កម្ពុជា និងអូស្ដ្រាលីបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្ដិការរួមផ្នែកយោធាក្នុងផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំដែលចុះហត្ថលេខាដោយ មន្ដ្រីយោធាជាន់ខ្ពស់ពីកម្ពុជា និងអូស្ដ្រាលី។
នាយឧត្ដម សេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជានិយាយថា កម្ពុជា និងអូស្ដ្រាលីនឹងបន្ដធ្វើការរួមគ្នាដើម្បីបង្កើនសមត្ថភាពជំនាញ របស់មន្ដ្រីការពារជាតិខ្មែរក្នុងការធានាការពារដល់សន្ដិសុខដែន ទឹក និងប្រយុទ្ធប្រឆាំងបញ្ហាភេរវកម្ម។
នៅក្នុងជំនួបជាមួយនឹង លោក Scott Dewar ឧបការីទី១ផ្នែកគោលនយោបាយអន្ដរជាតិពីក្រសួងការពារជាតិអូស្ដ្រាលី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអូស្ដ្រាលីនឹងទៅដល់កម្ពុជា នៅខែមិថុនាឆ្នាំ២០១៥ខាងមុខនេះ។
ការចុះហត្ថលេខាលើការ ពង្រឹងទំនាក់ទំនងយោធារវាងកម្ពុជា និងអូស្ដ្រាលីបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរដ្ឋាភិបាលចិន បានផ្ដល់ជំនួយយោធាដល់កម្ពុជាកាលពីចុងសប្ដាហ៍ ដើម្បីជួយពង្រឹងដល់សមត្ថភាពកងទ័ពជើងគោកកម្ពុជា។
លោកស្រីឯក អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានផ្ដល់ជំនួយយោធានេះដល់លោក ទៀ បាញ់ រដ្ឋមន្ដ្រីការពារជាតិនៅសាលានាយទាហានកងទ័ពជើងគោកក្នុងខេត្ដ កំពង់ស្ពឺ ដែលក្នុងនោះរួមមានរថយន្ដគ្រប់ប្រភេទ៤៤គ្រឿង, ឧបករណ៍អេឡឺវ៉ាទ័រ២០គ្រឿង, រ៉ឺម៉កចង្ក្រាន៤គ្រឿង និងគ្រឿងបន្លាស់រថយន្ដជាច្រើនទៀត៕
លោក Scott Dewar (រូបទី៣) ពីក្រសួងការពារជាតិអូស្ដ្រាលីឈរក្បែរលោករដ្ឋលេខាធិការ ចាយ សាំងយុន (រូបទី៤)។ រូបថតពីក្រសួងការពារជាតិកម្ពុជា