមានព្យុះភ្លៀងរន្ទះ ហាមដាច់ខាតកុំរត់ទៅជ្រកនៅក្រោមដើមឈើណាមួយឱ្យសោះ ទោះនៅបរិវេណផ្ទះក៏ដោយ ព្រោះថាពេលខ្លះរន្ទះអាចនឹងបាញ់ដើមឈើទាំងនោះបានដោយស្មានមិនដល់ ដូច្នេះវាគ្មានសុវត្តិភាពនោះទេ។ ទី៣ ជៀសវាងការប្រើទូរស័ព្ទគ្រប់ប្រភេទ៖ការប្រើប្រាស់ទូរស័ព្ទដៃលេងហ្គេម ឬលេងអ៊ីនធឺណិត ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង មានផ្គរ រន្ទះ។ ទី៤ កុំនៅក្បែរឧបករណ៍អគ្គីសនី៖ពេលដែល មេឃភ្លៀងខ្លាំង ឬមានផ្គររន្ទះ អ្នកគួរតែធ្វើការស្នាក់នៅឱ្យឆ្ងាយពីឧបករណ៍ដែលមានចរន្តអគ្គីសនីទាំងអស់ដូចជា៖ ទូរស័ព្ទ កុំព្យូទ័រ វិទ្យុ ទូរទ្សសន៍ ព្រីភ្លើង ឬខ្សែភ្លើង និងឧបករណ៍ផ្សេងៗទៀតជាច្រើន។ ទី ៥ នៅឱ្យឆ្ងាយពីវត្ថុដែលធ្វើពីដែក៖ ព្រោះថាវាអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបានគ្រប់ពេលវេលាព្រោះជាប្រការមួយ ដែលគួរតែប្រុងប្រយ័ត្នផងដែរ៕