ឧត្តរមានជ័យ ៖ ពលករមួយនាក់ក្នុងចំណោមខ្មែរមួយក្រុម ដែលចូលទៅដីថៃខុសច្បាប់ត្រូវបានយោធាថៃ ស្ថិតនៅក្នុងស្រុកកាប់ជើង ខេត្តសុរិនប្រទេថៃ ជាប់ព្រំប្រទល់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ចាប់ខ្លួនជាមួយវត្ថុតាងឈើក្រញូងមួយរទេះ។ ករណីនេះកើតឡើង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។
ពលរដ្ឋដែលត្រូវថៃចាប់ខ្លួនបាន មានឈ្មោះ រឿន សិលា ភេទប្រុសអាយុ ៣៥ឆ្នាំរស់នៅ ភូមិអូខ្លាឃុំ សង្កាត់អូស្មាច់ ក្រុងសំរោង បានបង្ហើបថា ពួកគេមានមេខ្យល់ចាំប្រមូលទិញឈើ ទើបចេះតែលួចចូលទៅកាប់ម្យ៉ាងមេខ្យល់គេជួយសម្រួលឲ្យឆ្លងដែនតាមច្រករបៀងព្រំដែនផង។
បើទោះបីជាឈ្មោះ រឿន សិលា មិនបាននិយាយដល់ឈ្មោះលោក ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២ ក្តី ក៏គេអាចយល់បានថា បើគ្មានការឃុបឃិតពីមេយោធាព្រំដែនទេ គឺគ្មាននរណាម្នាក់អាចឆ្លងកាត់ព្រំសិមាបានឡើយ។
សមត្ថកិច្ចកម្ពុជា បានអោយដឹងថា នៅតំបន់នេះមានឈ្មួញឈ្មោះ សាក់ និងឈ្មោះ ដុស ជាមេឈ្មួញឧក្រិដ្ឋកម្មឈើឆ្លងដែន និងកៀងគរឲ្យពលរដ្ឋស៊ីឈ្នួល ឬអូសទាញឲ្យលួចចូលទៅកាប់ឈើក្នុងទឹកដីថៃ ច្រើនឆ្នាំមកហើយ ចាប់ពីបង្គោលសិមាលេខ១៣ រហូតនៅក្នុងតំបន់ទិសទី៣ ទាំងមូលតែម្ដង។
ប្រភពដដែលបន្តថា បទល្មើសព្រៃឈើដែលកើតឡើងជាច្រើនឆ្នាំមកនេះ គឺដោយសារតែមានការឃុបឃិតគ្នាជាមួយកងកំលាំងឈរជើងតាមព្រំដែនខាងលើ ជាពិសេសនៅតំបន់វរៈការពារព្រំដែន៤០២ ដែលបច្ចុប្បន្នគ្រប់គ្រងដោយលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន ៤០២ របស់យោធភូមិភាគទី៤។
ជុំវិញករណីខាងលើនេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល បាននៅឡើទេ៕