ភ្នំពេញ ៖ ដើម្បីគ្រប់គ្រង លើការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬ សារជាអក្សរ សំលេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជា ក្រសួងព័ត៌មាន បានប្រកាសអនុវត្តជាផ្លូវការនូវប្រកាសអន្តរក្រសួង ចាប់ពីពេលនេះតទៅ ដើម្បីឱ្យស្របតាមអនុក្រិត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានថ្លែងឱ្យដឹងនៅក្នុងសិក្ខាសាលា ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណេតនៅព្រះរាជណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣ខែកក្កដានេះថា ក្នុងគោលដៅទប់ស្កាត់ រាល់ការផ្សព្វផ្សាយឬ ការចែកចាយខ្លឹមសារព័ត៌មាន ឬ សារជាអក្សរ សំឡេង រូបភាព និងទម្រង់ផ្សេងៗ ដែលមានចេតនាបង្ករជាចលាចល បណ្តាលឱ្យអន្តរាយដល់ វិស័យការពារជាតិ សន្តិសុខជាតិ និងទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។
លោកបញ្ជាក់ថា ដើម្បីធានាឱ្យការអនុវត្តប្រកាសនេះមានប្រសិទ្ធភាពខ្ពស់ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់តាំងអង្គភាពជំនាញជាសេនាធិការរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងកិច្ចសហការធ្វើការតាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់ តាមគេហទំព័រ និង បណ្តាញទំនាក់ទំនងសង្គមដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា លោកប្រធាននាយកដ្ឋារូបនេះអះអាងថា នេះមិនមែនជាការរឹតបណ្តឹង ចំពោះប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលនោះទេ គឺជាការតម្រង់ទិសឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែប្រើប្រាស់យ៉ាងទូលំទូលាយ ឱ្យទៅជាការអប់រំ ការកំសាន្ត ការចែករំលែកនូវអ្វីដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ និងឱ្យគ្នាទៅវិញទៅមក ជៀសជាងយកទៅជេរប្រមាថ តិះឌៀល ដែលគ្មានមូលដ្ឋាន។
ទាក់ទិនទៅនិងយុទ្ធនាការឃោសនា បោះឆ្នោតនៅពេលខាងមុខនេះ ឯកឧត្តម ផុស សុវណ្ណ បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គោរពទៅតាមគោលការណ៍ណែនាំរបស់ គ.ជ.ប.សម្រាប់បណ្តាញទំនាក់ទំនងសង្គមសុំឱ្យការឡាច ការស៊ែ ត្រូវពិនិត្យពិចៃឱ្យបានជាក់លាក់ ដើម្បីកុំឱ្យមហាជនមានការជឿទៅលើព័ត៌មានមិនពិត ដែលធ្វើអោយប៉ះពាល់និងមានការភ័ណ្ឌច្រឡំដល់សាធារណៈជននិងបំពុលសង្គមផងដែរ៕