ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣ កញ្ញា នេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល១ឆ្នាំគត់ ពាក់ព័ន្ធបទចោទពីក្បត់ជាតិ លួចទាក់ទងជាសម្ងាត់ជាមួយបរទេស ដើម្បីផ្តួលរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា លោក កឹម សុខា ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។
ទោះបីជាមានការស្នើសុំនៅក្រៅឃុំជាច្រើនលើកច្រើនសារក្តី តែទីបំផុតតុលាការគ្រប់ជាន់ថ្នាក់ បានបដិសេធសំណើនេះជាបន្តបន្ទាប់ ដោយអះអាងថា ការអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំ គឺ អាចប៉ះពាល់នីតិវិធី តែមេធាវីលោក កឹម សុខា មិនយល់ស្របបែបនេះទេ ។
អ្នកច្បាប់មួយរូប បានបញ្ជាក់ថា បទចោទលោក កឹម សុខា ក្នុងអំពើក្បត់ជាតិ ខុសពីសំណុំរឿងក្នុងបទល្មើសព្រហ្មទណ្ឌដទៃទៀត ហើយបើតាមនីតិវិធីដែលដំណើរក្តីក្នុងសំណុំរឿងអំពើក្បត់ជាតិ ដូចជាពិបាករកច្រកសម្រាប់បើកឲ្យជនត្រូវចោទបាននៅក្រៅឃុំបណ្តោះអាសន្នណាស់។ ចំណែកការសុំលើកលែងទោស ក៏មិនអាចធ្វើឡើងនៅមុនពេលសវនាការ និងមានសាលក្រមកំណត់ទោសទណ្ឌនោះដែរ។
ព្រឹត្តិការណ៍ចុងក្រោយ ដែលអ្នកនយោបាយនិងបុគ្គលសំខាន់ៗមួយចំនួន ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ដែលអ្នកខ្លះត្រូវបានដោះលែងតាមសំណើរបស់នាយករដ្ឋមន្ត្រីក្តី នោះ មជ្ឈដ្ឋានជាច្រើន បានរំពឹងថា លោក កឹម សុខា អាចនឹងត្រូវដោះលែងដែរ។
ប៉ុន្តែទីបំផុត លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែលដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នទេ៕