ពលរដ្ឋ​ស្រែកយំ​ដោយសារ​សូ​រិ​យោ​ដី​ខេត្តកណ្តាល​ចេញ​លិខិត​បំភ័ន​ពី​បណ្ណ​សំគាល់​សិទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2018 ក+ ក-

​ខេត្តកណ្តាល ៖ ​ប្រជាពលរដ្ឋ​ខេត្តកណ្តាល​មួយចំនួន​បានលើកឡើង​ថា ការដែល​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​ណី​កម្ម សុរិយោដី និង​សំណង់​បាន​ចុះ​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ​អំពី​ការប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នោះ គឺជា​សកម្មភាព​ដ៏​ល្អ​បំផុត​ក្នុងការ​កាត់បន្ថយ​នូវ​ជម្លោះដីធ្លី​រវាង​អ្នកមាន​ព្រំប្រទល់​ដី​ជាប់​គ្នា ។ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​យំ​មិន​ចេញ​ផងដែរ ដោយសារតែ​មន្ត្រី​ថ្នាក់ក្រោម​មិនបាន​អនុវត្ត​ការងារ​ឲ្យ​បានច្បាស់លាស់​គោរព​តាមច្បាប់​ភូមិបាល​ក្នុង​ការចុះវាស់វែង និង​បាន​បាញ់​កំណត់​ព្រំប្រទល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។

​កត្តា​នេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​រិះគន់​មន្ត្រី​ជំនាញ​ដោយ​លើកឡើងថា ការចុះវាស់វែង​ធ្វើ ទៅតាម​ការចង្អុលបង្ហាញ​របស់​អ្នកមាន​លុយ​មានអំណាច គឺ​ពុំបាន​ឲ្យ​អាជ្ញា​ភូមិ ឃុំ​ទៅ​ចង្អុលបង្ហាញ​ក្បាល ដី​នីមួយៗ​និង​ប្រាប់​ម្ចាស់​ក្បាលដី​នៅក្នុង​ភូមិ ឃុំ​មក​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​គ្រប់​ក្បាលដី​នោះទេ ។

​ការបាញ់​កំណត់​ព្រំ​ទៅតាម​ការចង្អុលបង្ហាញ​ពី​ភាគី​ម្ចាស់​ដី​ម្ខាង​ដោយ​មិនបាន​សហការ​ណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​និង​ម្ចាស់​ដី​នៅជាប់​ព្រំប្រទល់​បែបនេះ គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការបាត់បង់​ដី​លំនៅឋាន​ក៏​ដូច​ដីស្រែ​ចំការ ។ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺ​បាន​កាត់បន្ថយ​នូវ​ទំនាស់​ដីធ្លី និង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ជាខ្លាំង​ដោយសារ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ធ្វើ​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​មិន​អស់​លុយ តែ​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រងទឹក​ភ្នែក​ដោយសា​រ​បាត់បង់​ដីធ្លី​ដោយ​មិនដឹង​ពី​ការបិត​ផ្សាយ​នៃ​ការចុះបញ្ជី​ដីធ្លី​នេះ​ផងដែរ ។ ជាក់ស្តែង​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ចំនួន​៥​គ្រួសារ បាន​រងគ្រោះ​ដោយ​ជួបប្រទះ​នូវ​បញ្ហា​បែបនេះ ដោយ​មិនអាច​មានលទ្ធភាព​ប្តឹងតវ៉ា ។ នេះ​​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។

​ក្នុងចំណោម​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៥​គ្រួសារ មន្ត្រី​យោធា​តូចតាច​ក្រីក្រ​ម្នាក់​ឈ្មោះ ហ៊​ង ហឿន បច្ចុប្បន្ន​រស់នៅក្នុង​ផ្ទះ​ជួល​ឯ​ក្រុង​តាខ្មៅ បានចេញ​មុខ​តវ៉ា​តាមរយៈ​ស្នើសុំ​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ធ្វើការ​ចុះផ្សាយ​ពី​ភាពទាល់ច្រក​របស់លោក ដោយសារ​ដី​លំនៅឋាន​មួយកន្លែង ដែលមាន​ទទឹង​ជាង ២០​ម៉ែត្រ ជាប់​ផ្លូវ​លេខ​២១ និង​បណ្តោយ​ជាង ៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។

​ការតវ៉ា​នេះ​ដោយសារ​មន្ត្រី​សុរិយោដី​ខេត្តកណ្តាល​បាន​វាស់វែង​ធ្វើ​បណ្ណ​ឲ្យ​ម្ចាស់​ដី​ម្នាក់​ផ្សេងទៀត​ឈ្មោះ ហៀវ លន់ ដោយ​ជាន់​លើដី​របស់លោក ។ នេះ​បើតាម​ការអះអាង​របស់​ម​ន្រី​យោធា​ខាងលើនេះ ។​​

