​ក្រសួង​បង្កើន​ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប ដើម្បី​ធានា​គុណភាព​ការអប់រំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​អះអាងថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨​ខាងមុខនេះ ក្រសួង​នៅតែ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​ដូច​ឆ្នាំមុនៗ​ដដែល​ដើម្បី​ធានាបាន​នូវ​គុណភាព​អប់រំ​ខ្ពស់​។​

​ថ្លែង​នៅក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ​កាលពី​រសៀល​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង លោ​កម​បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅតាម​កាលកំណត់​ខាងលើ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១៧ ០៦១​នាក់​កើនឡើង​ជាង​ឆ្នាំមុន​១៣.៩៤៩​នាក់​និង​មាន​១៩៥​មណ្ឌល​ចែកជា​៤៧១៦​បន្ទប់​នៅតាម​រាជធានី​ខេត្ត​ទូទាំងប្រទេស​។​
លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ចំពោះ​លទ្ធផល​នៃ​ការប្រឡង​វិញ​ក្រសួង​នឹងធ្វើ​ការប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​នៅ​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​និង​នៅ​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​២០១៨​នៅតាម​មណ្ឌល​ផ្សេងៗ​ទៀត​។​
លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ក្រសួង​បានធ្វើការ​កែសម្រួល​បន្ថែ​ម​ទៅលើ​បទ​បញ្ញា​តិ​មួយចំនួន​ដើម្បី​ឲ្យ​ការប្រឡង​កាន់តែ​មាន​សុ​ក្រិ​ត្យ​ភាព តម្លាភាព និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​បន្ថែមថា​ចំពោះ​វិធានការ​សម្រាប់​បេក្ខជន​ប្រឡង​វិញ​រួមមាន​ក្នុងករណី​បេក្ខជន​យក​សំណៅ​ឯកសារ​ប្រឡង សៀវភៅសរសេរ ទូរស័ព្ទដៃ​ចូល​មណ្ឌល​ប្រឡង ឬ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ឬ​បង្ក​ជំលោះ​នៅក្នុង​មណ្ឌល​ប្រឡង លួច​ចំលង​ឬ​យក​សំណៅ​ឯកសារ​ពី​អ្នក​ដ៏​ទៃ​យកមក​ដាក់​នៅលើ​តុ​របស់ខ្លួន លួច​មើល​ពេល​ប្រឡង​ប្រើប្រាស់​ទូរស័ព្ទដៃ និង​ឧបករណ៍​អេ​ឡេច​ត្រូ​និ​ច​គ្រប់​ប្រភេទ អង្គុយ​ខុស​លេខ​តុ​ឬ​រំកិល​តុ​ជាប់​គ្នា​ដូរ​កិច្ច​ការប្រឡង ប្រលង​ជំនួស នឹង​ទទួលបាន​ពិន្ទុ​សូន្យ​ឬ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​

​ក្នុងករណី​បេក្ខជន​ប្រឡង​ដើរ​ចុះ​ដើរ​ឡើង​ដោយ​មិនមាន​ការអនុញ្ញាត ហែកក្រដាស​កិច្ចការ​ប្រឡង​មិន​ឲ្យ​មេ​ប្រយោគ ផ្លាស់ប្តូរ​កន្លែង​អង្គុយ​ដោយ​ខ្លួនឯង ឲ្យ​ក្រដាស​កិច្ចការ​របស់ខ្លួន ទៅ​អ្នក​ដ៏​ទៃ​ចំលង​ឬ​សរសេរ​ចំណាំ​នៅលើ​ក្រដាស​កិច្ចការ​ប្រឡង​ឬ​បង្ក​ជំលោះ​ជាដើម​នឹងត្រូវ​ប្រឈម​នឹង​ការធ្លាក់​ហើយ​ហាម​មិន​ឲ្យ​ចូលរួម​ប្រឡង​១​ឆ្នាំ​ទៀតផង​។​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ធ្ងន់ធ្ងរ​ជាងនេះទៀត ក្នុងករណី​បេក្ខជន​យក​អាវុធជាតិផ្ទុះ​ចូល​មណ្ឌល​ប្រឡង​ឬ​ឲ្យ​អ្នក​ដ៏​ទៃ​ប្រឡង​ជំនួស​ខ្លួន​ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​និង​ហាម​មិន​ឲ្យ​ប្រឡង​២​ឆ្នាំ​។​ចំណែក​អ្នក​ប្រឡង​ជំនួស​គេ​ត្រូវ​ប្រឈម​នឹង​តុលាការ​ក្នុង​បទ​ក្លែង​ឯកសារ​សាធារណៈ​។​

