ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយដៃគូក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក យិន ឃុនផយ មានប្រសាសន៍ថា អង្គការជាដៃគូមានសារសំខាន់ខ្លាំងណាស់ ក្នុង ការរួមចំណែកក្នុងការងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា។
លោក យិន ឃុនផយ បានលើកឡើងថា អ្វីដែលយើងបានឯកភាពគ្នាកន្លងមករវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបណ្តាអង្គការជាដៃគូ គឺយើងបានអនុវត្ត បានមួយចំនួនធំហើយ នៅមួយចំនួនទៀតដែលត្រូវបន្តអនុវត្តឲ្យទទួលបានជោគជ័យនៅក្នុង ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការដោះស្រាយគ្រោះមហន្តរាយដែលបានកើតមាន ឡើង។ លោកអគ្គលេខាធិការថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបាន បង្កើតឲ្យមានឡើងដើម្បីធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការដឹកនាំ គ្រប់គ្រង និង សម្របសម្រួលបញ្ហាគ្រោះមហន្តរាយនៅកម្ពុជា ហើយថាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិ ការកាត់បន្ថយហានិភ័យត្រូវបានពង្រីកយ៉ាងទូលំទូលាយ ដោយមានស្ថាប័នជាច្រើនបាន បញ្ចូលការងារនេះទៅក្នុងផែនការកម្មវិធីរបស់ខ្លួនថែមទៀតផង។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះមហន្ត រាយកាលពីឆ្នាំ២០១១ បានធ្វើឲ្យកម្ពុជាខាតបង់សរុបប្រមាណ ៤៥០លានដុល្លារអាមេរិក,ឆ្នាំ ២០១៣ ប្រមាណ ៣៥៦លានដុល្លារអាមេរិក,ឆ្នាំ២០១៤ ប្រមាណ ១៣២លានដុល្លារអាមេរិក។ រីឯសម្រាប់ឆ្នាំ២០១៨នេះ កម្ពុជាបានទទួលរងគ្រោះជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ផងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ១៣ម៉ឺនគ្រួសារ ផ្ទះសម្បែងពលរដ្ឋជិត ៨ម៉ឺនខ្នង ខូចខាត ស្រូវជាង ៥៤ពាន់ហិកតា និងបានសម្លាប់ជីវិតមនុស្សអស់ ៦៣នាក់ថែមទៀតផង។
តែទោះជាយ៉ាងនេះក៏ដោយ ក៏គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅពុំទាន់បានបង្ហាញពី តម្លៃនៃការខូចខាតសរុបជាទឹកប្រាក់ថាមានប៉ុន្មានសម្រាប់ឆ្នាំ២០១៨នេះនៅឡើយទេ៕