អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​២​នាក់​នៅ​ខេត្តកំពត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2014 ក+ ក-

ខេត្តកំពត​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ( អ​.​ប​.​ព​) កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ បាន​ចាប់​ឃាត់ខ្លួន​អ្នកយកព័ត៌មាន​ពីរ​នាក់​នៅ​ខេត្តកំពត​ពីបទ​ជម្រិត​ទារប្រាក់​។​នេះ​បើតាម​ប្រភពព័ត៌មាន​ដែល​អាច​ជឿទុកចិត្ត​បាន​។​

​មន្ត្រីជាន់ខ្ពស់​នៅ​ខេត្តកំពត​មួយរូប​បាន​ថ្លែង​ឲ្យ​ដឹងថា អង្គភាព អ.​ប​.​ព ពិតជា​មានការ​ចាប់ខ្លួន អ្នកយកព័ត៌មាន​ចំនួន ២​នាក់​នៅ​ខេត្តកំពត​ពីបទ​ជម្រិត​ទារប្រាក់ ប្រាកដ​មែន ប៉ុន្តែ​មិនទាន់​ដឹង​ពី ដំណើររឿង​លម្អិត​នៃ​ការចាប់ខ្លួន​នេះ​ទេ​។​
​មន្ត្រី​ដដែល​បន្តថា លោក​ថុល ហុក​លី អ្នករាយការណ៍​ព័ត៌មាន ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ និង​លោក ស័​រ ស៊ុន​លី អ្នកឆ្លើយឆ្លង​ព័ត៌មាន ទូរទស្សន៍​ហង្ស​មាស និង​ជាស​ហការី​កាសែត​កម្ពុ​ជាថ្មី ប្រចាំ​ខេត្តកំពត ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​កន្លែង​ពីរ​ផ្សេងគ្នា​កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០១៤ ដោយ​កម្លាំង​សមត្ថកិច្ច​មកពី​រាជធានី​ភ្នំពេញ​។ មិនទាន់​អាច​ដឹងបាន​ពីបទ​សង្ស័យ​ករណី​អ្វី​ឡើយ ដោយ សារ​ការឃាត់ខ្លួន​នោះ​មិនមែន​ធ្វើឡើង​ពី​សំណាក់​សមត្ថកិច្ច​ក្នុង​ខេត្ត​សាមី​នេះ​។​

​តាម​ប្រភព​ក្រៅផ្លូវការ​បានឱ្យដឹងថា ខណៈពេល​កំពុង​អង្គុយ​ហូបចុក​ក្នុង​ភោជនីយដ្ឋាន ហេង​រស្មី ក្នុង​ទឹកដី​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត នា​អំឡុង​ម៉ោង​ប្រហែល​ជាង ៨​យប់ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ លោក​ថុល ហុក​លី អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​តែម្តង​។ បន្ទាប់មកទៀត លោក​ស័​រ ស៊ុន​លី អ្នកឆ្លើយឆ្លង​ព័ត៌មាន ទូរទស្សន៍​ហង្ស​មាស និង​ជាស​ហការី​កាសែត​កម្ពុ​ជាថ្មី ក៏ត្រូវ​សមត្ថកិច្ច​ហៅ​ចេញ​ក្រៅ រួច​ឃាត់ខ្លួន ខណៈ ពេល​កំពុង​ចូលរួម ពិសា​ភោជនាហារ នៅ​ភោជនីយដ្ឋាន មាន​ហួត ក្នុង​កម្មវិធី​ប្រកាស​តំណែង នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​មួយរូប​។​

ប្រភពព័ត៌មាន បាន​ប្រាប់ឱ្យដឹង នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការរង​ទទួលបន្ទុក ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ក្នុង​ចន្លោះ​ពី​ម៉ោង​៨ ទៅ​ម៉ោង​៩ យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ ពិតជា​មាន​ករណី​ឃាត់ខ្លួន អ្នកសារព័ត៌មាន​ទាំងពីរ​នាក់ ខាងលើ​ប្រាកដ​មែន​។ តែ​លោក​មិនបាន​ដឹងថា ក្នុង​បទ​សង្ស័យ​អ្វីមួយ​ទេ ព្រោះ​ខាង​ភ្នំពេញ ជា​អ្នក​ចុះមក​ធ្វើ​។​

គួរ​បញ្ជាក់ថា លោក​ថុល ហុក​លី និង​លោក​ស័​រ ស៊ុន​លី ជា​អ្នក​រិះគន់​ដោយ​ឥត​សំចៃ តាម រយៈ​បណ្តាញ​ព័ត៌មាន​សង្គម ដែល​បាន​បង្កើត សម្រាប់​ម្នាក់ លើសពី ពីរ​គណនី ហើយ​បង្ហោះ​ព័ត៌មាន ស្តីពី​ភាពមិនប្រក្រតី ទាំង​របស់​បុគ្គល ទាំង​របស់​អង្គភាព ជា​រៀងរាល់ថ្ងៃ ធ្វើឱ្យមាន​ការចាប់អារម្មណ៍ ជាទូទៅ ចំពោះ​អ្នក​និយម​ព័ត៌មាន​បណ្តាញ​សង្គម​បែប​សេរី​មួយ​នេះ​។

​ក្រោយ​ទទួល​ព័ត៌មាន ពី​ការឃាត់ខ្លួន​នេះ មានការ​វិភាគ​ថា បើ​ឃាត់ខ្លួន ព្រោះតែ​ការ រិះគន់​សង្គម រិះគន់​បុគ្គល វា​ជា​ផ្នែក​មួយ​នៃ ការ​បំបាក់ស្មារតី នូវ​ការផ្សព្វផ្សាយ​របស់ អ្នកសារព័ត៌មាន​ហើយ​។​

​មិនអាច​សុំ​ការអត្ថាធិប្បាយពី​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាននៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ នេះ ដោយ​ទូរស័ព្ទ​របស់លោក​ជាប់​រវល់​។​ដោយឡែក រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក ខៀវ កា​ញ៉ា​រី​ទ្ធ ក៏​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានដែរ ដោយ​ទូរស័ព្ទ​របស់លោក​ទំនាក់ទំនង​មិន​ចូល​។​

រហូតមកដល់​រសៀល​ថ្ងៃទី​១៣​កញ្ញា​នេះ ដំណើររឿង​លម្អិត​យ៉ាងណា​នោះ មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​សមត្ថកិច្ច​ក៏ដូចជា​មន្ត្រី​អង្គភាព ស​.​ប​.​ព​នៅឡើយ​ទេ​៕

Untitled-1