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​បុគ្គលិក​អប់រំ​ក៏​ទទួលពិន័យ​ដូច​បេក្ខជន​ប្រឡង​ដែរ​ដូចជា​មេ​ប្រយោគ​ពេល​ឃើញ​បេក្ខជន​លួច​ចំលង​គ្នា​ហើយ​មិន​ចាប់​នោះ​គ្រូ​ទាំងនោះ​នឹងត្រូវ​ទទួលរង​ការពិន័យ​ជា​ផ្ទាល់មាត់​និង​ហាម​មិន​ឲ្យ​ធ្វើ​មេ​ប្រយោគ​រយៈពេល​១​ឆ្នាំ​។​ក្នុងករណី​គ្រូ​ជួយ​ធ្វើ​វិញ្ញាសារ​ឲ្យ​សិស្ស​ទទួល​សំណូក ឬ​រៀបចំ​ជា​ចំលើយ​វិ​ញ្ញា​ប្រឡង​អាច​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​ក្រម​ខណ្ឌ​គ្រូបង្រៀន​ឬ​ប្រឈម​នឹង​ផ្លូវ​តុលាការ​ផងដែរ​។​

​ដើម្បី​ឲ្យ​សុ​ក្រិត​ថែមទៀត​នោះ​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​ក្រសួង​បាន​អនុវត្ត​ឲ្យ​ការ​ការពង្រាយ​អ្នកសង្កេតការណ៍​ពី​អង្គភាព​ព​ប្រឆាំង​អំពើពុករលួយ​ជាង​៦​ពាន់​នាក់​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​ផងដែរ​។​

​ចំពោះ​វិញ្ញាសា​បរ​ឡង​គឺ​ក្រសួង​មិនមាន​បន្ធូរ​នោះទេ បានរៀបចំ​ទៅតាម​ស្តង់ដារ​និង​ទៅតាម​កំរិត​ចំណេះដឹង​របស់​សិស្ស​ហើយ​ពិន្ទុ​ដែល​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​២៣៧​ពិន្ទុ​។​ពិន្ទុ​ចាប់ពី​២៣៧​ដល់​២៨៥​ទទួលបាន និទ្ទេស​E ពិន្ទុ​ចន្លោះ​ពី​២៨៥​ដល់​៣៣៣​ទទួលបាន D​ពិន្ទុ​ចន្លោះ​ពី​៣៣៣​ដល់​៣៨០​ទទួលបាន C​ពិន្ទុ​ចន្លោះ​ពី​៣៨០​ដល់​៤២៧​ទទួលបាន B​និង​ពិន្ទុ​ចន្លោះ​ពី​៤២៧​ដល់​៥០០​ទទួលបាន​និទ្ទេស​A​។​
​ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ក្រសួង​ក៏មាន​រៀបចំ​ដាក់ពង្រាយ​រថយន្ត​សង្គ្រោះ​និង​គ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​ដើម្បី​ជួយសង្គ្រោះ​នៅពេល​បេក្ខជន​មាន​បញ្ហា​សុខភាព​ដូចជា​ឈឺក្បាល​វិលមុខ​ឬ​ដួលសន្លប់​ជាដើម​។​ជាងនេះទៅទៀត​សម្រាប់​បេក្ខជន​ជាប់​និទ្ទេស A​ឬ​B​ដែល​ពីមុន​ក្រសួង​តម្រូវ​ឲ្យ​ជាប់​គ្រូ​ដោយ​ស្វ័យប្រវត្តិ​នោះ​នៅ​ឆ្នាំនេះ​មិនមាន​ទៀត​ទេ​គឺ​ត្រូវ​ចូល​ប្រឡង​ដូច​គេ​ដូច​ឯង​ដែរ​។​

​សូម​រំលឹកថា កាលពី​ឆ្នាំមុន​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២១-២២ ខែសីហា ដោយមាន​សិស្ស​ប្រឡង ជាប់​ជាង​៦​ម៉ឺន​៣​ពាន់​នាក់ ស្មើនឹង​៦៣.៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន ៩៩,៧២៨​នាក់ ហើយ​ក្នុងចំណោម​សិស្ស ប្រឡង​ជាប់​ទាំងនោះ​ទទួល​និទ្ទេស A​ចំនួន ៤២៤​នាក់​, និទ្ទេស B ចំនួន ២,៤៦៤​នាក់​, និទ្ទេស C​ចំនួន ៥ ០០០​នាក់​, និទ្ទេស D ចំនួន ៩,១២៣​នាក់ និង​និទ្ទេស E ចំនួន ៤៦,៦៥៧​នាក់​៕