ខេត្តប៉ៃលិន ៖ ស្រកានាគជាដំណាំហូបផ្លែមួយប្រភេទ មានលក្ខណៈខុសប្លែក ពីដំណាំផ្សេង ទៀត ដែលប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន និយមដាំនៅតាមរបងផ្ទះ ឬក្នុងចម្ការ ដោយដំណាំនេះ គ្រាន់តែមានដើម ហើយចេញផ្កា និងផ្លែតែម្តង វាគ្មានស្លឹក ដូចរុក្ខជាតិដទៃទៀតឡើយ។
បើតាមស្ត្រី ម្នាក់ឈ្មោះយ៉ាន់ ធួក អាយុ៣៨ឆ្នាំ ជាកសិករ រស់នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បាន ឱ្យរៀបរាប់ថា៖ ស្រកានាគមានពីរប្រភេទ ខ្លះមានសាច់ពណ៌ស មានរសជាតិជូរអែម ខ្លះទៀតមាន សាច់ ពណ៌ស្វាយ រសជាតិផ្អែមឈ្ងុយ ហើយនៅពេលទុំ វាមានទម្ងន់ ចាប់ពី៣ខាំ ទៅកន្លះគីឡូក្រាម ស្របតាមស្ថានភាពដី។
ចំណែកសម្បកក្រៅ មានលក្ខណៈស្រដៀង ទៅនឹងស្រកាសត្វនាគ, សាច់មានគ្រាប់ល្អិតតូចៗ ដូច គ្រាប់ ល្ង។ចំពោះក្នុងការដាំគឺគាត់ដាក់បង្គោលប្រវែងជាង២ម៉ែត្រ ដាក់ចន្លោះពីគ្នាប្រវែងពី ២ម៉ែត្រ ទៅ៣ម៉ែត្រ ដោយមានដាក់សម្បកកង់ម៉ូតូដំជាប់នឹងឈើខ្វែងនៅពីលើ ដើម្បីឱ្យស្រកានាគវារឡើង ទៅរុំព័ទ្ធនៅខាងចុងបង្គោលនោះ ហើយពេលលូតលាស់កាន់តែវែងខ្លាំង យើងដើរកាត់ចុងចោល ឬ យកទៅដាំកន្លែងផ្សេងទៀត។
ជាមួយគ្នានេះដែរគាត់ក៏សំណូមពរ ដល់ប្រជាពលរដ្ឋ បើសិនជាអាចគួរនាំគ្នាដាំដំណាំនេះ ព្រោះការដាំ មិនមានអ្វី ដែលលំបាកនោះទេ គ្រាន់តែដាក់មែក ឬធាងវាដល់ដី ហើយមានបង្គោល នោះនឹងដុះលូត លាស់បានយ៉ាងល្អ អាចបានផលទទួលទានក្នុងក្រុមគ្រួសារយ៉ាងងាយ ព្រមទាំងលក់ឱ្យឈ្មួញ បាន ប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៀតផង ។
ចំណែកបុរសម្នាក់ទៀតឈ្មោះ សុខ អឿន អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា បានរៀបរាប់ថាស្រកានាគរបស់គាត់នាំយកពូជមកពីខេត្តបាត់ដំបង ដោយមុនដំបូងដាំតែប ន្តិចបន្តួច ប៉ុណ្ណោះ លុះក្រោយមក ក៏ដាំបំបែកកាន់តែច្រើនឡើងៗរហូតដល់ជាង៦០០គុម្ព នៅក្នុងចម្ការរបស់ គាត់ អស់រយៈពេល៦ឆ្នាំកន្លងមកហើយ បន្ទាប់ពីដាំបានត្រឹមតែ១ឆ្នាំ ដំណាំមួយនេះបានដុះ លូត លាស់ រហូត ដល់ទទួលបានផ្លែផ្កាជាច្រើន។
