វេទិកា បូអាវ ជាឱកាសសម្រាប់កម្ពុជាទាក់ទាញវិនិយោគិនពីប្រទេសក្នុងតំបន់
ភ្នំពេញ ៖ វេទិកាបូអាវសម្រាប់អាស៊ី ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ ផ្តោតសំខាន់លើការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នា សំដៅលើពាណិជ្ជកម្មចិន-កម្ពុជា ក្នុងសម័យកាលថ្មី។ វេទិកានេះត្រូវបានចាត់ទុកថា នឹងផ្តល់ឳកាសធំធេងសម្រាប់កម្ពុជា ទាក់ទាញវិនិយោគិនកាន់តែច្រើនពីប្រទេសចិន និងជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់។
នៅក្នុងវេទិកាបូអាវសម្រាប់អាស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅនេះ នៅសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញ ភូគីត្រា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញជំនឿថាវេទិកាបូអាវសម្រាប់អាស៊ី និងគំនិតផ្តួចផ្តើមបើកចំហកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងក្លាយជាឱកាសថ្មីសម្រាប់ប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកដទៃទៀត ។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុងចំណោមប្រទេសទាំង២៩ ដែលបានព្រមព្រៀងបង្កើតវេទិកាបូអាវសម្រាប់អាស៊ី កម្ពុជាគឺជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង «ផ្លូវ១ ខ្សែក្រវ៉ាត់១» និងមានកំណើនសេដ្ឋកិច្ចរឹងមាំ នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅអាស៊ី ។ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់តំណាងវិស័យឯកជនកម្ពុជា និងសហគ្រាស-ក្រុមហ៊ុនប្រទេសចិន ក៏ដូចជាបណ្តាប្រទេសសមាជិកនៃវេទិកាបូអាវ ប្រើប្រាស់ឱកាសដើម្បីបន្តវប្បធម៌សន្ទនា និងចែករំលែក ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៅក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក។
គួរបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ មិនស្វែងរកប្រាក់ចំណេញ ដែលមានកាលបរិច្ឆេទរៀបចំសន្និសីទច្បាស់លាស់ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ វេទិកានេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយ លោក Fidel V. Ramos (ហ្វីដែល វី រ៉ាម៉ូស ) អតីតប្រធានាធិបតីហ្វីលីពីន, លោក Bob Hawke ( បប់ ហាវក៍ ) អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងឯកឧត្តម Morihiro Hosokawa (ម៉ូរីហិរ៉ូ ហូសូកាវ៉ា ) អតីតនាយករដ្ឋមន្ត្រីជប៉ុន និងមានការគាំទ្រពី លោក ហ៊ូ ជីនតាវ អតីតប្រធានាធិបតីចិន ។ វេទិកានេះ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០១ ហើយបានផ្តល់ឱកាសដល់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច និងបញ្ញាវន្តក្នុងទ្វីបអាស៊ី និងទ្វីបដទៃទៀត ធ្វើការសន្ទនាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅសម្រេចបាននូវការអភិវឌ្ឍរួម តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងពិភពលោក ៕