ភ្នំពេញ ៖ គិតត្រឹមចុងឆ្នាំ២០១៨នេះ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធា រណរដ្ឋ ប្រជាមានិតចិនផ្តល់ឲ្យកម្ពុជាមានចំនួនសរុបប្រមាណ ៥.៨០០ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤.៤០០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុង ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ ១.៤០០ លាន ដុល្លារ អាមេរិក។
នេះបើតាមការឲ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសេចក្តីប្រកាស ព័ត៍មាន មួយជុំវិញការចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Deng Boqing អនុប្រធាន ទីភ្នាក់ងារ ចិន សម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀល ថ្ងៃទី១៣ធ្នូ។
ចំពោះការចុះហត្ថលេខានាពេលនេះ គឺជាការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ចំនួនពីរគឺ៖ ១.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវហិរញ្ញប្បទាន ឥតសំណងចំនួន ១.២០០ លានយ័ន (ប្រាក់ចិន)។ ថវិកាហិរញ្ញប្បទានឥតសំណងនេះនឹងត្រូវប្រើ ប្រាស់សម្រាប់អនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជន និងគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធ សំខាន់ៗ។ ២.កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់ គម្រោង អភិវឌ្ឍន៍អាងទឹករក្សាក្នុងខេត្តព្រះវិហារ ទឹកប្រាក់ឥណទានមានចំនួន ៦២២ លាន យ័នចិន។
ភាគីទាំងពីរ កម្ពុជា-ចិន បានហៅការចុះហត្ថលេខានាពេលនេះថា ជាការសបញ្ជាក់ ឲ្យឃើញនូវ កិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃ ប្រទេសទាំងពីរ កម្ពុជា-ចិន និងដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងការជម្រុញធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និង កំណើនជីវភាពរបស់ ប្រជា ជននៃប្រទេសទាំងពីរ៕