​អាថ៌កំបាំង​ក្រោយ​ការឃាត់ខ្លួន​អ្នកកាសែត​នៅ​ខេត្តស្ទឹងត្រែង​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2014 ក+ ក-

ស្ទឹងត្រែង​៖ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ អ្នកយក​ព័​ត៌​កាសែត​វិមានឯករាជ្យ​ម្នាក់​ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ប្ដឹង​ឱ្យកម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទ​ពីបទ​កំហែង​យក​។​ប៉ុន្តែ​អ្នកដឹង​ហេតុការណ៍​នេះ​បាន​និយាយថា ការចាប់ខ្លួន​នេះ​គឺ​គេ​រៀបចំ​ដើម្បី​សងសឹក​ពី​សំណាក់​ពួក​ឈ្មួញ​រកស៊ី​ឈើ​ល្មើសច្បាប់ ដែល​ឈ្មួញ​ខ្លះ​ជាម​ន្ត្រី​មានអំណាច​។​

នេះ​ជា​លើក​ទី​៥​ហើយ​ដែល​អ្នកយកព័ត៌មាន​ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​ល្មើសច្បាប់​មាន​ខ្នងបង្អែក​ជា​សមត្ថកិច្ច​ប្ដឹង​នៅពេលដែល​អ្នកកាសែត​សាកសួរ ឬ​ថតរូប​។​ករណីខ្លះ​មេ​ឈ្មួញ​បាន​យក​លេស​ថា​ជា​ឈើ​របស់​ប្រជាពលរដ្ឋ រួច​លប​ទៅប្ដឹង​សមត្ថកិច្ច​(​បក្ខពួក​របស់ខ្លួន​)​ឱ្យ​ឃាត់ខ្លួន​អ្នកកាសែត​ដោយ​ចោទប្រកាន់​ពីបទ​កំហែង​យក ប៉ុន្តែ​មិនបាន​ឃាត់ខ្លួន​ឈ្មួញ​រកស៊ី​ល្មើសច្បាប់​ជាដើម​បណ្ដឹង​នោះទេ​ទោះបីជា​ឃើញ​បទល្មើស​ជាកស្តែង​ក៏ដោយ និង​ករណី​ខ្លះទៀត​គ្មាន​ដើមបណ្ដឹង​ក៏ត្រូវ​ឃាត់ខ្លួន​យកទៅ​ឃុំ​ដែរ​។​

​អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ អ្នកកាសែត​ម្នាក់​ឈ្មោះ ព្រំ ធា ជា​អ្នកយកព័ត៌មាន​ឱ្យ​កាសែត​វិមានឯករាជ្យ​ត្រូវបាន​អ្នករកស៊ី​ដឹកឈើ​បានឱ្យ​មន្ដ្រី​យោធា​ម្នា​ក់នៅ​អង្គភាព​យោធភូមិភាគ​ទី​១​ប្ដឹងទៅ​កម្លាំង​សមត្ថកិច្ច​ថា បាន​ទារលុយ​ចំនួន​១០០​ដុល្លារ ហើយ​បាន​ឃាត់ខ្លួន​អ្នកនោះ​តែម្តង​។​

លោក ព្រំ ធា អ្នកយកព័ត៌មាន​ឱ្យ​កាសែត​វិមានឯករាជ្យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ លោក​បាន​បើករថយន្ដ​ចេញពីផ្ទះ​ប្រទះឃើញ​គោយន្ដ​សណ្ដោង​រ៉ឺម៉ក​មួយគ្រឿង​ដឹកឈើ​ច្រេស​ចំនួន​៤​សន្លឹក​ចេញពី​ក្នុងព្រៃ ហើយ​លោក​ក៏បាន​សួរនាំ​និង​បាន​រាយការណ៍​ជូន​មន្ដ្រី​ប៉ុស្ដិ៍​រដ្ឋបាល​ស្រែគរ​ដោយ​មិនបាន​ទារលុយ​ទេ​តែ​ម្ចាស់​ឈើ​បាន​សុំ​សម្រួល​ឱ្យ​១០០​ដុល្លារ​។​

លោក អ៊ី មន្ដ្រី​ប៉ុស្ដិ៍​រដ្ឋបាល​ស្រែគរ បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា ក្រោយពី លោក ព្រំ ធា បាន​រាយការណ៍​មក​លោកៗ​បាន​ចុះ​ទៅដល់​ភ្លាម​ហើយ​បានឃើញ​គោយន្ដ​សណ្ដោង​រ៉ឺម៉ក​ដឹកឈើ​៤​សន្លឹក​ធំៗ​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប៉ុន្ដែ​ឈ្មោះ មាស សុវណ្ណ ជាម​ន្ដ្រី​យោធភូមិភាគ​ទី​១​ជា​ឈ្មួញ​រកស៊ី​ឈើ​បាន​សុំ​សម្រួល​ជាមួយ​លោក និង​កូនចៅ​លោក​ម្នាក់ទៀត​រួមជាមួយ​នឹង​អ្នកកាសែត​ម្នាក់​ដោយ​គេ​ជា​អ្នក​សម្រួល​ដោយ​ខ្លួនគេ​ជូន​ថ្លៃ​សាំង​១០០​ដុល្លារ គឺ​លោក​មិនបាន​ទារ​នោះទេ ហើយ​លោក​មាស សុវណ្ណ​ក៏​មិន បានឱ្យ​លុយ​ភ្លាមៗ​ទេ​ថា​ចាំ​ទៅយក​នៅឯ​ខេត្ដ​។​

