ភ្នំពេញ ៖ ហ្វេសប៊ុក របស់ឌីជេអាចារ្យធំ នៅពេលថ្មីៗនេះ បានវាយប្រហារធ្ងន់ៗចំពោះតារាចម្រៀង ងួន ចាន់ដេវីត ក្រោយពេលបទចម្រៀងថ្មីជាភាសាថៃថ្មីមួយ របស់ ងួន ចាន់ដេវីត ចេញជាផ្លូវការ។
ឌីជេ អាចារ្យធំ ដែលគេស្គាល់ច្បាស់ថា ជាអ្នកស្នេហាវប្បធម៌ខ្មែរដ៏ជ្រាលជ្រៅ ហើយលោកតែងតែចេញមុខរិះគន់មិនសំចៃមាត់ទៅលើអ្នកសិល្បៈមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ អាប់ឱនដល់វប្បធម៌ខ្មែរ ហើយនៅពេលនេះ លោកបានចេញមុខរិះគន់យ៉ាងខ្លាំងជាថ្មីទៀតទៅលើ ម្ចាស់បទ «ញីកែងជើង» ខាងលើ ចំពោះបទច្រៀងភាសាថៃមួយបទនេះដូចបានលើកឡើងខាងលើ។
ឌីជេអាចារ្យធំ បានសរសេរក្នុងហ្វេសប៊ុកថា៖ “ឮតែ (ណង…សួយក៏ឌី)…??? នេះឬអ្នកសិល្បៈ(ខ្មែរ)??? ខ្មាសដូនតា! មិនគួរផែនដីនៃខឿនវប្បធម៌ដ៏អស្ចារ្យនេះ មានកោសិកាអវិជ្ជមានកើតបាន ហើយប្រឹងលូនទៅលិឍបាតជើងចោរ…! ។ (ខ្មែរប្រឹងលួចថៃបច្ចុប្បន្ន) ឯ (ថៃប្រឹងប្លន់អតីតកាលរបស់ខ្មែរ)។ លោកអាចប្រកាសប្រាប់ពិភពលោកបាន ថាលោកបានមកកើតច្រឡំប្រទេសទេ លោកប្ដូរសញ្ជាតិ ប្ដូរឈាមចុះ កុំឲ្យឈ្មោះជាតិខ្មែរនេះ នាំថោកដល់លោកឯង” ។
សួមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែល ឌីជេអាចារ្យធំ រិះគន់ទៅលើតារាចម្រៀង ងួន ចាន់ដេវីត ទាក់ទងនឹងការចេញបទចម្រៀងដែលលោកចាត់ទុកថា ការផលិតបទចម្រៀងរបៀបនេះ ធ្វើឲ្យអាប់ឱនដល់វប្បធម៌ខ្មែរ៕