ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា ចិន នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៨មក ដោយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន។
ពិធីអបអរសាទរដែលត្រូវបានធ្វើឡើងនៅសាលសន្និបាតកោះពេជ្រ នេះ មានវត្តមានចូលរួមជាអធិបតីភាព ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចកិត្តព្រឺទ្ធបណ្ឌិត ព្រមទាំងមានការ ចូលរួមផងដែរ ពីសំណាក់ ឧត្តម ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ក៏ដូចជាអ្នកវិនិយោគធំរបស់កម្ពុជា និងចិនជាច្រើនរូបទៀត។
សម្តេចតេជោ បានថ្លែងថា ក្នុងរយៈពេល ៦០ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារ ឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និង ប្រជាជន ឆ្ពោះទៅកាន់ វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ ដែលទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះ ត្រូវបានកសាងឡើងរួមគ្នាដោយ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រធានម៉ៅសេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូអេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗ ដែលធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។
សម្តេចតេជោ មើលឃើញថា ការរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួម ចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេស ក្នុងតំបន់និងក្នុងពិភពលោកទៀតផង។ ជាក់ស្តែង ក្នុងក្របខណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម«ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និង ជំរុញការអភិវឌ្ឍបែប«ឈ្នះឈ្នះ»រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គាំទ្រគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ទាំងនេះ ។ ចំនុចសំខាន់មួយទៀតដែលសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺរដ្ឋាភិបាលចិនតែងគោរពឯករាជ្យ អធិបតេយ្យ និងការចាត់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការការញរសន្តិសុខ និងស្ថិរភាពសង្គម ។ ក្នុងន័យនេះ កម្ពុជានិងចិន ប្តេជ្ញាថាបន្តលើកកម្ពស់ វិសាលភាពនៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈានដល់ កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ ។
គួរកត់សំគាល់ថា ប្រទេសចិនជាដៃគូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដ៏ចម្បងរបស់កមជ្ព៉ា ។ ក្នុងឆ្នាំ២០១៧ ទំហំញណិជ្ជកម្មទ្វេភាគីមានចំនួន ៥ពាន់៥៧៧លានដុល្លារឤមេរិក។ ទំហំវិនិយោគចិនសរុបនៅកម្ពុជាឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១ពាន់៦៤៤លានដុល្លារឤមេរិក។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦ពាន់លានដុល្លារឤមេរិក នៅឆ្នាំ ២០២០ ៕