ភ្នំពេញ ៖ ខណៈដែលប្រទេសកម្ពុជាកំពុងវិវត្តន៌ខ្លួនទៅកាន់សេដ្ឋកិច្ចបែបឌីជីថល នាឆ្នាំ២០២៣ខាងមុខនេះ វិស័យឯកជនដែលជាឆ្អឹងខ្នងដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក៏ត្រូវតែចាប់ផ្តើមផ្លាស់ប្តូរបរិបទជាបណ្តើរៗពីការធ្វើអាជីវកម្មបែបប្រពៃណី ទៅកាន់ការធ្វើអាជីវកម្មបែបទំនើប ទើបអាចតាមទាន់ទីផ្សារប្រកួតប្រជែង។
នាពេលបច្ចុប្បន្ន តំបន់អាស៊ាន បានឈានមកដល់ដំណាក់កាលបដិវត្តន៌នៃឧស្សាហកម្មទី៤ ដែលកំពុងវិវត្តន៌យ៉ាងខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ការបំពេញកិច្ចការនានា ជាពិសេស អាស៊ាន ក៏កំពុងឈានទៅរកសេដ្ឋកិច្ចបែបថ្មីមួយ គឺសេដ្ឋកិច្ចបែបឌីជីថល ដែលតម្រូវអោយប្រទេសជាសមាជិកទាំង១០ ត្រូវពង្រឹងសមត្ថភាពដើម្បីអោយដំណើរការនេះមានភាពស៊ីសង្វាក់គ្នាទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង របស់ប្រទេសនីមួយៗ។
ទន្ទឹមនេះ ប្រទេសកម្ពុជា ក៏កំពុងរៀបចំខ្លួនដើម្បីប្រែក្លាយទៅក្នុងសេដ្ឋកិច្ចបែបឌីជីថលនេះដែរ នៅក្នុងឆ្នាំ២០២៣ខាងមុខដែរ ជាក់ស្តែងតាមរយៈវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងខ្លាំង អោយវិស័យរដ្ឋ និងវិស័យឯកជន ត្រូវពង្រឹងនូវសមត្ថភាពផ្នែកបច្ចេកវិទ្យាទំនើប ដើម្បីតាមអោយទាន់ ទៅនឹងការវិវត្តន៌របស់ពិភពលោក។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៨នេះ ក្នុងវិស័យឯកជន សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាភាគច្រើន នៅពុំទាន់មានការប្រើប្រាស់ ប្រព័ន្ធអាជីវកម្មបែបទំនើប រឺហៅថា បែបឌីជីថល អោយបានទូលំទូលាយនៅឡើយ ខណៈដែលសហគ្រាសធំៗជាច្រើន កំពុងប្រើប្រាស់ ប្រព័ន្ធអាជីវកម្ម ទាំងបែបប្រពៃណី និងបែបឌីជីថល ។ លោក យ៉ន សុភារិទ្ធ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកគ្របគ្រងគេហទំព័រពាណិជ្ជកម្ម Bizkhmer យល់ឃើញថា ផ្អែកលើស្ថានភាពសេដ្ឋកិច្ច របស់កម្ពុជានាពេលបច្ចុប្បន្ន ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម គួរចាប់ផ្តើម ប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារតាមបែបទំនើប រឺហៅថា Digital Marketing ដើម្បី ត្រៀមប្រកួតប្រជែងក្នុងទីផ្សារបែបឌីជីថល។ ជាពិសេស ការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារតាមបែបទំនើប គឺមិនចំណាយថវិកាច្រើន ដូចការប្រើយុទ្ធសាស្ត្រទីផ្សារបែបប្រពៃណីនោះទេ។
ទន្ទឹមនេះ លោក មើលឃើញថា ដោយសារបច្ចុប្បន្នប្រជាជនកម្ពុជាប្រហែលពាក់កណ្តាលនៃចំនួនសរុប ប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដូចនេះបើសិនជាម្ចាស់អាជីវកម្ម ចេះប្រើប្រាស់បណ្តាញសង្គម បូកផ្សំជាមួយយុទ្ធសាស្ត្រទីផ្សារទំនើបអោយបានត្រឹមត្រូវ នឹងធ្វើអោយផលិតផល និងម៉ាកយីហោរបស់អាជីវកម្មកាន់តែរីកចម្រើន ៖៖៖ (សម្ភាសន៌ លោក យ៉ន សុភារិទ្ធ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកគ្របគ្រងគេហទំព័រពាណិជ្ជកម្ម Bizkhmer ) គួរបញ្ជាក់ថា សហគ្រាសធុនតូច និង មធ្យម មានចំនួនប្រមាណ៩០ភាគរយ នៃចំនួនសហគ្រាសសរុបនៅកម្ពុជា។