ភ្នំពេញ ៖ ការតភ្ជាប់សាលារៀន ឌីជីថល កម្ពុជាត្រូវបានអភិវឌ្ឍក្នុងរយៈពេលជាង២០ឆ្នាំមកហើយ ជាមួយនឹងកំណើនផលទុនជាតិសរុបនៅប្រទេសកម្ពុជា (GDP) សរុបជាមធ្យមប្រហែល៧% ក្នុងមួយឆ្នាំ ហើយត្រូវបានគេព្យាករថា នឹងបន្តកំណើនរបស់ខ្លួននាពេលអនាគត។ ការរួមចំណែកសំខាន់ចំពោះកំណើនរហូតមកដល់ពេលនេះ គឺដោយសារមានសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស ជាមួយនឹងការបើកទូលាយនៅក្នុងគោលនយោបាយចំពោះការវិនិយោគពីបរទេស។ ក្នុងជំហានបន្ទាប់នៃការអភិវឌ្ឍប្រទេសកម្ពុជា គឺការផ្តោតទៅលើគុណភាពនៃកំណើន។ ដែលមានន័យថាប្រទេសកម្ពុជាត្រូវមានយុទ្ធសាស្ត្របន្ថែមទៀតទៅលើផែនការអភិវឌ្ឍន៍របស់ខ្លួន ក៏ដូចជាទាក់ទាញការវិនិយោគដែលមានគុណភាពបន្ថែមទៀតទៅលើវិស័យយុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួន។
ជាក់ច្បាស់ណាស់ថាការអភិវឌ្ឍនាពេលអនាគតនឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យានិងការរួមបញ្ចូលគ្នានៃវិស័យបច្ចេកវិទ្យា ដើម្បីជួយកែលម្អការសម្រេចចិត្ត ការរៀបចំផែនការ ការប្រកួតប្រជែង និងគុណភាពដ៏ល្អនៃជីវិតសម្រាប់មនុស្សគ្រប់គ្នា។ វាច្បាស់ណាស់ថាបច្ចេកវិទ្យាគឺជាអ្នកកំណត់និន្នាការនានានៅទូទាំងពិភពលោក។ សំខាន់ជាងនេះទៀតបណ្ដារអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សមាគមន៍អាស៊ាន ITU និង WEF ជាដើម កំពុងលើកទឹកចិត្តដល់ប្រទេសទាំងអស់ឱ្យទទួលយកនូវបច្ចេកវិទ្យាដែលនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍន៍របស់ប្រទេស ក៏ដូចជាដើម្បីចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤។
ប្រទេសកម្ពុជាត្រូវមានគំនិតផ្តួចផ្តើមខ្លាំងជាងមុនដើម្បីចូលរួមសហគមន៍សកលលោកដើម្បីនាំយកគំនិតនិងការគាំទ្រដ៏ល្អបំផុតពីសហគមន៍អន្តរជាតិដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍របស់ខ្លួន និងសម្រេចបាននូវសក្ដានុពលភាពរបស់ប្រទេស។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសដោយផ្តោតលើគម្រោងនិងកម្មវិធីដែលកំពុងជួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងរៀបចំសម្រាប់វិស័យសេដ្ឋកិច្ចឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ។
ផ្អែកលើយុទ្ធសាស្ត្រនិងគោលនយោបាយចតុកោណរបស់រដ្ឋាភិបាលការអភិវឌ្ឍវិស័យទូរគមនាគមន៍នឹងក្លាយជាកត្តាគន្លឹះក្នុងការគាំទ្រដល់រដ្ឋាភិបាល វិស័យឯកជន សង្គមនិងវប្បធម៌ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ និងគុណភាពនៃការអភិវឌ្ឍន៍សម្រាប់វិស័យទាំងអស់នោះ។ ប្រទេសកម្ពុជាបានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងវិស័យទូរគមនាគមន៍ហើយមានតម្លៃប្រើប្រាស់អ៊ីនធើណិតក្នុងតម្លៃថោកបំផុត ហើយក៏ជាប្រទេសមួយលឿនបំផុតក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់។ នេះបង្ហាញពីការគាំទ្រ និងថាមវន្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនវ័យក្មេងដែលបច្ចុប្បន្នគឺជាកំលាំងចលករដ៏សំខាន់នៃប្រទេស។
យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ យើងអាចមើលឃើញពីការកើនឡើងចំនួន១០% នៃការតភ្ជាប់ឌីជីថលនៅក្នុងចំណោមប្រជាជននៅតាមបណ្តាប្រទេសទូទាំងពិភពលោក ដោយផ្តល់នូវការកើនឡើងដោយផ្ទាល់ដល់ផលិតភាពរបស់ប្រទេសជាតិពី ១,២% -១,៣% នៃផលិតផលក្នុងស្រុកសរុប។នេះគឺជាសូចនាករដ៏រឹងមាំមួយសម្រាប់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញឱ្យមានគម្រោងតភ្ជាប់បន្ថែមដូចជា គម្រោង Wi-Fiសាធារណៈ និងការតភ្ជាប់ឌីជីថលទៅកាន់សាលារៀនជាគម្រោងមួយដែល ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានផ្តួចផ្តើមឡើងហើយនឹងបន្តគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះនៅទូទាំងប្រទេស។ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) ដើម្បីដាក់ឱ្យដំណើរការគម្រោងWi-សាធារណៈនៅក្នុងរាជធានីភ្នំពេញដោយមានការសហការពីក្រុមហ៊ុន Korea Telecom (ខេធី) ។
