ប៉ោយប៉ែត ៖ ធ្យូងខ្មែររាប់តោនក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្នួញ និងមន្ត្រីមួយចំនួនឃុបឃិតគ្នាបើកឲ្យដឹកជញ្ជូនចេញតាមច្រកតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ទៅលក់ឲ្យឈ្នួញថៃយ៉ាងអនាធិបតេយ្យ។ ការឃុបឃិតគ្នា នេះ ពាក់ព័ន្ធនឹងមន្ត្រីយោធាពីរបីនាក់ដែលមានអង្គភាពប្រចាំការនៅទីនោះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលសាធារណៈមូលដ្ឋានមួយរូបដែលសុំមិនបញ្ចេញឈ្មោះ។
ប្រភពព័ត៌មាន បានអះអាងថា ធ្យូងខ្មែររាប់សិបតោនក្នុងមួយថ្ងៃៗ ត្រូវបានគេដឹកចេញអូសសណ្តោងដោយត្រាក់ទ័រ រួមនិងរថយន្តធុនធំរបស់ថៃ ចេញតាមច្រកតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយសេរីដែលមួយចំនួនមិនត្រូវបានគេចុះបញ្ជីចំណូលពន្ធនោះឡើួយ ហើយមន្ត្រី និងសមត្ថកិច្ចនៅមាត់ច្រកមួយនេះ បិទភ្នែកធ្វើមិនដឹង មិនឃើញ ដោយសារមានការបង់ប្រាក់ក្រៅច្បាប់ឲ្យគ្រប់ជំនាញទើបចេញរួច។
ប្រភពបន្តទៀតថា ឈ្មួញរកស៊ីធ្យូងជាមួយឈ្មួញថៃ ឬជាអ្នករត់ការនៅក្នុងស្រុកថ្មពួក ភាគច្រើនជាមន្ត្រីសមត្ថកិច្ច ក្នុងនោះក៏មានលោក ជេត សោម មន្ត្រីអាវុធហត្ថ លោក ដេត ជាមន្ត្រីនគរបាល លោក បារាំងតូច ជាទាហាន និងយាយ ស៊ីនួន ដែលគេដឹងថា ជាមន្ត្រីក្នុងក្រសួងមួយនៅភ្នំពេញ ផងដែរ។
មន្ត្រីមួយចំនួននៅស្រុកថ្មពួក បានលើកឡើងថា លោកខ្មាស់អៀនណាស់ចំពោះការរិះគន់របស់អ្នកស្រុកនៅតាមតុកាហ្វេ ដែលអ្នកខ្លះតិះដៀលធ្ងន់ៗថា មន្ត្រី និងសមត្ថកិច្ចនៅច្រកតំបន់បឹងត្រកួន មិនទប់ស្កាត់ការចេញធ្យូងពីកម្ពុជាទេព្រោះជាឆ្នាំងបាយរបស់ពួកគេ ហើយថា បើបណ្តោយបែបហ្នឹង មុននិងក្រោយ គឺរលាយអស់ហើយព្រៃឈើក្នុងស្រុកខ្មែរ។ ខ្លះទៀតថា នៅច្រកបឹងត្រកួននេះ មានមន្ត្រីពីរ បីនាក់ គឺជាដើមចមដែលនាំឲ្យមានការនាំចេញធ្យូងយ៉ាងអនាធិបតេយ្យបែបនេះ បើគ្មានអ្នកកាងទាំងនោះទេ ក៏គ្មានអ្នកណាហ៊ានទៅកាប់បំផ្លាញព្រៃឈើយកទៅដុតធ្វើធ្យូងលក់ឆ្លងដែនបានដែរ។
ប្រភពដដែលបន្តថា ការដឹកជញ្ជូនធ្យូងឆ្លងដែនក៏ដូចគ្នាដែរ ដឹកឆ្លងច្រកទ្វារបឹងត្រកួន រាប់តោនក្នុងមួយថ្ងៃៗ ទាំងឡានៗមិនមែនជារឿងអាថ៌កំបាំងឯណាចុះហេតុអីនៅតែមិនអាចទប់ស្កាត់បាន ឬជាចេតនាមិនចង់ទប់ស្កាត់ដើម្បីផលប្រយោជន៍អ្វីមួយ ? ។
ក្រៅពីច្រកតំបន់បឹងត្រកួន ធ្យូងខ្មែរ ក៌ត្រូវបាននាំចេញតាមច្រករបៀងមួយចំនួនទៀតផងដែរនៅក្នុងស្រុកថ្មពួកនេះ ជាពិសេសច្រកប្រាសាទត្បែងផងដែរ។
ជុំវិញប្រភពព័ត៌មានខាងលើ លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់បឹងត្រកួន មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទលោកចុចចូលដែរ តែមិនដែលលើកទទួល។ ចំណែកលោក សោម និងលោក ដេត មិនអាចទាក់ទង សុំការពន្យល់បានទេ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ កន្លងមកនេះ ។
បញ្ហានេះលោកប្រធានមន្ទីរបរិស្ថាន និងមេព្រៃខេត្តបន្ទាយមានជ័យ មិនគួរសំងំស្ងៀមតទៅទៀតឡើយ ល្មមចុះបង្ក្រាប ឬទប់ស្កាត់ផង ពុំដូច្នោះទេព្រៃឈើនឹងរលាយហិនហោចអស់ជាមិនខាននៅពេលខាងមុខ ហើយសត្វព្រៃអាចនឹងរត់ទៅប្រទេសគេអស់ព្រោះតែគ្មានទីជម្រក៕