លោក ហ៊​ង ហឿន ជា​ម្ចាស់​ដី​នោះ បាន​និយាយប្រាប់​ទាំង​ទឹក​ថា ក្រោយពី​គាត់​ដឹងថា ដី​គាត់​ត្រូវបាន​ជំនាញ់​គេ​បាញ់​រំលោភ​ទៅតាម​ការចង្អុលបង្ហាញ​របស់​ភាគី​លោកជំទាវ ហៀវ លន់ ហើយ​នោះ គាត់​បាន​ទៅ​ជួប​មន្ត្រី​សុរ​យោ​ដី​ខេត្តកណ្តាល ដោយ​កាន់​ទាំង​ឯកសារ​ដើម​ទាំងស្រុង​ដើម្បី​ធ្វើការ​តវ៉ា បែរជា​មន្ត្រី​សុរិយោដី​ប្រាប់​គាត់​ថា អង្ករ​ក្លាយទៅជា​បាយ​ហើយ កាលពី​គេ​បិត​ប្រកាស​ម្ត៉េ​ច​មិន​ធ្វើ​ការតវ៉ា ទុក​រហូតដល់​គេ​ចេញ​ប័ណ្ណ​ទៅ​ឲ្យ​ឈ្មោះ ហៀវ លន់ បាត់ទៅហើយ មន្ទីរ​បានចេញ​បណ្ណ​នេះ​ធ្វើ​ទៅតាម​ការចង្អុលបង្ហាញ​របស់​ភាគី​ម្ចាស់​ដី​តែប៉ុណ្ណោះ ។​

​លោក​បាន​បន្តថា លោក​មិនដឹង​គេ​បិទ​ប្រកាស ឬ​ចុះ​វាស់វែង​នោះទេ ដោយសារ​លោក​មាន​ជំងឺ​ប្រចាំកាយ​ហើយ​សម្រាក​ព្យាបាល ។ មន្ត្រី​សុរិយោដី​បាន​លើកឡើងថា ការកំណត់​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជា​ផ្លូវច្បាប់​មិនអាច​តវ៉ា ឬ​សើរើ​បាន​ក្រោយ​ចេញ​បណ្ណ​រួច​បែបនេះ ។ អាជ្ញាធរ​គួរ​ធ្វើការ​ស្រាវជ្រាវ ឬ​ផ្សព្វផ្សាយ​ពី​ឈ្មោះ​ក្បាលដី ត្រូវ​ចេញ​នៅក្នុង​ភូមិ ឃុំ​តាម​ទូរស័ព្ទ ឬ​សារព័ត៌មាន ឬ​ឲ្យ​អាជ្ញាធរ​ភូមិ ទៅ​ជម្រាប​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប ។

​ប៉ុន្តែ​ផ្ទុយទៅវិញ លោក ហ៊​ង ហឿន បាន​បញ្ជាក់ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មិនបាន​ធ្វើបែបនេះ​ទេ បើសិនជា​អាជ្ញាធរ និង មន្ត្រី​ជំនាញ​បាន​ជម្រាប​លោក​ដល់ផ្ទះ​ដូច​ការបកស្រាយ​របស់​មន្ត្រី​សុរិយោដី​ខាងលើ ម្ល៉េះ​សម​ក្រុមគ្រួសារ​របស់លោក​និង​ប្រជាពលរដ្ឋ​ចំនួន ៥ គ្រួសារ​ទៀត​បានដឹង​មិន​ខាន មិនមែន​មិន​ធ្វើការ​តវ៉ា​ដោយ​ទុក​ឲ្យ​បាត់បង់​ដី​របស់ខ្លួន​ដូច្នេះ​នោះទេ ។​
​លោក​បាន​បន្តថា បច្ចុប្បន្ននេះ​លោក​ចាស់​ហើយ​ជិត​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍​ទៀត មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​សង្ឃឹម​លើដី​មួយកន្លែង​នេះ​ចង់​លក់​ដើម្បី​យកលុយ​មក​ព្យាបាល​ជម្ងឺ ប៉ុន្តែ​ឥឡូវ​ត្រូវ​មន្ត្រី​សុរិយោដី​វាស់វែង​ជាន់​រំលោភ​ចេញ​ប័ណ្ណ​ឲ្យ​ទៅ​លោកស្រី ហៀវ លន់​ហើយ​នោះ ។

