ភ្នំពេញ ៖ ខណៈដែលរដ្ឋាភិបាលស្នើសុំការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងពិធីបុណ្យអុំទូកខាងមុខនេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិមួយរូប បានអំពាវនាវទៅព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងស្ថាប័នតុលាការ ធ្វើការត្រួតពិនិត្យលើកលែងទោស និងទម្លាក់ការចោទឱ្យសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិផងដែរ។ នេះបើតាមហ្វេសប៊ុក របស់លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃទី២ ខែវិច្ឆិកា ។
លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា អ្នកជាប់ឃុំជាអតីតសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំងនោះមានដូចជា៖ លោក ចៅ វាសនា អតីតចៅសង្កាត់ប៉ោយប៉ែត បន្ទាយមានជ័យ,លោក បាន ភាពអតីតក្រុមប្រឹក្សា ស្រុកជីក្រែង ខេត្តសៀមរាប ,លោក អ៊ី ស្មាអ៊ែល បិនឧស្ម័ន ខេត្តត្បូងឃ្មុំ ,លោក ឌិន វុទ្ធី ខេត្តបន្ទាយមានជ័យ ,លោក សៀង សឿន មេឃុំសាមគ្គីខេត្តកំពង់ធំ ,លោក ទូច ម៉ារីន សមាជិកឃុំសាមគ្គី ខេតកំពង់ធំ , លោក លីម ប៊ុននី មេឃុំកៀនជ្រៃ ខេត្តកំពង់ចាម និងលោក អ៊ុក ចេត្តនី ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា ជាទូទៅ នៅអំឡុងនៃពិធីបុណ្យជាតិធំៗ រាជរដ្ឋាភិបាលកម្ពុជាតែងតែស្នើសុំឲ្យត្រួតពិនិត្យលើការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតមួយចំនួន ដូចជានៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងបុណ្យអុំទូកខាងមុខនេះ មានទណ្ឌិតប្រមាណជាង៥០០នាក់ ត្រូវបានលើកលែង និងបន្ធូរបន្ថយទោស៕