ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវជាកូនបង្កើត របស់ជនសង្ស័យអតីតលោកផ្កាយ២ បានព្យាយាម ចូលជួបឪពុក កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នៅឯនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមរយៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ខណៈដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរៀបចំឯកសារបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែជនសង្ស័យជាឪពុកបដិសេធមិនជួបសាច់ញាតិណាទាំងអស់។
ជនសង្ស័យអតីតផ្កាយពីរយោធាមានឈ្មោះ គឹម ម៉ារិន្ថា និងជាប្រធានក្រុមហ៊ុនដឹកអ្នកដំណើរ GSTដែលមានទីតាំងនៅក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ជាប់ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធចុងនិងកូនស្រីអាយុ៦ឆ្នាំ កាលពីដើមឆ្នាំ២០១៤ ក្រោយពីធ្វើសកម្មភាពឃាតកម្មគ្រោងទុកជាមុនដ៏ព្រៃផ្សៃនេះ ជនសង្ស័យបានគេចខ្លួនទៅរស់នៅក្រុងបាកកប្រទេសថៃ ហើយត្រូវសមត្ថកិច្ចតម្រួតថៃចាប់ខ្លួនជនសង្ស័យរូបនេះមកប្រគល់ឲ្យ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រទេសកម្ពុជាកាលពីរសៀល ម៉ោង២នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នៅឯច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ជនសង្ស័យត្រូវបានដឹកមកដល់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃរាជធានី ភ្នំពេញនៅវេលាម៉ោង១០យប់ថ្ងៃដដែល។
ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង៩និង១០ នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤។
គួររម្លឹកផងដែរថា កងកម្លាំងប៉ូលិស ក្រសួងមហាផ្ទៃ បានចុះឆែកឆេរក្នុងក្រុមហ៊ុនឡានក្រុង GST ដឹកអ្នកដំណើរ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ស្ត្រី និងកុមារីម្នាក់ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤។ ក្រុមហ៊ុន GST ដឹកអ្នកដំណើរ ស្ថិតនៅផ្លូវលេខ៨១ កែងផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ជិតផ្សារសូរិយា-ផ្សារថ្មី។
ឃាតកម្មដ៏ព្រៃផ្សៃមួយ លើស្ត្រីជាម្តាយឈ្មោះ វ៉ា ដារី អាយុ ៣០ ឆ្នាំ និងកូនស្រី ឈ្មោះ គីមថា វិច្ចដា អាយុ ៦ ឆ្នាំ បានកើតឡើង កាលពីដើមឆ្នាំ២០១៤ ហើយឃាតក បានយកសពទៅប្លុងចោលនៅជ្រោះពេជ្រនិល។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ប៉ូលិសបានចាប់ខ្លួនជនដៃដល់ម្នាក់ ដែលជនសង្ស័យជាឃាតក ឈ្មោះ ជា សំណាង អាយុ ៣៤ ឆ្នាំ ជាកូនប្រសារលោកឧត្តមសេនីយ៍ផ្កាយពីរ។
សម្តីសារភាពរបស់ជាសំណាង បានបញ្ជាក់ថា ករណីសម្លាប់ស្ត្រីអាយុ ៣០ ឆ្នាំ និងកូនស្រីអាយុ ៦ ឆ្នាំនោះ មានទាក់ទងនឹងលោកឧត្តមសេនីយ៍ទោ គឹម ម៉ារិន្ថា ជាមន្ត្រីយោធានៅក្រសួងការពារជាតិ និងជាអគ្គនាយកក្រុមហ៊ុនឡានក្រុង ជីអេសធី GST ដឹកអ្នកដំណើរ ដែលមានទីតាំងក្បែរផ្សារសូរិយា។ តែពេលនេះ លោកឧត្តមសេនីយ៍ គីម ម៉ារិនថា និងកូនប្រុសម្នាក់ទៀត កំពុងរត់គេចខ្លួន៕
លោកផ្កាយ២ជាប់ចោទពេលនគរបាលនាំខ្លួន