​ដោយសារតែ​លោក​ជា​មន្ត្រី​យោធា​តូចតាច​ក្រីក្រ​មិនមាន​លទ្ធភាព​ប្តឹងតវ៉ា​បាន ទើប​លោក​សម្រេចចិត្ត​តវ៉ា​តាមរយៈ​សុំ​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ដោយ​សំណូមពរ​សុំ​ថ្នាក់លើ​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍ ។ ប៉ុន្តែ​ក្រោយពី​សារព័ត៌​មានបាន​ផ្សា​យមក​មន្ទីរ​ដែនដី​នគរូបនីយកម្ម សុរិយោដី និង​សំណង់ ខេត្តកណ្តាល​បានចេញ​លិខិត​មួយ​លេខ​១៣១៧​ដន​សស​.​កណ ចុះ​ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ ដោយ​លោក លឹម ចាន់​សុ​ភី ប្រធាន​មន្ទីរ​ដែនដី​នគ​រូប​នី​កម្ម សុរិយោដី និង សំណង់​ខេត្តកណ្តាល ដើម្បី​បំភ្លឺ​ទៅ​ក្រសួង ។ បើតាម​ខ្លឹមសារ​នៅក្នុង​លិខិត​នោះ​ហាក់​និយាយ​លំអៀង​ទៅខាង​លោកស្រី ហៀវ លន់ ហើយ​បាន​សង្កត់ធ្ងន់​ទំលាក់កំហុស​មកលើ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​មិនដឹង​អ្វី​ទាល់តែសោះ ។

​មិនតែប៉ុណ្ណោះ​ថែមទាំង​និយាយ​មួលបង្កាច់​ដោយ​ចោទប្រកាន់ថា ឈ្មោះ ហ៊​ង ហឿន ទើបតែ​បោះបង្គោល​ព្រំដី​នៅ​ឆ្នាំ ២០១៨ នេះ​ក្នុង​រយៈពេល​៤​ទៅ​៥​ខែ​មុន ។ ការនិយាយ​នេះ​លោក លឹម ចាន់​សុ​ភី បាន​លើកឡើងថា លោក ហ៊​ង ហឿន និង ប្រជាពលរដ្ឋ​ទាំង ៥ គ្រួសារ​ទៀត​តាម​ការពិនិត្យ​ជាក់ស្តែង និង សាកសួរ​ពី​លោក​មេឃុំ​បញ្ជាក់ថា ដី​របស់គាត់​គឺ​បោះបង្គោល​កាន់កាប់​ស្ថិតនៅ​លើដី​ចំណីផ្លូវ​និង​ប្រឡាយ​ប្រហែល ៤​ទៅ​៥​ខែ​មុននេះ​ក្នុង​ឆ្នាំ​២០១៨ ។

ការនិយាយ​នេះ លោក ហ៊​ង ហឿន និង​ប្រជាពលរដ្ឋ​៥​គ្រួសារ​កាន់តែ​ខឹងសម្បារ​យ៉ាងខ្លាំង​និង​ធ្វើការ​ច្រានចោល​ចំពោះ​ខ្លឹមសារ​នៅក្នុង​លិខិត​នោះ ដោយ​ពួកគាត់​លើកឡើងថា ដី​របស់គាត់​បាន​ទិញ​និង​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៦ ដែល​បានទទួល​ស្គា​ល់ពី​អាជ្ញាធរ​ភូមិ​ឃុំ​ត្រឹមត្រូវ​និង​មាន​បង្គោលព្រំ​ចាស់​តាំងពី​ឆ្នាំ​១៩៩៦​ផងដែរ ប៉ុន្តែ​ត្រូវបាន​បុគ្គល​ម្នាក់​ឈ្មោះ សែម រី បាន​ដក​និង​កម្ទេចចោល​ក្នុងអំឡុង​ប៉ុន្មាន​ខែ​មុននេះ ។

ករណីនេះ លោក ហ៊​ង ហឿន ក៏បាន​ប្តឹងទៅ​អាជ្ញាធរ​ឃុំ​កោះហៅ​បុគ្គល​រូបនេះ​មក​ធ្វើ​កិច្ចសន្យា​ផងដែរ ។ ចំណែក​លោក ឈឿង ឆូ មេឃុំ​រកា​ខ្ពស់​ក៏បាន​បដិសេធន៍​និង​ធ្វើការ​ច្រានចោល​ផងដែរ​ចំពោះ​ការលើកឡើង​របស់លោក លឹម ចាន់​សុ​ភី ត្រង់ចំណុច​នេះ ។ លោក ឈឿង ឆូ និយាយថា លោក​មិនបាន​និយាយ​បញ្ជាក់​បែបនេះ​ទេ ការនិយាយ​នេះ​គឺ​បាន​មួលបង្កាច់​លោក​ទាំងស្រុង មិនតែប៉ុណ្ណោះ​គឺ​ថែមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​លោកមា​ន​ការ​ថ្នាំងថ្នាក់​ជាមួយ​លោក​ថែមទៀត ។ លោក ឈឿង ឆូ បានស្នើ​សុំ​ឲ្យ​មន្ទីរ​ដែនដី​ពិសេស​លោក លឹម ចាន់​សុ​ភី គួរ​កែសម្រួល​ខ្លឹមសារ​ត្រង់ចំណុច​នេះ​ឡើងវិញ ជៀសវាង​មានទំនាស់​ជាមួយ​ប្រជាពលរដ្ឋ ៕