ភ្នំពេញ ៖ ឧស្សាហកម្មល្បែងនៅកម្ពុជា គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដទៃទៀត ដែល ត្រូវបានចាត់ទុកសុទ្ធតែជាតួអង្គដ៏សំខាន់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ហើយថា វិស័យនេះបាន ចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ១៩៩៩ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ បានថ្លែងនៅក្នុងសន្និសីទស្តីពី ល្បែងពាណិជ្ជកម្មកម្ពុជាថា ថ្វីត្បិតតែកម្ពុជា ពុំទាន់ មានច្បាប់ស្តីពីការគ្រប់គ្រងកាស៊ីណូក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលបានជម្រុញឲ្យមានលិខិត បទដ្ឋាន គតិយុត្តមួយចំនួនដូចជា៖ ច្បាប់បង្ក្រាបល្បែងស៊ីសង, សេចក្តីសម្រេច,ប្រកាសអន្តរក្រសួង, សារា ចរ ណែនាំ និងសៀវភៅ បន្ទុកជាដើម ហើយថា ទោះបីជាយើងមិនទាន់មានច្បាប់គ្រប់គ្រង វិស័យ នេះ ក៏ដោយ ប៉ុន្តែ ចំណូលដែលប្រមូលបានពីវិស័យនេះមានកំណើនជាបន្តបន្ទាប់។
ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ថា ដោយមើលឃើញពីសារប្រយោជន៍ នៃការ ចូលរួមចំណែកពីវិស័យកាស៊ី ណូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការឆ្លើយតបទៅនឹង នៃ វិស័យល្បែងពាណិជ្ជកម្ម នៅលើពិភពលោក រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុជាសេនាធិការបានខិតខំយកចិត្តទុកដាក់ពង្រឹងការកសាងលិខិតបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងវិស័យនេះ ឲ្យស្របតាមបទដ្ឋានអន្តរជាតិ។ ក្នុងន័យនេះ និងក្នុងគោលបំណងឈានទៅគ្រប់គ្រង និង ប្រមូលចំណូលពីផ្នែកនេះឲ្យមានលក្ខណៈស្តង់ដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហ ការជាមួយក្រសួងមហាផ្ទៃ រៀបចំតាក់តែងច្បាប់ស្តីពី ការគ្រប់គ្រងរមណីយដ្ឋានសមាហរណ និង ល្បែងពាណិជ្ជកម្ម ដោយមានការចូលរួមពីអ្នកជំនាញការច្បាប់អាមេរិក ហើយបច្ចុប្បន្ន បាន បញ្ជូន ដល់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ ដែលអាចនឹងទទួលបានការអនុម័យយល់ ព្រមពីសភាជាតិ និងព្រឹទ្ធសភានៅឆ្នាំ២០១៩ ខាងមុខនេះ ហើយតាមរយៈសន្និសីទស្ដីពី ល្បែងពាណិជ្ជកម្មកម្ពុជា នាពេលនេះក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ សង្ឃឹម និងជឿជាក់ថា ប្រតិ បត្តិករកាស៊ីណូទាំងអស់ និងបញ្ញត្តិករ ដែលគ្រប់គ្រងវិស័យនេះ នឹងទទួលបាននូវចំណេះដឹង និង បទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីឈានទៅគ្រប់គ្រង និង ចូលរួមអនុវត្តក្នុងវិស័យល្បែង នៅ កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ ភាពស្របតាមស្តង់ដារអន្តរជាតិ៕