ប៉ោយប៉ែត ៖ អំពើរឆបោកកើតមានគ្រប់រូបភាពបើសិនជាយើងខ្វះការប្រុងប្រយ័ត្ន និងខ្វះការយល់ដឹង ឆាប់ជឿគេពេក។ជាក់ស្តែងជនរងគ្រោះជាពលករខ្មែរប្រុសស្រី ៥នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហៅសួរនាំ ខណៈពួកគេកាន់កាតចេញចូលដីថៃ(Immigration Card)ខុសប្រក្រតីមិនមែនជារបស់ខ្លួន នៅចំណុចទីតាំងត្រួតពិនិត្យលិខិតធ្វើដំណើរចេញក្រៅប្រទេសជាប់ និងគល់ស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកថ្ងៃទី3 ខែមិថុនា 2018 នេះ។
ជនរងគ្រោះទាំង5នាក់ ប្រុស4 ស្រីម្នាក់ ដោយក្នុងចំណោមនេះមានកុមារ2នាក់ផងដែរ។ពលកររងគ្រោះទាំងនេះ ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យឯកសារប៉ះចំពួកគេកាន់កាតចេញចូលដីថៃក្លែងក្លាយមិនមែនជាឈ្មោះ និងរូបថតរបស់ពួកដោយបន្លំទិញសំបុត្រចេញចូលដីថៃដូចគេឯង។
ឈ្មោះ ចិន សំបូរ ភេទប្រុស អាយុ40ឆ្នាំ មកពីភូមិនិងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រាប់សមត្ថកិច្ចថា ខ្លួនប្រុងធ្វើដំណើរទៅធ្វើការនៅខេត្តសាមុទ្រសាខនជាប់ក្រុងបាងកកប៉ុន្តែពុំមានឯកសារស្របច្បាប់នោះទេ។ ពលកររូបនេះ ប្រាប់ថា ខណៈធ្វើដំណើរមកដល់ព្រំដែននៅក្រុងប៉ោយប៉ែត ក៌៏ជួបមេខ្យល់ម្នាក់និយាយលួងលោមដោយប្រាប់ថាគេយកតែ1000បាតប្រាក់ថៃទេ គឺមានកាតអាចទិញសំបុត្រដើរចេញចូលដីថៃបាន។ក្រុមពលកររងគ្រោះផ្សេងៗទៀតក៏លើកឡើងដូចពលករម្នាក់ខាងលើដែរគឺគ្រប់គ្នាត្រូវគេឆបោកយកអស់ម្នាក់1000បាត លុះទិញសំបុត្ររួចដើរចេញមិនទាន់ដល់លើស្ពានព្រំដែនផងត្រូវសមត្ថកិច្ចហៅសួរនាំទើបដឹងថាចាញ់បោកគេ។
ជនរងគ្រោះទាំងអស់សមត្ថកិច្ចអន្តោប្រវេសន៍មិនបានយកទោសពៃរ៍អ្វីឡើយគឺគ្រាន់តែឲ្យអង្គុយចាំមើលមុខអ្នកឆបោក បើឃើញសមត្ថកិច្ចនិងឃាត់ខ្លួនយកប្រាក់ឲ្យវិញនិងចាត់វិធានការលើជនឆបោកនោះតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយមកទល់រសៀលថ្ងៃដដែលសមត្ថកិច្ចមិនទាន់ឃាត់បានជនសង្ស័យណាម្នាក់នៅឡើយទេហើយអះអាងថាក្រោយសួរនាំធ្វើកំណត់ហេតុជនរងគ្រោះនិងឲ្យត្រឡប់ទៅលំនៅដ្ឋានវិញរៀងខ្លួនៗ៕