កំពង់ស្ពឺ ៖ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងកម្លាំងចម្រុះស្រុកភ្នំស្រួច នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៨ បានឆ្មក់ចូលឆែកឆេរទីតាំងលក់សត្វព្រៃមួយកន្លែង ដែលមានម្ចាស់ទីតាំងឈ្មោះ ប្រាក់ សុភាស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញរកឃើញ អណ្តើកសកលរស់ ចំនួន២ក្បាល,កន្ធាយ អាស៊ីរស់ ចំនួន១៥ក្បាល , ពស់ថ្លាន់ប្រភេទតូចរស់ ចំនួន០១ក្បាល, អណ្តើកភ្នំរស់ ចំនួន១ក្បាល , អណ្តើកសោមញីរស់ ចំនួន០៣ក្បាល, សាច់ជ្រូកព្រៃស្រស់ ចំនួន១៦គីឡូក្រាម, សាច់ឈ្លូស ស្រស់ចំនួន៦,៥០គីឡូក្រាម, សំពោចក្រអូបងាប់ ចំនួន០៤ក្បាល និងក្រចកខ្លាឃ្មុំតូច ក្រៀម ចំនួន១៤គូ។
បច្ចុប្បន្នសត្វរស់ ត្រូវបានប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកទទួលខុសត្រូវថែទាំ និងធ្វើការដោះ លែងនៅព្រៃបឹងឲ្យមានសុវត្ថិភាព ចំណែកវត្ថុតាងសំណាកសត្វព្រៃ ក្រុមការងារនឹងធ្វើការ ដុតបំ ផ្លាញចោល តាមបញ្ជាលោកស្រីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ៕