លោក​បាន​បន្ដថា រឿងនេះ​ឈ្មោះ មាស សុវណ្ណ ជាម​ន្ដ្រី​យោធា​ជា​អ្នក​ចេញមុខ​មកសុំ​សម្រួល ដោយ​ខ្លួនឯង​មិនមែន​ជាការ​ជំរិត​នោះទេ ទើប​លោក​បានឱ្យ​ឈ្មោះ ព្រំ ធា ទូរស័ព្ទ​ទៅ​សួរ​រឿង​លុយ​ដើម្បី​យកមក​ចាក់​សាំង​ទៅ​ប្រជុំ តែ​មិនដឹងថា ការសន្យា​ឱ្យ​លុយ​នេះ​គឺ​ដើម្បី​យក​លេស​ប្ដឹង​ចាប់​អ្នកកាសែត​បែបនេះ​ឡើយ​។​

គួររំលឹកថា ចាប់តាំងពី​ចុងឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ​នៅ​ខេត្ដ​ស្ទឹងត្រែង អ្នកកាសែត​ចំនួន​១១​នាក់​៥​ករណី​និង មន្ដ្រី​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ ៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​កំហែង​យក ដែលមាន​៦​ករណី​រួម​នឹង​មន្ដ្រី​បរិស្ថាន​។​ក្នុងករណី​ឃាត់ខ្លួន​អ្នកកាសែត នេះ​ក្រោម​ពាក្យបណ្ដឹង​របស់​ឈ្មួញ​រកស៊ី​ឈើ​ល្មើសច្បាប់​ដែល​ខ្លួន​ជា​មន្ត្រីរាជការ ។​

អ្នកកាសែត​ដែល​សមត្ថកិច្ច​ឃាត់ ខ្លួន​ទាំង​១១​នាក់​ខ្លះ​មាន​ដើមបណ្ដឹង និង​ខ្លះ​គ្មាន​ដើមបណ្ដឹង​ដោយសារ​មាន​ខ្នងបង្អែក​ពី​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ញុះញង់​ពីក្រោយ​ឈ្មួញ​ដើម្បី​ប្ដឹង​អ្នកកាសែត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​គេ​។​

គួរ​រំលឹក​ផងដែរ​ថា កន្លងទៅ​ថ្មីៗ​នេះ​អ្នកកាសែត​ម្នាក់ ឈ្មោះ​សូត្រ ទ្រី ត្រូវបាន​លោក ផាត់ ថៃ ព្រះរាជអាជ្ញារង​កោះ​ហៅចូល​បំភ្លឺ​ពី ករណី​ឃាត់​រថយន្ដ​ជំរិត​ទារលុយ ប៉ុន្ដែ​ដើមបណ្ដឹង​មិន​ចេញមុខ​ដោយ​រក​មិនឃើញ​កំហុស​ក៏បាន​ដោះលែង​ទៅវិញ​។ អ្នកកាសែត​ទាំង ១១​នាក់​ខ្លះ​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​ដូចគ្នា​សុំ​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មួយចំនួនទៀត​ត្រូវបាន​ជាប់ពន្ធនាគារ ដោយសារ​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​ប្តឹង​ពីបទ​ស្រដៀង​គ្នា​នេះដែរ​។

កន្លងមក មិន​ខ្វះ​ទេ​ជនខិលខូច​ដែលជា​សមត្ថកិច្ច​បាន​ឆ្លៀត​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​ជំរិត​លុយ​ពី​អ្នករកស៊ី​ខុសច្បាប់ ប៉ុន្តែ​គ្មាន​ក្រុម​ឈ្មួញ​ណាមួយ​ហ៊ាន​ប្ដឹងផ្តល់​ទេ​ព្រោះ​ខ្លាច​ខាន​រកស៊ី ឯ​អ្នករកស៊ី​ល្មើស​ខ្លះទៀត​ជា​មន្ត្រី​មានអំណាច ។​

មជ្ឈដ្ឋាន​ជាច្រើន បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទៅលើ​អ្នកកាសែត​ក្នុង​ហេតុការណ៍​ដូចខាងលើ​នេះ ហើយ​បាន​ចាត់ទុកថា​ជាការ​គំរាមកំហែង​បំបាក់ស្មារតី​ចំពោះ​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​ស្ថាប័ន​សា​ព័ត៌មាន​នានា និង​ការសម្តែង​មតិ​ប្រឆាំង​ចំពោះ​កា​ប្រព្រឹត្ត​បទល្មើស និង​អំពើពុករលួយ​៕

Untitled-1

                  អ្នកកាសែត​ម្នាក់​ត្រូវបាន​ក្រុម​ឈ្មួញ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន

​ពីបទកំហែង​យក​