សហភាព​អឺរ៉ុប​ចាប់ផ្តើម​វាយតម្លៃ​លម្អិត​មុនពេល​អនុគ្រោះ​ពន្ធ​បន្តទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ថា កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​បន្តទៀត ដើម្បី​ជួយ​ពង្រឹង​ជីវភាព​ប្រជាពលរដ្ឋ​ប្រមាណ​៣​លាន​នាក់​ឱ្យមាន​ចីរភាព និង​បាន​អះអាងថា កម្ពុជា​អនុវត្តបាន​ច្រើន​តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​នាពេល​កន្លងមក​ផងដែរ​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ថ្ងៃទី​១៣​កក្កដា នេះ​។​

​ការ​ថ្លែង​នេះ បានធ្វើ​ឡើង​នៅ​បន្ទាប់ពី​គណៈប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប កំពុង​ចាប់ផ្ដើម​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ពិតប្រាកដ ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល ៧​ថ្ងៃ របស់ខ្លួន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ កក្កដា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ដំណើ​រវិ​វ​ឌ្ឍ​វិស័យ​សិទ្ធិមនុស្ស និង​វិស័យ​ការងារ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ ដោយ​ប្រកាស​ពី​ការចាប់ផ្តើម​វាយតម្លៃ​ព័ត៌មាន​លម្អិត​ពី​ស្ថានភាព​នៅ​កម្ពុជា​។​

​ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប អ្នកស្រី Cecilia Malmstrom ថ្លែងថា គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប គឺ​ផ្ដោតលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន រួមមាន យុត្តិធម៌​សង្គម ការគោរព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​បទដ្ឋាន​ការងារ ជាដើម​។ អ្នកស្រី​ថា ក្រោយពី​បិទ​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នេះ គណៈប្រតិភូ​នេះ នឹង​ចាប់​ផ្ដើមធ្វើ​ការវាយតម្លៃ​ព័ត៌មាន​លម្អិត ហើយ​ពិចារណា​ជំហាន​បន្ទាប់​ដែល​ត្រូវធ្វើ​។ អ្នកស្រី​ព្រមាន​ថា វិធានការ​ចុងក្រោយ គឺ​សហភាព​អឺរ៉ុប​នឹងធ្វើ​ការលុបចោល​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា EBA ចោល​តែម្ដង ប្រសិនបើ​រាល់​កិច្ចប្រឹងប្រែង​ទាំងអស់​ដទៃទៀត​របស់​សហភាព​អឺរ៉ុប ធ្លាប់បាន​លើកឡើង​កាលពីពេល​កន្លងទៅ នៅតែ​មិន​ទទួលបាន​ដំណោះស្រាយ​ណាមួយ​នោះ​។​

​ចំណុច​សំខាន់​នៃ​សេចក្តីប្រកាស​ព័ត៌មាន​នេះ គឺ ៖ «​បន្ទាប់ពី​បេសកកម្ម​ស្វែងរក​ការណ៍​ពិត​នេះ យើង​នឹង​វិភាគ​ការពិត​ដោយ​លម្អិត​និង​ពិចារណា​ពី​វិធានការ​បន្ទាប់​ទៀត​។ ការដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺជា​ជម្រើស​ចុងក្រោយ ប្រសិនបើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​បាន​បរាជ័យ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​ទាំងនេះ​»​។​

​សូម​រំលឹកថា កិច្ចព្រមព្រៀង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប បានអនុញ្ញាត​ឱ្យ​កម្ពុជា នាំចូល​ដោយ​រួច​ពន្ធ​ទៅ​សហភាព​អឺរ៉ុប ក្នុងឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ កិច្ចព្រមព្រៀង​នេះ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក្នុងការ​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​អឺរ៉ុប​ដោយ​មិន​យកពន្ធ​។​ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​ជាង ៦០០​លាន​ដុល្លារ​។ នេះ​បើតាម​ការអះអាង​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ឆ្នាំ​២០១៧៕