ជារៀងរាល់ឆ្នាំ ពិភពលោកបានកំណត់យកថ្ងៃទី១៥ ខែកញ្ញា រៀបចំទិវាសម្អាតអនាម័យពិភពលោកក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត» ខណៈនៅប្រទេសកម្ពុជា សំរាមនៅ តែជាប្រធានបទដ៏ក្តភគគុក ដោយសារនៅតែត្រូវបានគេបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈនានា ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
ឯ.ឧ. នេត្រ ភត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងកាលពីថ្ងៃ ព្រហស្បតិ៍ថា សម្រាប់ប្រទេសកម្ពុជា ទិវានេះនឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចុះធ្វើសកម្មភាពបោសសម្អាត និងអនាម័យ នៅតាមទីធ្លាសាធារណៈ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភណភាពក្នុងរាជធានី- ខេត្ត ទូទាំងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «រឿងបរិស្ថានគឺជារឿងរបស់យើងទាំងអស់គ្នា ដូច្នេះចាំបាច់គ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសត្រូវរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍដោយសម្អាតបរិស្ថាន របស់យើងឲ្យបានល្អ ពោលគឺរួមគ្នាបញ្ឈប់ការបំផ្លិចបំផ្លាញ និងបំពុលបរិស្ថានតទៅទៀត»។
បើតាមលោក ភត្រា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គប្បីត្រូវសម្អាតគេហដ្ឋាន និង ទីធ្លាជុំវិញផ្ទះរួមទាំងដងផ្លូវសាធារណៈ និងទីកន្លែងផ្សេងៗទៀតនៅក្នុងសហគមន៍របស់ពួកគេឲ្យបានល្អស្អាត ដើម្បីលើកកម្ពស់បរិស្ថាន និងសោភណភាពលំនៅឋាន និងសហគមន៍របស់ពួកគេ។ លោកបញ្ជាក់ថា៖ «បរិស្ថានល្អស្អាតនាំឲ្យការរស់នៅមានផាសុកភាព»។
ជាមួយគ្នានេះដែរលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវ នាវដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ដឹកនាំសិស្សានុសិស្ស ចូលរួមនៅក្នុងទិវានេះ ដើម្បីបោស សម្អាត និងអនាម័យនៅក្នុងទីធ្លាសាលារៀន និងទីសាធារណៈនានាឲ្យបានស្អាតប្រកបដោយសុខ ភាព។
លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមដង្កោ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានសំរាម និងកាកសំណល់ផ្ទះបាយ ត្រូវបានគេប៉ាន់ប្រមាណជាមធ្យម ២.៧០០ តោន ក្នុងមួយថ្ងៃ ក្នុងនោះកាកសំណល់ថង់ និងជ័រប្លាស្ទិកគ្រប់ប្រភេទមានចំនួន ១៨ភាគរយនៃកាកសំណល់ដែលប្រមូលបានពីទូទាំង១២ ខណ្ឌ ក្នុងរាជធានី។ នេះ លោកបន្តថា៖ «ការប្រមូល និងគ្រប់គ្រងកាកសំណល់ថង់ប្លាស្ទិកគឺមិនងាយស្រួលនោះទេ។ ថង់ប្លាស្ទិកងាយរសាត់ទៅតាមខ្យល់ និងបង្កឲ្យខូចសោភណភាព និងបរិស្ថានក្នុងទីក្រុងដូចជាបង្កការកកស្ទះប្រព័ន្ធលូទឹកធ្វើឲ្យមានការលិចលង់នៅពេលមានភ្លៀងធ្លាក់ជាដើម»។
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានកាលពីពេលថ្មីៗ នេះ បានចេញសារាចរណែនាំដល់គ្រប់បណ្ដាមន្ទីរ ស្ថាប័ន និងអង្គភាពរួមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ ចូលរួមបញ្ឈប់ការបោះចោលសំរាម និងកាកសំណល់គ្រប់ប្រភេទពាសវាលពាសកាល ដោយទាមទារឲ្យមានការបែងចែក និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ មិនតែប៉ុណ្ណោះបានដាក់ចេញនូវការផាកពិន័យយ៉ាងធ្ងន់ធ្ងរផងដែរ ដល់ជនទាំងឡាយណាដែលបន្តបោះចោលសំរាមដោយឥតសណ្ដាប់ធ្នាប់លើទីសាធារណៈ។
ទោះជាបែបនេះក្ដី សំរាម និងកាកសំណល់ថង់ប្លាស្ទិក នៅតែត្រូវបានគេប្រទះឃើញអណ្ដែតនៅតាមមាត់ច្រាំងទន្លេ ស្ទឹង បឹង ព្រែក និងតាមប្រព័ន្ធលូរំដោះទឹកក្នុងរាជធានី-ខេត្ត និងតាមដងផ្លូវ ឬសួនច្បារសាធារណៈដដែល បើទើបីជាក្រសួងបានតម្រូវឲ្យគ្រប់បណ្ដាអាជីវករក្នុងផ្សារទំនើបទាំង អស់ ត្រូវបូកបន្ថែមតម្លៃថង់ប្លាស្ទិកចំនួន ៤០០រៀល ក្នុងមួយថង់ លើទំនិញដែលអតិថិជនរបស់ខ្លួនបានទិញ និងទាមទារវេចខ្ចប់បានត្រឹមត្រូវក៏ដោយ៕