ក្រុមហ៊ុនខេធីគឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយរបស់ពិភពលោកដែលបានជួយប្រទេសកូរ៉េខាងត្បូងឱ្យអភិវឌ្ឍខ្លួនក្លាយជាប្រទេសឈានមុខគេនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។ យោងតាមចំណាត់ថ្នាក់ពិភពលោកសម្រាប់សន្ទស្សន៍អភិវឌ្ឍន៍ ICT ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានឱ្យដឹងថាប្រទេសកូរ៉េជាប់ចំណាត់ថ្នាក់លេខ ១ ឬទី ២ នៅលើពិភពលោកក្នុងរយៈ ៨ឆ្នាំចុងក្រោយនេះ។ យើងមានសេចក្តីសោមនស្សរីករាយដែលមាន KT ធ្វើជាដៃគូដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាកម្ពុជា។ គម្រោង Wi-Fiសាធារណៈកំពុងប្រើបច្ចេកវិទ្យាWi-Fiចុងក្រោយបំផុតពីខេធី។
គម្រោងទាំងនេះនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងភ្ញៀវទេសចរកាន់តែច្រើនដែលជាសសរស្តម្ភសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចភ្ជាប់អ៊ិនធឺណិតដោយល្បឿនលឿនបំផុតរហូតដល់ ១ ជីហ្គាបៃក្នុងមួយវិនាទីនៅក្នុងតំបន់សាធារណៈធំ ៗ ដូចជាសួនច្បារសម្តេចហ៊ុនសែន, សួនច្បារមុខព្រះបរមរាជវាំង និងកន្លែងជាច្រើនទៀតដែលបានតភ្ជាប់ទាំងនៅរាជធានីភ្នំពេញនិងបណ្តាខេត្ត។ សព្វថ្ងៃនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការគាំទ្រដល់ការបើកដំណើរការកម្មវិធីឌីជីថលសម្រាប់សាលារៀននៅវិទ្យាល័យហ៊ុនសែនទួលខ្ពស់ដោយមានការគាំទ្រពី TC និង KT ។ គោលបំណងនៃគម្រោងនេះគឺដើម្បីនាំមកនូវការតភ្ជាប់ទៅសាលារៀននៅទូទាំងប្រទេសតាមរយៈការបង្កើនការតភ្ជាប់អ៊ីនធឺណិតដែលនឹងអនុញ្ញាតឱ្យសាលារៀនភ្ជាប់ទៅការអប់រំឌីជីថលបន្ថែមទៀតដើម្បីសម្រាប់សាលាទាំងមូល។ យើងសង្ឃឹមថានឹងទទួលការគាំទ្រនិងសហការបន្ថែមទៀតជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដូចជា ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជានិងអង្គការអប់រំអន្តរជាតិ។
លើសពីនេះទៀតយើងសង្ឃឹមថានឹងបង្កើតកម្មវិធីអប់រំសាធារណៈបន្ថែមទៀតដើម្បីជួយលើកកម្ពស់ទីក្រុងស្អាត គ្មានគ្រឿងញៀន និងកម្មវិធីអប់រំស្ទែម (STEM) ។ យើងសង្ឃឹមថាកម្មវិធីសាធារណៈទាំងនេះនឹងជួយកែលម្អអាកប្បកិរិយា និងការយល់ដឹងរបស់សាធារណៈជនដើម្បីជួយលើកកម្ពស់សកម្មភាពរួមគ្នានិងផលប្រយោជន៍របស់យើងទាំងអស់គ្នា។ យើងមានគម្រោងគាំទ្រកម្មវិធីទាំងនេះតាមរយៈការប្រើមូលនិធិសកល និងមូលនិធិR&D Fund ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេតទាំងអស់។ យើងខ្ញក៏សង្ឃឹមផងដែរដើម្បីលើកកម្ពស់គំនិតបន្ថែមទៀតដែលនឹងជួយផ្តល់ឱ្យប្រជាជនកម្ពុជានូវចក្ខុវិស័យច្បាស់លាស់អំពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានិងត្រៀមខ្លួនចូលរួមក្នុងវិស័យសេដ្ឋកិច្ចឌីជីថលយ៉ាងឆាប់រហ័ស និងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលនឹងផ្តោតលើបញ្ញាសិប្បនិម្មិត អ៊ីនធឺណិតនៅក្នុងការរស់នៅប្រចាំថ្ងៃ និង ការទាញយកទិន្នន័យធំៗ ។
នៅពេលអនាគតយើងក៏សង្ឃឹមផងដែរក្នុងការសហការជាមួយកម្មវិធីអន្តរជាតិជាច្រើនទៀតដូចជា កម្មវិធីទប់ស្កាត់ជំងឺឆ្លងទូទាំងពិភពលោកដែលនឹងសហការជាមួយប្រទេសជាច្រើនក្នុងការជួយប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នៃជំងឺឆ្លងទូទាំងពិភពលោកដូចជា H1N1, Zika, Ebola … ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម។ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ប្តេជ្ញាធ្វើការជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងអស់ក្នុងតំបន់ និងអន្តរជាតិដើម្បីធានាថារដ្ឋាភិបាលកម្ពុជានឹងធ្វើឱ្យកម្មវិធីទាំងនេះជាអាទិភាពក្នុងការជួយធ្វើទំនើបកម្មប្រទេសនៅក្នុងគ្រប់វិស័យទាំងអស់ និងដើម្បីអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងការប្តេជ្ញាចិត្តចំពោះប្រកបដោយគុណភាព។ អ្វីដែលសំខាន់បំផុតនោះគឺកម្ពុជាក្លាយទៅជាប្រទេសដ៏ល្អ និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗជំនាន់៕