ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំបាវនាវដល់ពលរដ្ឋឈប់ប្រើប្រាស់ជាបន្ទាន់ នូវផលិតផលឱសថ និងគ្រឿងសម្អាងជាង២០មុខ ដែលគ្មានការអនុញ្ញាត និងបង្គាប់ឲ្យម្ចាស់ហ្វេសប៊ុកនេះ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយលក់។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែមករា ក្រសួងសុខាភិបាល បានហាមឃាត់ផលិតផលជាង២០មុខ ដូចជាថ្នាំជំនួយសុខភាព គ្រឿងសម្អាង ថ្នាំធ្វើឲ្យស្បែកស និងថ្នាំពង្រីកដើមទ្រូង ជាដើម ដែលគ្មានការចុះបញ្ជិកាប្រតិវេទន៍ គ្មានការពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតដែលកំពុងចែកចាយដោយគណនីហ្វេសបុកឈ្មោះ Family Doctor Cambodia។
គួរជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលក្រសួងបានហាមប្រាមបែបនេះ ហើយបើគិតពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងហាមប្រាមស្រដៀងគ្នានេះចំនួន៦ ទៅលើហ្វេសប៊ុកលកើគ្រឿងសម្អាង ថ្នាំសម្រករាង ថ្នាំប៉ូវកម្លាំង និងជំនួយសុខភាពផ្លូវភេទបុរស មិនតិចជាង ៥០ មុខនោះទេ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងសុខាភិបាលបានត្រួតពិនិត្យ និងតម្រូវឲ្យឱសថស្ថានទាំងអស់មកចុះបញ្ជី និងសុំលិខិតអនុញ្ញាតពីក្រសួងរួចរាល់អស់ហើយ តែអ្វីដែលជាបញ្ហាថ្មីនោះ គឺមាននិន្នាការនៃការលក់តាមអនឡាញ ដោយមិនបង្ហាញទីតាំងជាក់លាក់យ៉ាងផុសផុល ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់៕