ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១៖២០នាទី នៅតាមផ្លូវចូលទៅព្រំដែនប្រទសវៀតណាម មាត់ច្រក ទន្លេចាម ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានចាប់ឃាត់រថយន្តដឹកទំនិញចំរុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើងខ្លី ទំនើបចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ និងអាច បង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។
តាមការឆ្លើយសារភាពពីមា្ចស់បានឲ្យដឹងថា កាំភ្លើងទាំងនេះ ខ្លួនបានសាងពីរថយន្តមួយគ្រឿងផ្សេងទៀតនៅផ្សារអូរឡាំពិក រាជធានីភ្នំពេញ លាយឡំជាមួយទំនិញចំម្រុះ ដោយមិនបានដឹងថា ជាអាវុធទេ។ ម្ចាស់រថយន្តបានបន្ថែមថា ខ្លួនដឹកចេញទៅប្រទេសវៀតណាម តាមច្រកទន្លេចាម បានចំនួន៤ជើងហើយ ក៏ត្រូវសមត្ថកិច្ចគយចាប់ឃាត់តែម្តង។
តាមបទបញ្ជារបស់អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស និងមានការសម្របសម្រួលពីលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ ម្ចាស់ទំនិញ និងអ្នកបើកបរ ព្រមទាំងអាវុធខុសច្បាប់ទាំងនេះ បានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី៕