ភ្នំពេញ ៖ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពជាទូទាំងប្រទេស បាននាំគ្នាធ្វើពិធីទូងស្គរ វាយជួង គ្រវីទង់ជាតិ និងច្រៀងបទពង្សាវតាខ្មែរ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ ដើម្បីវប្បធម៌វិទ្សាសាស្ត្រ និងអប់រំរបស់អង្គការសហប្រជាជាតិ «យូនីស្កូ» បានសម្រេច ចុះតំបន់ប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពីភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ របស់ខ្លួននៅប្រទេសប៉ូឡូញ តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពជា បានប្រារពព្រឹត្តិការណ៦នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
សម្រាប់ព្រឹត្តិការណ៍ ប្រារពពិធីនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាពេលនេះ មានការចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលដឹកនាំដោយ លោក ម៉ប់ សារិ ប្រធានក្រុមប្រឹក្សា និងលោកម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំគ្នាធ្វើពិធីទូងស្គរ វាយជួង គ្រវីទង់ជាតិ និងច្រៀងបទ ពង្សាវតាខ្មែរ ដើម្បីចូលរួមអបអរសាទរខួប១០ឆ្នាំនៃប្រាសាទព្រះវិហារ និង ខួប១ឆ្នាំ នៃប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ ។
នៅក្នុងពិធីនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ដើម្បី ចូលរួមអបអរសាទរ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជ ការកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងរាជធានីភ្នំពេញ សូមអបអរសាទរចំពោះព្រឹត្តិការណ៏ដ៏មានសារៈសំខាន់នេះ តាមរយៈស្នូរទូងស្គរជាសញ្ញា ។
លោក បន្តថា ការកសាងប្រាសាទទាំងនោះ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កាលណោះមានសន្តិភាព និងមានការរីកចំរើន ទើបដូនតាយើងកសាងបានប្រាសាទដ៏មានតម្លៃនេះ ។ មិនថាសម័យណាទេ បើប្រទេសជាតិស្ថិតនៅក្នុងសង្គ្រាម គឺប្រទេសនោះមិនមានការរីកចំរើនទេ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមួយ ធ្លាប់តែជាប្រទេសមានសង្គ្រាមរាំរៃឲ្យទៅជាប្រទេសដែលពោពេញទៅដោយសន្តិភាព មានស្ថេរភាពនយោបាយល្អ ធ្វើឲ្យប្រទេសជាតិយើងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការអភិវឌ្ឍន៏រីកចំរើនទៅមុខជានិច្ច ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិដ៏ធំធេង ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតតែងតែយកចិត្តទុកដាក់លើកកិត្តិយសជាតិលើឆាកអន្តរជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការងារអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌប្រកបដោយចីរភាពតែម្តង ។ ការដាក់បញ្ចូលតំបន់ប្រវត្តិសាស្ត្រចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពនឹងរឹតតែជំរុញការយកចិត្តទុកដាក់អំពីតម្លៃជាប្រវត្តិសាស្ត្រនៃប្រាសាទទាំងនោះ និងបន្តថែរក្សាតំបន់នេះឲ្យបានខ្ជាប់ខ្ជួនសម្រាប់កូនចៅជំនាន់ក្រោយ ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី១៥ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើពិធីរំលឹក និងអបអរនៃការដាក់បញ្ជូលប្រាសាទទាំងពីរនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញអំពីភាពថ្កុំថ្កើងរុងរឿង និងភាពសុខដុមរមនារបស់អាណាចក្រខ្មែរនាសម័យមហានគរប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីក្រើនរំលឹក និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមថែរក្សា ការពារឱ្យស្ថិតស្ថេរគង់វង្សនូវបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបីយ៍ និងអរូបីយ៍ ដែលមានលើទឹកដីកម្ពុជា និង ដើម្បីបង្កើនការស្រឡាញ់ និងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាព សុខដុមភាព និរន្តរភាព និងវឌ្ឍនភាពនៃវប្បធម៌ជាតិ ជាពិសេស ដើម្បីទាក់ទាញដល់ទេសចរជាតិ និងអន្តរជាតិឱ្យចូលមើលប្រាង្គប្រាសាទ ដែលបានទទួលស្គាល់ជាសកលនេះ។
ទាក់ទិន្នទៅនឹងព្រឹត្តិការណ៏ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសារាចរណែនាំឲ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ ព័ន្ធ ត្រូវសហការគ្នា ដើម្បីឱ្យការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាតិនេះឱ្យបានអធិអធម ដែលបានបង្ហាញតម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌវប្បធម៌ជាតិទាំងពីរនេះ ព្រមទាំងបានណែនាំឱ្យនៅតាមក្រសួង ស្ថាប័ន រោងចក្រសហគ្រាស និងគ្រប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក បិទគំនូរផ្សាយតាមដងផ្លូវសាធារណៈ ទីលានសាធារណៈ ចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដានេះផងដែរ ។
យោងតាមរបាយការណ៍ពីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ក្នុងមួយឆ្នាំ ប្រាសាទព្រះវិហារទទួលបានទេសចរសរុបជាង១៥ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិជាង២ម៉ឺននាក់ ។ ចំណែកអាជ្ញាធរជាតិ សម្បូរព្រៃគុក បានឱ្យដឹងដែរថា ក្រោយពីប្រាសាទសម្បូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺកំណើនភ្ញៀវទេសចរមានការកើនឡើងទ្វេដង ក្នុងនោះទេសចរអន្តរជាតិ កើនឡើងដល់៧៥ភាគរយ បើគិតចាប់ពីពាក់កណ្តាលឆ្នាំ២០១៧ ដល់ពាក់កណ្តាលឆ្នាំ២០១៨នេះ ។
គួររំលឹកថា ប្រាសាទព្រះវិហារ ត្រូវបានអង្គការ យូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ។ ចំណែកប្រាសាទសំបូរព្រៃគុក គឺជាបេតិកភណ្ឌខ្មែរទី៣ ត្រូវបានចុះក្នុងបញ្ជីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ និងតំបន់ប្រសាទអង្គរ ត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌពីភព លោកកាលពីឆ្នាំ១៩៩២ បន្ទាប់ពីវិនិច្ឆ័យទៅលើលក្ខណៈសម្បត្តិដូចជា ភាពល្អឯកនៃតួប្រាសាទ អាយុកាលនៃប្រាសាទ រចនាប័ទ្មតួប្រាសាទ និងគុណតម្លៃនៃភាពលេចធ្លោជាដើម ៕