កោះកុង ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៧ ខែធ្នូ នេះ បានជូនដំណឹងថា រថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ នឹងត្រូវធ្វើការផ្អាកការដឹកជញ្ជូនចេញ-ចូល ឆ្លងកាត់ក្រុង និងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីចូលរួមការពារសណ្ដាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងដើម្បីជៀសវាងការកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យសមុទ្រ និងលើកកម្ពស់សោភណ្ឌភាពក្នុងខេត្ត។
សូមជម្រាបថា រដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន។
រដ្ឋបាលខេត្តកោះកុង បន្តថា រថយន្តដែលមានចំណុះទម្ងន់ចាប់ពី ៥តោនឡើងទៅ ត្រូវបញ្ឈប់ការធ្វើចរាចរណ៍ ចាប់ពីថ្ងៃទី១៣ ដល់ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ជាពិសេសថ្ងៃទី១៥ធ្នូ ចាប់ពីម៉ោង ៣រសៀលតទៅ៕