ស្រកានាគ ដែលគាត់ដាំជាលទ្ធផលទទួលបានគឺមួយឆ្នាំ បេះបានរហូតដល់ចំនួន៦ដង ទើបអស់ផ្លែ ហើយបេះម្តង អាចថ្លឹងលក់ ឱ្យឈ្មួញដែលមកពីខេត្តបាត់ដំបង ,សៀមរាប,បន្ទាយមានជ័យជាដើម ដោយជួនកាលបេះបាន៥០០គីឡូក្រាម ទៅ១តោនឯណោះ។
គាត់បានបន្តថា៖ បើនិយាយពីតម្លៃកាលពីប៉ុន្មានឆ្នាំមុន ស្រកានាគ១គីឡូក្រាម អាចលក់បាន៣០០០ រៀល ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារស្រកានាគ ហាក់ដូចជាមានការធ្លាក់ចុះបន្តិច ដោយ១ គីឡូក្រាម អាចលក់បានត្រឹមតែ២៥០០រៀលប៉ុណ្ណោះ។ជាមួយគ្នានេះដែរ លោកក៍បានពន្យល់ ពី វិធីដាំស្រកានាគ គឺគេត្រូវយកកូន ដែលកាត់ចេញដើមស្រកានាគចាស់ មកផ្សាំ ដោយដុះប្រវែង ៥ ហ៊ុន ឬ ១តឹក ទើបយកទៅដាំបាន។
បន្ទាប់មកគេត្រូវដាំបង្គោល ជាមុន ដែលជាប្រភេទបង្គោលរឹងមាំ និងធន់បានយូរអង្វែង ជៀសវាងការ បាក់ នៅពេលស្រកានាគលូតលាស់ល្អ។ ចំណែកផ្នែកខាងលើ គេត្រូវចោះបង្គោល និងដាក់ដែក រឹងមាំ ទំហំ១៤ ទៅ១៦លី ខ្វែងជា៤ជ្រុង កម្ពស់ពីដីប្រហែល ១ម៉ែត្រកន្លះ ទៅ ១ម៉ែត្រ ៧តឹក ហើយ ដាក់សំបកកង់ម៉ូតូសម្រាប់ដើមស្រកានាគវារលើ។ លោកបញ្ជាក់ថា ក្នុងមួយគុម្ព ត្រូវដាំបីកូន ប៉ុន្តែបើល្អគឺដាំចំនួនបួនកូន ហើយចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែងប្រមាណ ២ម៉ែត្រ ទៅ៣ម៉ែត្រ ។
លោកក៏បានសូមបញ្ជាក់ដែរថា ដំណាំស្រកានាគ បន្ទាប់ពីផ្ការួច បើ កសិករឧស្សាហ៍ស្រោចទឹកនោះ ផ្លែវានឹងថ្លោសធំល្អ មានរសជាតិផ្អែមឈ្ងុយ គួរឱ្យចង់បរិភោគផងដែរ។លោកក៏បានឲ្យដឹងដែរថា៖ ការចេះវិធីដាំស្រកានាគនេះគឺលោក មិនបានរៀនសូត្រ មកពីខាងមន្ទីរកសិកម្ម ឬពីមន្ទីរ ជំនាញណា នោះទេ គឺនឹកឃើញដាំដោយខ្លួនឯង ហើយក៏មិនធ្លាប់ ឃើញមន្ត្រីខាងមន្ទីរណាម្នាក់ចុះ ទៅអប់រំណែ នាំពីរបៀបដាំ និងថែទាំដំណាំកសិកម្ម របស់គាត់ដែរ។
សូមបញ្ជាក់ថា៖ នៅក្នុងខេត្តប៉ៃលិន មិនទាន់មានក្រុមហ៊ុនទទួលទិញផ្លែស្រកានាគនៅ ឡើយ ទេ ដោយសារតែកសិករទើបនិងចាប់ផ្តើមដាំបន្តិចបន្តួច នៅរបងផ្ទះ និងចំការមានចំនួនតិចតួច ប៉ុណ្ណោះ ៕