ប៉ោយប៉ែត ៖ រថយន្តដឹកដីប្រភេទកង់១០ ពាក់ស្លាកលេខ ហ,ស. ( ហ៊ុន សែន ) ដែលគេដឹងថា ជាកម្មសិទ្ធិរបស់កងវិស្វកម្មជាច្រើនក្រឿង ត្រូវបានមេបញ្ជាការនគរបាលវរៈសេតូចការពារព្រំដែនគោក៩១១ ម្នាក់ឈ្មោះ សូ ចាន់ណារី យកទៅប្រើប្រាស់ដូចជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងការដឹកអាចម៍ដី លក់ពាសវាលពាសកាលពេញក្រុងប៉ោយប៉ែត បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។
មន្ត្រីមូលដ្ឋានមួយរូបសុំមិនប្រាប់ឈ្មោះ បានបញ្ជាក់ថា ប៉ុន្មានឆ្នាំនេះ គេឃើញរថយន្តធុនធ្ងន់ ប្រភេទកង់១០ របស់កងវិស្វកម្ម បានចេញដឹក អាចម៍ដឺលក់ប្រសេចប្រសាចយ៉ាងអនាធិបតេយ្យទូទាំងក្រុងប៉ោយប៉ែត ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ហាបរិស្ថាន សុខភាពប្រជាពលរដ្ឋ និងធ្វើឲ្យខូចខាតផ្លូវមួយចំនួនទៀតផង មិនតែប៉ុណ្ណោះក្រុមរថយន្តដែលពាក់ស្លាកលេខ ហ.ស. ( ហ៊ុន សែន ) របស់លោក សូ ចាន់ណារី បានបង្កជាទំនាស់ជាមួយក្រុមហ៊ុនជីកដឺលក់ស្របច្បាប់ផងដែរ។ ប្រភពនេះ បន្តថា ទំនាស់រវាង ឈ្មោះ សូ ចាន់នារី នឹងក្រុមហ៊ុនឯកជនជីកដីលក់ស្របច្បាប់ គឺដោយសារឈ្មោះ សូ ចាន់ណារី បានប្រើប្រាស់ឥទ្ធិពលជារថយន្តរបស់កងវិស្វិកម្ម និងពាក់ស្លាកលេខ ហ.ស. ( ហ៊ុន សែន ) ហើយលក់អាចម៍ដីក្នុងតម្លៃថោក កាច់កុងផ្តួលរំលំក្រុមហ៊ុនឯកជននៅក្នុងក្រុងប៉ោយប៉ែត។
ប្រភពនេះ បន្តថា រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ហ៊ានចេញមុខប្រតិកម្មក្នុងរឿងនេះទេ ព្រោះគេដឹងថា ជាទង្វើរបស់ឈ្មោះ សូ ចាន់ណារី បញ្ជាការនគបាលវរៈការពារព្រំដែនគោកលេខ៩១១ ប្រចាំខេត្តបន្ទាយមានជ័យ។
លោក សូ ចាន់ណារី បានពន្យល់តាមរយៈទូរស័ព្ទនាពេលថ្មីៗនេះ ដោយទទួលស្គាល់ថា រថយន្ត ខាងលើនេះ ពិតជាបានដឹកអាចម៍ដីលក់ក្នុងលក្ខណៈឯកជនអញ្ចឹងមែន។ លោកថា « ព្រោះតែកុងរថយន្តគាត់ សល់ពេល គាត់ឆ្លៀតដឹកលក់ខ្លះៗគ្រាន់រួចថ្លៃបាយ ប៉ុណ្ណោះ»។ លោក សូ ចាន់ណារី បានប្រាប់ថា ចាំលោកប្រាប់នាយឧត្តមសេនីយ៍ ខេង សុមេធ ឲ្យពន្យល់បន្ថែម តែចាប់ពីពេលនោះមក ការិយាល័យនិពន្ធ មេគង្គប៉ុស្តិ៍ មិនបានទទួលព័ត៌មានពីលោក ខេង សុសេធ នោះទេ។
គួរបញ្ជាក់ថា រថយន្តដែលពាក់ស្លាកលេខ ហ ស ខាងលើ កំពុងបន្តដឹកជញ្ជូនអាចម៍ដីពីទីតាំងភូមិសិលាខ្មែរ ក្នុងសង្កាត់ផ្សារកណ្ដាល យ៉ាងសកម្ម យកទៅចាក់លុបស្រះចំនួន៣ នៅចំណុចជាប់ផ្លូវជាតិលេខ៥៨ ក្នុងសង្កាត់ផ្សារកណ្ដាល បង្កផលប៉ះពាល់ដល់បរិស្ថាន និងអ្នកធ្វើដំណើរយ៉ាងខ្លាំង ដែលទីនោះ មិនស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ត្រូវរថយន្តរបស់កងវិស្វកម្មដឹកដីយកទៅចាក់លុបនោះឡើយ គឺចាក់ដីលុបស្រះជាកម្មសិទ្ធិឯកជនសុទ្ធសាធ៕