ភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០១៨នេះជាឆ្នាំ ដែលកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិក្តី តែការបណ្ដាក់ទុនវិនិយោគនានាទាំងពីក្រៅនិងក្នុងប្រទេស មកលើកម្ពុជានៅតែមានកំណើនដដែល ជាក់ស្ដែងក្នុងរយៈពេល៦ខែ ដើមឆ្នាំ ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគចំនួន១០៦គម្រោង ស្មើនឹងទឹកប្រាក់ប្រមាណ៣ពាន់៥រយលានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ ២០១៨ រឺ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាស្ថាប័នផ្ដល់អាជ្ញាប័ណ្ណអនុញ្ញាតិអោយវិនិយោគិនបណ្ដាក់ទុនរកស៊ីនៅកម្ពុជានោះ បានយល់ព្រមអនុម័តគម្រោងវិនិយោគសរុបចំនួន ១០៦គម្រោង ក្នុងនោះគម្រោងថ្មីសុទ្ធសាធ ចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន ៩ គម្រោង ។
តាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងវិនិយោគទាំង១០៦គម្រោងនេះ មានទុនវិនិយោគសរុប ចំនួន ៣.៥០០លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុកបានចំនួនប្រមាណជិត១០ម៉ឺនកន្លែង ។ តាមតួលេខវិនិយោគនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៨ មានការកើនឡើងចំនួន ១៩គម្រោង ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ខណៈពេលដែលទំហំទុនវិនិយោគមានការកើនឡើងចំនួន ១៤% ជាពិសេស ការវិនិយោគលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម មានការកើនឡើងខ្លាំង រហូតដល់ទៅ ៧៧% ។
ជាមួយគ្នានេះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនទ្បើង ២២% ដែលក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់មានការកើនទ្បើងចំនួន ៨គម្រោង ពី១៥គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៧ មក២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨ ។ ជារួម តួលេខវិនិយោគនេះបានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ ។
បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងថា ការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក ក្នុងប្រទេសកម្ពុជានឹងនៅតែមានជាហូរហែព្រោះ មាលក្ខខណ្ឌជាច្រើនដែលវិនិយោគិនបរទេសនិងក្នុងស្រុកបណ្ដាក់ទុននិយោគ ដើម្បីរកប្រាក់ចំណេញ ឬអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោក ភឿង សុភណ្ឌ រដ្ឋលេខាធិក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា កម្ពុជាប្រៀបបីដូចជានំមួយដុំ ដ៏គួរអោយចង់ញ៉ាំពីសំណាក់វិនិយោគិន ជាពិសេសវិនិយោគិនក្រៅប្រទេស ជាក់ស្ដែងស្ថានភាពទាំងសេដ្ឋកិច្ច នយោបាយ និង បរិយាកាសធម្មជាតិសុទ្ធតែអំណោយផលដល់ការវិនិយោគ ។ លោកថា កម្ពុជាមិនដែលមានគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះសាហាវៗ ដូចបណ្ដាប្រទេសផ្សេងៗមួយចំនួននោះទេ ៕
ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានផ្ដល់ជាមតិដូចគ្នានេះដែរ ហើយថា កម្ពុជាគួរតែងាកទៅរកការផលិតណាដែលមានតម្លៃបន្ថែមខ្ពស់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ ។
គួរបញ្ជាក់ផងដែរថា ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅតាមបណ្ដារាជធានី ខេត្តមួយចំនួន កំពុងអភិវឌ្ឍន៍វិស័យឧស្សាហកម្មនិងបានផ្ដល់កម្លាំងពលកម្មដល់ពលរដ្ឋរាប់លាននាក់ ដូចជានៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកោះកុង និងខេត្តបន្ទាយមានជ័យជាដើម។
នាពេលកន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏បានប្រកាសដែរថា កម្ពុជានឹងបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅភូមិភាគឥសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ដែលជាខេត្តមានសក្តានុពលខ្លាំងខាងវិស័យដំណាំកសិឧស្សាហកម្ម ៕