ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិន្នន័យបច្ចុប្បន្នភាពមួយថា គិតមកដល់ត្រឹមខែកក្ដដាឆ្នាំ២០១៨នេះ ចំនួនយានយន្ត នៅរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់ជាង២លាន ១៩ម៉ឺនគ្រឿង។
ការកើនឡើងនេះដោយសារ តែកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ហើយរាជរដ្ឋាភិបាល អាចរក្សាបាន នូវកំណើនសេដ្ឋកិច្ចថេរមួយក្នុងរង្វង់៧% ជាប់គ្នាជាច្រើនឆ្នាំ
បើតាមការបញ្ជាក់ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៨នេះ បាន បង្ហាញថា គិតត្រឹមខែកក្ដដានេះ នៅក្នុងរាជធានីភ្នំពេញ មានរថយន្តគ្រប់ប្រភេទ មានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១លាន៧សែនគ្រឿង និងរឺម៉កកង់បី មានចំនួន១ម៉ឺន១ពាន់គ្រឿង ដែលបានចុះបញ្ជី។
បើប្រៀបធៀបកាលពីចុងឆ្នាំ២០១៦ ចំនួនរថយន្តមានតែ៤០ម៉ឺនគ្រឿង និងម៉ូតូមានចំនួន១លាន៤សែនគ្រឿង ខណៈដែលចំនួនកង់បីក្នុងឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនមិនបានបញ្ជាក់ពីតួរលេខនោះទេ។ ចំពោះចំនួនយានយន្តទាំងនេះ គឺបានចុះបញ្ជីរួចរាល់ហើយ លើកលែងតែ រ៉ឺម៉កកង់បីដែលមានចំនួនប្រមាណជាង១០%ប៉ុណ្ណោះ មិនទាន់បានចុះបញ្ជីការត្រឹមត្រូវ។
ទាក់ទិននិងចំនួនយានយន្តនេះដែរ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្មីៗកន្លងទៅនេះ បានបង្ហាញថា ចំនួនយានយន្តនៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងពេលបច្ចុប្បន្ន បើគិតចំនួនរថយន្តសរុបនៅទូទាំងប្រទេសកម្ពុជា មានចំនួនជិត ១លានគ្រឿង និង ម៉ូតូមានជាង៦លានគ្រឿង ដែល កំណើននៃចំនួនយានយន្តទាំងនេះគឺបន្ទាប់ពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា បានរីកលូតលាស់ប្រមាណ៧% ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ។ ចំណែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់បានបញ្ជាក់ដែរថា ដោយសារចំនួន យានយន្តមានការកើនឡើងនេះហើយ ធ្វើអោយគ្រប់ផ្លូវក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ជាខ្លាំង ជារៀងរាល់ថ្ងៃ។
ក្រៅពីនេះនៅមានកត្តាជាច្រើនទៀត ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ដូចជា អ្នកបើកបរមិនសូវគោរពច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋមួយចំនួន រំលោភយកផ្លូវ និងចិញ្ចើមផ្លូវធ្វើអាជីវកម្មធ្វើជាចំណតផ្ទាល់ខ្លួន ជាដើម។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែសីហា ឆ្នាំ២០១៦មក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការនូវការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីសម្រាប់យានយន្ត ដើម្បីសម្រួលបន្ថែមក្រៅពីសេវាកម្មចុះបញ្ជីដោយផ្ទាល់នៅមន្ទីរសាធារណៈការខេត្តក្រុង។ ដែលដំណើរការនេះ ក៏ជាកត្តាជម្រុញមួយធ្វើអោយចំនួនយានយន្តចុះបញ្ជីត្រឹមត្រូវមានការកើនឡើងជាបន្តបន្ទាប់ដែរ៕