ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ ដោយធ្វើការតភ្ជាប់ពីផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់ផ្លូវ៣៧១ ប្រយោជន៍ដើម្បីជួយសំរួលការកកស្ទៈចរាចរណ៍អោយមានលក្ខណៈល្អប្រសើរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញបានប្រាប់អោយដឹង នៅក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធក្រោមវត្តមាន ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ មិថុនានេះនៅសាលារាជធនានីភ្នំពេញ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវថ្មីដែលមានទទឺង៣០ម៉ែត្រនេះ គឺមានគោលបំណងពីរ៖ ទី១ដើម្បីអនុវត្ដន៍ទៅតាមគំរោងប្លង់មេនៃតំបន់អភិវឌ្ឍន៍ជើងឯកផង និងទី២គឺជាការរៀបចំអោយមានសរសៃឈាមបន្ថែមទៀតនៅក្នុងការរៀបចំប្រព័ន្ធចរាចរណ៍អោយមានលក្ខណៈល្អប្រសើរក៏ដូចជាសំរួលនិងកាត់បន្ថយការកកស្ទៈចរាចរណ៍នៅក្នុងតំបន់ច្រមុះជ្រូកស្ទឺងមានជ័យ ។
លោកម៉េត មាសភក្តី បន្តថាវត្តមានផ្លូវមួយខ្សែរនេះនិងជួយប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើដំណើរកាត់មកដល់ ផ្លូវជាតិលេខ២តែម្តងហើយផ្លូវខាងលើនេះនិងមានការតភ្ជាប់ជាមួយនិងស្ពានមួយខ្សែរស្របតាមផ្លូវនេះផងដែរ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីប្លង់ និងផលប៉ះពាល់ផ្សេងៗដែលកើតមានឡើងមុនហ្នឹងសំរេចធ្វើការស្ថាបនាផ្លូវខាងលើនេះ។
គួរបញ្ជាក់ថា ផ្លូវមួយខ្សែរថ្មីនេះស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក តភ្ជាប់ពីផ្លូវជាតិលេខ ២ មកផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ ចេញតាមមុខផ្សារប៉េសេថ្មី ស្ថិតក្នុងខណ្ឌមានជ័យ ដោយគ្រោងប្រសិទ្ធនាមថា ជាវិថី អ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង៕