ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តា ល វិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែឧសភា នេះ បាន ចេញសេចក្តីប្រកាសមួយ ដើម្បីឆ្លើយតបចំពោះប្រតិកម្មនានាពីក្រុមសហជីពខណៈដែលច្បាប់ស្តីពីសហជីពត្រៀមនឹងបញ្ជូនទៅគណរដ្ឋមន្ត្រី និងរដ្ឋសភាជាតិដើម្បីអនុម័ត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការរៀបចំតាក់តែងច្បាប់ស្តីពីសហជីពកាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញនេះ បន្ទាប់ពីមានប្រតិកម្មដោយក្រុមសហជីពដែលរិះគន់ថា ច្បាប់នេះអាចនឹងកែប្រែចំណុចខ្លះដើម្បីរឹតត្បិតសកម្មភាពសហជីពដែលជាអង្គការជួយការពារសិទ្ធិ និងផលប្រយោជន៍កម្មករ។
សេចក្តីប្រកាសក៏បានលើកឡើងថា ការតាក់តែងច្បាប់សហជីពក្នុងរយៈពេល៧ឆ្នាំមកនេះ នឹងជិតដល់ពេលដែលត្រូវដាក់ឲ្យគណៈរដ្ឋមន្ត្រីត្រួតពិនិត្យ រួមទាំងបញ្ជូនទៅរដ្ឋសភា ដើម្បីអនុម័តហើយ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាពេលនេះ មានសហជីពប្រមាណជិត៤០០០ ហើយកន្លងមក ច្បាប់នេះបានអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជជែកពិភាក្សាជាច្រើនលើកច្រើនសាទៀតផង។
គួរជម្រាបថា ច្បាប់ស្តីពីសហជីពនេះ គឺបានធ្វើឡើងដោយមានការសហការជាមួយនឹងអង្គការអន្តរជាតិខាងការងារ ILO និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈចំនួន ០៧លើករួចមកហើយ បំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូន កម្មករ ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និងនិយោជក ជំរុញឲ្យមានទំនាក់ទំនងល្អរវាងនិយោជក សហជីព និងកម្មករ។ ក្រៅពីនេះ ក៏មានចំណែកចូលរួមលើកកំពស់ផលិតភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់និយោជិតផងដែរ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការងសមាគមន៍រោងចក្រកាត់ដេរកម្ពុជា(GMAC) បានបញ្ជាក់ថា ការបង្កើតច្បាប់នេះឡើងប្រយោជន៍ការពារទាំងអ្នកវិនិយោគ និងកម្មករ ហើយច្បាប់នេះក៏អាចបញ្ឈប់រាល់ជនខិលខូចដែលលួចជ្រកក្រោមស្លាកសហជីពផងដែរ៕
កម្មករប្រមូលផ្តុំគ្នា អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១២៩ នៃទិវាពលកម្ម
អន្តរជាតិ ១ឧសភាឆ្នាំ២០១៥នេះ។(រូបៈRFI)