កម្ពុជា​រក​ចំណូល​ជិត​៧០​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ រយៈពេល​៧​ខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2018 ក+ ក-


​ភ្នំពេញ ៖ ៧​ខែ​ដើមឆ្នាំ​២០១៨ នេះ កម្ពុជា​ទទួលបាន​ចំណូល​សរុប ៦៩,៦៦​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ឱ្យ​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជាង ១,៥៤​លាន​នាក់​។ ចំណូល​នេះ បាន​កើនឡើង ១៥,៣៦% និង​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ កើនឡើង ៨,៩៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ ថវិកា​ចំណូល​នេះ ត្រូវបាន​រំលែក​ចូលរួម​បរិច្ចាគ​ជាង​៣​លាន​ដុល្លារ​អាមេរិក ទៅក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​នេះ​បើតាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​នៅ​ថ្ងៃទី​១ សីហា ២០១៨​នេះ​។​

​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ នេះ គ្រឹះស្ថាន​អង្គរ បានចេញ​របាយការណ៍​ថ្មី ដែល​បង្ហាញថា ក្នុង​ខែកក្កដា កន្លងមក ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជិត​៨​លាន​២​សែន​ដុល្លារ​អាមេរិក តែ​តួលេខ​នេះ​បង្ហាញថា មានការ​ធ្លាក់ចុះ ០,៣៨​ភាគរយ បើ​ធៀប​នឹង​ខែកក្កដា ឆ្នាំមុន​។ ប៉ុន្តែ​បើ​គិតពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ទិញ​បណ្ណ​វិញ មាន​ជាង​១៨​ម៉ឺន​៥​ពាន់​នាក់ គឺ​កើន​១,៧៥​ភាគរយ ។ ក្នុង​ចំនួន​ប្រាក់ចំណូល​សរុប​ក្នុង​ខែកក្កដា​នេះ គ្រឹះស្ថាន​អង្គរ បាន​ឧបត្ថម្ភ​ថវិកា​ចូលក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា ចំនួន​ជាង​៣៧​ម៉ឺន​ដុល្លារ​។ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ក៏បាន​បង្ហាញ​ពី​ប្រាក់ចំណូល​សរុប​ពី​ការលក់​សំបុត្រ រយៈ​៧​ខែ ឆ្នាំ​២០១៨ ផងដែរ គឺមាន​ចំនួន​៦៩,៦៦​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង​ប្រមាណ​១៥,៣៦​ភាគរយ ធៀប​នឹង​ឆ្នាំមុន​។

ចំណែក​ចំនួន​ភ្ញៀវទេសចរ​ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​យ៌​ដ្ឋា​ន​អង្គរ ក្នុង​រយៈពេល​៧​ខែ​នេះ ក៏មាន​ការកើនឡើង​ប្រមាណ​៩​ភាគរយ គឺមាន​ចំនួន​សរុប ជាង​១៥​ម៉ឺន​៤​ពាន់​នាក់​។ ប្រាក់ចំណូល​សរុប​រយៈ​ពេល​៧​ខែ​នេះ គ្រឹះស្ថាន​អង្គរ បាន​បរិច្ចាគ​ថវិកា​ចូលទៅ​មូល​និ​ធី​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​ជាង​៣​លាន​៨​ម៉ឺន​ដុល្លារ​អាមេរិក​។

​សូមបញ្ជាក់ថា តម្លៃ​សំបុត្រ​សម្រាប់​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល​មួយថ្ងៃ មានតម្លៃ ៣៧​ដុល្លារ រយៈពេល​៣​ថ្ងៃ​មានតម្លៃ​៦២​ដុល្លារ និង រយៈពេល​មួយអាទិត្យ មានតម្លៃ ៧២​ដុល្លារ​។

​បើតាម​ការលើកឡើងរ​បស់ លោ​កម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បញ្ជាក់ថា ក្រៅពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ ក្នុង​តំបន់​អង្គរ ខេត្តសៀមរាប ក៏បាន​រៀបចំ​សេវា​បដិសណ្ឋារកិច្ច និង​សេវា​ទេសចរណ៍​នានា​ជាច្រើន​ទៀតផង​ដែរ ក្នុងនោះ មាន​សណ្ឋាគារ ចំនួន​២២០​កន្លែង អា​ផាត​ម៉ិ​ន​៩​កន្លែង ផ្ទះសំណាក់​២៩៦​កន្លែង ភោជនីយដ្ឋាន​១៧១​កន្លែង ហាង​ម៉ាស្សា ៥០​កន្លែង ភ្នាក់ងារទេសចរណ៍ ២៨៨​សាខា ម​គ្គុ​ទេស​ទេសចរណ៍ ៤៨៣៤​នាក់ រមណីយដ្ឋាន​៣៥​កន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន សរុប​៦២៣​គ្រឿង រួមមាន​ដូចជា តាក់ស៊ី ម៉ូតូឌុប និង​កាណូត ដែល​ត្រូវបាន​ចងក្រង​ជា​សមាគម​។ ការរីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​នេះ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ ២៨​ម៉ឺន​នាក់ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​បម្រើការ​រងារ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរ​ណ៌​ផ្ទាល់ ប្រមាណ​៨​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ​២០​ម៉ឺន​នាក់​៕